ភ្នំពេញ ៖ បុរសមួយក្រុម បានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ តាំងពីក្បាលព្រលប់រហូតដល់យប់ជ្រៅ ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ចាប់ផ្តើមស្រែកឡូឡា បង្កការរំខានដល់អ្នកជិតខាងដេកពួនមិនបាន ក៏ត្រូវបុរសជាអ្នកជិតខាងម្នាក់ បានដើរមកប្រាប់កុំឱ្យមាត់ឮខ្លាំងពេក ស្រាប់តែជនប្រមឹកម្នាក់ផ្ទុះកំហឹង ក៏ស្ទុះទៅទាញដុំឥដ្ឋ មកវាយសំពងចំក្បាលបុរសរងគ្រោះ បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិសំរោងមានជ័យ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ជនដៃដល់ដែលទាញដុំឥដ្ឋវាយក្បាលគេឱ្យរងរបួសធ្ងន់ ព្រោះតែខឹងរឿងគេមកប្រាប់ថា កុំឱ្យឡូឡាពេក មានឈ្មោះខៀន គង្គា អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបណ្តោះអាសន្នភូមិសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតភូមិគល់ស្ពាន ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ចំណែកបុរសរងគ្រោះ មានឈ្មោះឈួន គឹមធា អាយុ៣៧ឆ្នាំ ជាមេជាងសំណង់ ស្នាក់នៅក្នុងភូមិជាមួយគ្នា។
ក្រោយពេលកើតហេតុភ្លាមៗ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងបានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួន ជនបង្កខាងលើ នាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ដើម្បីសួរនាំ៕
(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)