ភ្នំពេញ ៖ លោកច័ន្ទរិទ្ធ មេធានី អតីតតារាភាពយន្តដែលធ្លាប់មានឈ្មោះបោះសំឡេង កាលពីជំនាន់ទសវត្សឆ្នាំ1990 នោះ បានបាត់មុខសូន្យឈឹងពីពិភពសិល្បៈ និងមានលើកឡើងតៗគ្នាថា តារារូបនេះបានចេញទៅសម្ងំរស់នៅសោយសុខឯក្រៅប្រទេសបាត់ទៅហើយ ដឹងអី! អតីតតួឯកកុនម្នាក់នេះ កំពុងដូរអាជីពមកចាប់របររត់ម៉ូតូកង់បី រកកម្រៃផ្គត់ផ្គង់ជីវភាព ដោយរួមរស់ជាមួយភរិយានិងកូន យ៉ាងសាមញ្ញ លែងខ្វល់ខ្វាយនឹងសិល្បៈដូចមុន។
លោកច័ន្ទរិទ្ធ មេធានី សព្វថ្ងៃនេះ មានអាយុ56ឆ្នាំទៅហើយ និងប្រកបរបររត់ម៉ូតូកង់3 រួមរស់ជុំប្រពន្ធកូន នៅក្នុងភូមិទួលតាខូយ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
បន្ទាប់ពីបានជួបជាមួយអ្នកយកព័ត៌មាន “នគរធំ” ដោយចៃដន្យ ខណៈដែលលោកកំពុងចតម៉ូតូកង់បី រង់ចាំដឹកម៉ូយនោះ លោកច័ន្ទរិទ្ធ មេធានី បានរៀបរាប់ថា លោកមានស្រុកកំណើតនៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ មានឪពុកឈ្មោះច័ន្ទ សំ ម្តាយឈ្មោះចិន សុំ។ លោកមានបងប្អូនបង្កើត 9នាក់ឯណោះ ប៉ុន្តែបានស្លាប់ក្នុងរបបប៉ុល ពត ជិតអស់នៅរស់តែរូបលោកម្នាក់ និងប្អូនប្រុសម្នាក់ទៀតប៉ុណ្ណោះ។ លោកបានចូលប្រឡងក្នុងសិល្បៈ ក្នុងឆ្នាំ1995 តាមរយៈមិត្តភក្តិឈ្មោះខៃ ប្រសិទ្ធ ដោយគេមកហៅលោកទៅថតចម្រៀងកាយវិការ ខារ៉ាអូខេ ជាលើកដំបូង លុះឃើញថា រូបរាង មុខមាត់លោកស៊ីកាមេរ៉ា ក៏មានផលិតកម្មនានា ទាក់ទងហៅថតភាពយន្តជាបន្តបន្ទាប់ រហូតល្បីឈ្មោះ។
អតីតតារាភាពយន្តរូបនេះ បានបន្តថា កាលនៅកំលោះ រូបលោកធ្លាប់សម្តែងតួឯកបានច្រើនរឿងដែរ លុះចូលវ័យកណ្តាល បានត្រឹមតែដើរតួឪពុកប៉ុណ្ណោះ និងជួនកាលដើរតួស្តេច សម្រាប់រឿងបុរាណ។ ភាគច្រើនលោកដើរជាតួកម្សត់ព្រាត់ស្នេហ៍ ត្រូវគេធ្វើទុក្ខបុកម្នេញ តាំងពីដើមដល់ចប់ នាំឱ្យទស្សនិកជនអណ្តែតអណ្តូង អាណិតតួអង្គសឹងស្រក់ទឹកភ្នែកក៏មាន ហើយស្នាដៃភាពយន្ត ដែលលោកសម្តែងល្បីបំផុត គឺនៅក្នុងអំឡុងឆ្នាំ1996-1997។
លោកច័ន្ទរិទ្ធ មេធានី បានបន្តទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រូបលោកបានដកថយពីសិល្បៈ ធ្វើឱ្យទស្សនិជនដែលធ្លាប់ស្គាល់លោក ទន្ទឹងមើលផ្លូវ និងនឹកស្មានថា ប្រហែលជាលោកបានចាកចេញទៅសម្ងំរស់នៅឯក្រៅប្រទេស ដូចជាអាមេរិក អូស្ត្រាលី ដូចតារាមួយចំនួនទៅហើយ តែតាមពិត លោកនៅតែក្នុងស្រុកខ្មែរហ្នឹង អត់ទៅណាឆ្ងាយទេ ដោយប្តូរអាជីពមកចាប់មុខរបររត់ម៉ូតូកង់3 ដើម្បីរកប្រាក់កម្រៃចិញ្ចឹមគ្រួសារវិញ។
គួរបញ្ជាក់ថា នៅក្នុងសិល្បៈភាពយន្ត ឬល្ខោន មានជំងឺ3យ៉ាង ដែលនាំឱ្យធ្លាក់ចុះគុណភាពសម្តែង គឺទី1-ជំងឺតួឯក (ចង់តែដើរតួឯក បើឱ្យដើរតួរង មិនព្រម) ទី2-ជំងឺសីលធម៌ (តួឯកមើលងាយតួបន្ទាប់បន្សំថា មិនល្អដល់ខ្លួន) និងទី3-ជំងឺចែកលាភមិនស្មើ (ជួនកាលថៅកែផលិតកម្ម ជំពាក់លុយតួ)។ ជំងឺទាំង3នេះ បើកើតឡើងក្នុងផលិតកម្មភាពយន្ត ឬវង់ល្ខោនណាមួយ ច្បាស់ជាធ្វើឱ្យផលិតកម្ម ឬវង់ល្ខោន នោះ បែកវង់ ក្ស័យធន បាត់បង់ការគាំទ្រមិនខាន។ ហេតុនេះដើម្បីលើកស្ទួយវិស័យសិល្បៈភាពយន្តឱ្យដើរទាន់ប្រទេសជិតខាង និងក្នុងតំបន់ លុះត្រាតែចាងហ្វាងផលិតកម្ម ឬថៅកែល្ខោន មានចិត្តសាស្ត្រខ្ពស់ណាស់ ក្នុងការដឹកនាំតួសម្តែងកុំឱ្យទាស់អធ្យាស្រ័យគ្នា និងចិត្តទូលាយផ្សំផង ទើបការផលិត ឬការសម្តែងមានគុណភាពល្អ ទទួលបានការគាំទ្រពីទស្សនិកជន៕