ភ្នំពេញ ៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ ទើបនឹងដើរចេញពីបន្ទប់ជួល សំដៅទៅធ្វើការ ស្រាប់តែជួបនឹងស្ត្រីមួយក្រុម ប្រើល្បិចធ្វើជារើសបានមាស១ថង់ រួចបបួលទៅកន្លែងស្ងាត់ចែកគ្នា ទីបំផុត ក៏លង់ខ្លួនដោះគ្រឿងអលង្ការនិងលុយ អស់ពីខ្លួន យកទៅប្តូរជាមួយមាស១ថង់ ដឹងអី! ស្រាយមាត់ថង់មើល ទើបដឹងថាជាគ្រាប់កង់ ធ្វើឱ្យស្ត្រីរងគ្រោះកើតទុក្ខមិនសុខចិត្ត ក៏រត់ទៅប្តឹងប៉ូលិសទាំងទឹកភ្នែកទឹកសំបោរ។
ករណីក្រុមជនសង្ស័យទម្លាក់យោងបោកយកលុយកាក់ ទ្រព្យសម្បត្តិស្ត្រីម្នាក់អស់ពីខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុងច្រកចូលរោងចក្រក្រដាស កែងផ្លូវមុខផ្សារព្រៃទា ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះ មានឈ្មោះយ៉ែម ស្រីពៅ អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកទ្រព្យសម្បត្តិដែលបាត់បង់ រួមមាន ចិញ្ចៀន ខ្សែក ក្រវិល សរុបទម្ងន់៧ជីមាស ខ្សៃដៃប្លាទីន ទម្ងន់៤ជី លុយដុល្លារជាង៧០០ដុល្លារ និងអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន កាតការងារ ព្រមទាំងឯកសារមួយចំនួនទៀតក្នុងកាបូប។ ដោយឡែក សម្ភារៈដែលបានមកវិញ មានគ្រាប់កង់១ថង់ ខ្ចប់យ៉ាងស្អាត ដាក់ក្នុងកាបូប ទុកជាកាដូទឹកភ្នែក ជូនស្ត្រីរងគ្រោះ។
ស្ត្រីរងគ្រោះក្រោយពីសមត្ថកិច្ចចោមចៅ៣ សាកសួរហើយ រឿងហេតុកើតឡើងនៅទឹកដី ភូមិសាស្ត្រសង្កាត់កាកាប២ ទើបប្រាប់ឱ្យជនរងគ្រោះទៅប្តឹងនៅប៉ុស្តិ៍កាកាប២វិញ ដើម្បីស្រាវជ្រាវរកមុខសញ្ញាក្រុមទម្លាក់យោងទាំងនោះ មកផ្តន្ទាទោសតាមច្បាប់៕
(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)