ខេត្តកណ្តាល ៖ យុវជនម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ឃើញតែអង្គុយសញ្ជប់សញ្ជឹងតែម្នាក់ឯង លុះឪពុកហៅមកហូបបាយជុំគ្នា បែរជាប្រកែកថា មិនសូវស្រួលខ្លួន រួចក៏ក្រោកដើរចេញបាត់ ស្រាប់តែព្រឹកឡើង ក៏ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកបាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ទឹក ជាប់ផ្ទះបាយ ស្ថិតក្នុងភូមិពង្ររ ឃុំម្កាក់ ស្រុកអង្គស្នួល។
យុវជនគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះរុន គឹមហុង អាយុ១៨ឆ្នាំ មុខរបរជាងដែក មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីបុរសឈ្មោះតុប សារ៉ុម អាយុ៣៦ឆ្នាំ មុខរបរកសិករ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ៨និង១០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ គាត់បានហៅកូនប្រុស (ជនរងគ្រោះ) មកហូបបាយជុំគ្នាជាមួយម្តាយនឹងប្អូនៗ តែគេមិនព្រមមកហូបបាយទេ ដោយចេះតែអង្គុយម្នាក់ឯង និងមានទឹកមុខស្រងូតស្រងាត់ខុសប្លែកពីធម្មតា។
បុរសជាឪពុកបន្តថា បន្ទាប់មកម្តាយរបស់គេបានឱ្យលុយទៅឡើងផ្ទះគេ តែគេបានប្រាប់ទៅម្តាយវិញថា អត់ស្រួលខ្លួនទេ ឱ្យប្អូនប្រុសទៅឡើងផ្ទះជំនួសទៅ។ រហូតដល់វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃដដែល កូនប្រុសនេះក៏ឡើងទៅដេកនៅខាងលើផ្ទះបាត់ទៅ។ ស្រាប់តែមកដល់វេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ កូនប្រុសទី២របស់គាត់ ភ្ញាក់ពីដំណេក ដើរទៅរកចូលបន្ទប់ទឹក ក៏ឃើញទ្វារបន្ទប់ទឹកបិទ ដាក់កន្លឹះពីក្នុង ទើបស្រែកហៅគាត់ឱ្យមកមើល លុះគាត់មកដល់ ក៏ធាក់ទ្វាររបើក ស្រាប់តែប្រទះឃើញកូនប្រុសរបស់គាត់បានចងកភ្ជាប់នឹងធ្នឹមបន្ទប់ទឹកស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលផ្នែកពិនិត្យហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយចូលរួមពីលោកក្រុមប្រឹក្សា ឃុំ គ្រូពេទ្យ មេភូមិ នគរបាលប៉ុស្តិ៍ រួមនឹងឪពុកម្តាយបងប្អូនជនរងគ្រោះ បានធ្វើការពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន ដោយប្រើខ្សែគោប្រវែង៥ម៉ែត្រ ចងកភ្ជាប់នឹងធ្នឹមបន្ទប់ទឹក។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕