ភ្នំពេញ ៖ បុរសម្នាក់ធ្លាប់បានភ្ជាប់ពាក្យជាមួយនឹងនារីម្នាក់ តែក្រោយមក ដោយសារតែមានរឿងរកាំរកូសមិនឈប់ ក៏ផ្តាច់ពាក្យគ្នាវិញ លុះឃើញអតីតគូដណ្តឹង មានប្រុសស្នេហ៍ថ្មីចូលស្តី ក៏ខឹងសម្បាចេះតែដើរទៅធាក់ទ្វារបន្ទប់គូដណ្តឹងចាស់ ៣យប់ជាប់គ្នា រហូតដល់ខាងស្រី ខឹងចេញមកសួរនាំ ស្រាប់តែខាងប្រុសចាប់ឱបថើប ធ្វើឱ្យបុរសជាគូដណ្តឹងថ្មី ចាប់ក្របួចជាប់នាំទៅប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ករណីបុរសជើងល្អ ចាប់ឱបថើបអតីតគូដណ្តឹងស្រី រហូតត្រូវបុរសជាគូដណ្តឹងថ្មីចាប់ក្របួចជាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលសង់ថ្មី ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះតាំង សុភិន អាយុ ៣១ឆ្នាំ មុខរបរបុគ្គលិកធានាគារបាងកក ស្នាក់នៅបន្ទប់ជួល ក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះស៊ុន ចាន់រឿន អាយុ២៥ឆ្នាំ មុខរបរជាងដេរខោអាវ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមកជនសង្ស័យ និងនារីរងគ្រោះធ្លាប់ស្រលាញ់គ្នា រហូតដល់ភ្ជាប់ពាក្យក្លាយជាគូដណ្តឹងនឹងគ្នាទៀតផង តែក្រោយមក ជនសង្ស័យនិងជនរងគ្រោះបានផ្តាច់ពាក្យវិញ ហើយខាងស្រីក៏មានគូដណ្តឹងក្រោយម្នាក់ទៀត ឈ្មោះអ៊ុក សុគាន់។ លុះដល់យប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ខណៈដែលជនរងគ្រោះនិងគូដណ្តឹងក្រោយឈ្មោះ អ៊ុក សុគាន់ កំពុងនៅក្នុងបន្ទប់ជួលជាមួយគ្នា ស្រាប់តែជនសង្ស័យ ទំនងជាមានចិត្តប្រចណ្ឌ ក៏បានដើរមកជិតបន្ទប់ ជួលរបស់នារីរងគ្រោះ រួចក៏យកជើងធាក់ទ្វារ បន្ទប់របស់ជនរងគ្រោះរួចដើរចេញទៅបាត់។ លុះដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ វេលាទៀបភ្លឺ ជនសង្ស័យបានធាក់ទ្វារបន្ទប់របស់ជនរងគ្រោះលើកទី២។ បន្ទាប់មក នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យបានមកធាក់ទ្វារបន្ទប់របស់ជនរងគ្រោះជាលើកទី៣។ ភ្លាមនោះ នារីរងគ្រោះខឹងក៏ងើបបើកទ្វារបន្ទប់មើល ស្រាប់តែជនសង្ស័យប្រើដៃរបស់ខ្លួនចាប់ឱបថើបថ្ពាល់របស់នារីរងគ្រោះ ធ្វើឱ្យគូដណ្តឹងថ្មីរបស់នារីរងគ្រោះ បានឃើញក៏ស្ទុះមកចាប់បំបែកចេញ រួចក៏មានការប្រតាយប្រតប់គ្នា ហើយនារីរងគ្រោះ និងគូដណ្តឹង បានចាប់ឃាត់ខ្លួនជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល អូរបែកក្អម យកទៅធ្វើការសាកសួរ និងនារីរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវប៉ូលិសឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕