Sunday, October 19, 2025
Homeព័ត៌មានជាតិប្រធានកាកបាទក្រហមកម្ពុជា រៀបចំពិធីរាប់បាត្រព្រះសង្ឃ៨៣អង្គ ថ្វាយព្រះរាជកុសលក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចម៉ែ

ប្រធានកាកបាទក្រហមកម្ពុជា រៀបចំពិធីរាប់បាត្រព្រះសង្ឃ៨៣អង្គ ថ្វាយព្រះរាជកុសលក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចម៉ែ

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំមន្ត្រី បុគ្គលិកយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងសប្បុរសជន ដៃគូសហប្រតិបត្តិការជាច្រើននាក់ បានរៀបចំពិធីចម្រើនព្រះបរិត្ត នមស្ការព្រះរតនត្រ័យ សមាទានសីល និងរាប់បាត្រព្រះសង្ឃចំនួន៨៣អង្គ ដើម្បីថ្វាយព្រះរាជកុសល ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ខួប៨២ យាងចូល៨៣ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៨។

ពិធីចម្រើនព្រះបរិត្ត នមស្ការព្រះរតនត្រ័យ សមាទានសីល និងរាប់បាត្រព្រះសង្ឃ៨៣អង្គ ថ្វាយព្រះរាជកុសលក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ ត្រូវបានរៀបចំធ្វើឡើងនៅកាកបាទក្រហមកម្ពុជា នៅព្រឹក ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៨។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានព្រះពរជ័យ សិរីមង្គល វិបុលសុខ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រ ជាកូនចៅ ចៅទួត របស់ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងរៀងដរាបតទៅ៕

RELATED ARTICLES