ភ្នំពេញ ៖ បុរសជាអង្គរក្សម្នាក់ រួមនឹងមិត្តភក្តិ២នាក់ទៀត បាននាំគ្នាចូលទៅផឹកស៊ីក្នុងហាងមួយកន្លែងនៅកោះពេជ្រ ស្រាប់តែប្រទះឃើញគូទំនាស់ចាស់ ក៏ដើរទៅដាល់ចំនួន៤ដៃចូលផ្ទៃមុខ បង្កការភ្ញាក់ផ្អើលដល់សន្តិសុខយាមនៅកោះពេជ្រ ចុះមកជួយឃាត់និងនាំខ្លួនអង្គរក្ស ជើងខ្លាំងរូបនោះទៅប៉ុស្តិ៍ភ្លាមៗ កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចហាងផឹកស៊ីមួយកន្លែង ក្នុងបរិវេណកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនរងគ្រោះដែលនៅសុខៗ ត្រូវគេដាល់៤ដៃចូលផ្ទៃមុខ មានឈ្មោះអ៊ិត ស៊ាងយី អាយុ៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទ។ ចំណែកជនបង្កហេតុ មានឈ្មោះនីម សុផានិត អាយុ៣០ឆ្នាំ មុខរបរអង្គរក្ស BHQ។
តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់បាននាំប្រពន្ធចូលមកញាំអីជាមួយមិត្តភក្តិ៤នាក់ទៀត ក្នុងហាងអាហារមួយនៅកោះពេជ្រ ខណៈពេលកំពុងតែនិយាយឆ្លើយឆ្លងគ្នា និងសើចសប្បាយផងនោះ ក៏ស្រាប់តែមានបុរសម្នាក់ ដែលគាត់ស្គាល់ថាជាអង្គរក្ស បានចូលមកក្រៀកគាត់ពីក្រោយ រួចស្រែកសួរថា “ហ្អែងហ្នឹងមែនឈ្មោះអាយី?” ស្រាប់តែគាត់មិនទាន់បានឆ្លើយផង បុរសជាអង្គរក្សនោះ បានដាល់គាត់ចំផ្ទៃមុខ៤ដៃ និងត្រូវបានមិត្តភក្តិដែលអង្គុយជាមួយគ្នាជួយឃាត់ ស្រាប់តែភ្លាមនោះ ក៏មានបុរស២នាក់ទៀតដែលជា បក្ខពួករបស់អង្គរក្សរូបនោះ បានដើរចូលមកចង្អុលមុខ រួចរុញប្រតាយប្រតប់ជាមួយមិត្តភក្តិរបស់គាត់ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ហាងរាយការណ៍ទៅសន្តិសុខកោះពេជ្រ ចុះមកជួយឃាត់បាន រួចនាំយកទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីប្រគល់ឱ្យសមត្ថកិច្ចដោះស្រាយតាមនីតិវិធី។
ទោះជាបែបណា រឿងរ៉ាវជម្លោះដោយសារតែការគុំគួននេះ នៅមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ទោះបីជាមានការសម្របសម្រួលពីសមត្ថកិច្ចក៏ដោយ ព្រោះជនរងគ្រោះដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នៅឡើយ៕