ខេត្តកំពង់ធំ ៖ បុរសម្នាក់បានចេញមកធ្វើផ្ទះឱ្យគេជាមួយនឹងឪពុកក្មេក លុះធ្វើការបានតែ២-៣ថ្ងៃ ស្រាប់តែបុរសជាកូនប្រសារបានបាត់ខ្លួនសូន្យឈឹង មិនដឹងដើរទៅណា ធ្វើឱ្យបុរសជាឪពុកក្មេកខំដើរតាមស្វែងរកសព្វកន្លែង នៅតែមិនឃើញ ទីបំផុត ជា១០ថ្ងៃក្រោយមក ក៏ត្រូវមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ ចេញល្បាតប្រទះឃើញដេកស្លាប់ផ្កាប់មុខក្នុងចម្ការគ្រញូង ទាំងសភាពស្អុយរលួយសាច់ អស់សល់តែគ្រោងឆ្អឹងប៉ុណ្ណោះ ។
ករណីប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ផ្កាប់មុខ ស្អុយរលួយសល់តែគ្រោងឆ្អឹងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចចម្ការគ្រញូង តំបន់អូរបឹងរូងកណ្តាល ក្នុងភូមិសាស្ត្រភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក។
សាកសពជនរងគ្រោះខាងលើ មានឈ្មោះសៀន ណៃ អាយុ៣៦ឆ្នាំ មុខរបរជាងធ្វើផ្ទះ មានលំនៅភូមិបាក់ស្នាលើ ឃុំបាក់ស្នា ស្រុកបារាយណ៍ តែបានចេញមកដើរធ្វើផ្ទះឱ្យគេជាមួយនឹងឪពុកក្មេក នៅតំបន់អូរបឹងរូងកណ្តាល ក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយទទួលបានព័ត៌មានខាងលើនេះភ្លាម លោកចាន់ ពៅ ជានាយរងប៉ុស្តិ៍ឃុំក្រយា និងកំលាំងសន្តិសុខ ប្រជាការពារ សហការជាមួយសមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសាកសព រួចបញ្ជាក់ថា សាកសពមានសភាពស្អុយរលួយអស់សាច់ មើលឃើញគ្រោងឆ្អឹង និងដេកស្លាប់ផ្កាប់មុខ ពាក់អាវដៃវែងពណ៌ឈាមជ្រូក ស្លៀកខោជើងវែងពណ៌ខៀវ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះស្លាប់ដោយការហេវហត់ អត់បាយអត់ទឹក អស់កំលាំង បណ្តាលឱ្យកើតខ្យល់ដួលផ្កាប់មុខស្លាប់តែម្តង។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)