ភ្នំពេញ ៖ បុរសជាសន្តិសុខរួមការងារជាមួយគ្នា២នាក់ បានកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតផ្ទុះជាអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក ទីបំផុតភាគីបុរសជាសន្តិសុខវ័យចំណាស់ ត្រូវគូទំនាស់ដែលមានវ័យក្មេងជាងវ៉ៃដល់សន្លប់ស្តូកស្តឹង ដឹកទៅសង្គ្រោះនៅមន្ទីរ ពេទ្យ១យប់នៅមិនទាន់ដឹងខ្លួននៅឡើយ ចំណែកភាគីសន្តិសុខស្ទាវត្រូវប៉ូលិសចាប់វ៉ៃខ្នោះអូសចូលប៉ុស្តិ៍ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចខាងមុខរោងចក្របឺរី ផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះដែលត្រូវគូទំនាស់វាយដល់សន្លប់ មានឈ្មោះចាន់ វ៉ាន់ជុក អាយុ៦០ឆ្នាំ មុខរបរសន្តិសុខ ក្រុមហ៊ុន 7YHPS យាមប្រចាំការនៅរោងចក្របឺរី ស្នាក់នៅផ្ទះជួលបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។ ចំណែកភាគីបង្ក ដែលត្រូវប៉ូលិសឃាត់ខ្លួន មានឈ្មោះទេព វណ្ណរ័ត្ន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាសន្តិសុខក្រុមហ៊ុនជាមួយគ្នា និងយាមប្រចាំការនៅទីតាំងជាមួយគ្នា ស្នាក់នៅផ្ទះជួលភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជាសន្តិសុខទាំង២នាក់ខាងលើ មិនដឹងជាមានរឿងអ្វីនឹងគ្នា ស្រាប់តែកើតមានជំលោះតឹងសរសៃកដាក់គ្នា រហូតឈានដល់អំពើហិង្សាប្រតាយប្រតប់គ្នា ចុងក្រោយ ភាគីបុរសជាសន្តិសុខវ័យចំណាស់ មានកម្លាំងខ្សោយជាង ក៏ត្រូវគូទំនាស់វ័យក្មេង វាយរហូតដល់សន្លប់បាត់មាត់ឈឹងនៅនឹងកន្លែង និងត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែរហូតមកដល់វេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ពោលគឺ១យប់ទៅហើយ ជនរងគ្រោះនៅតែមិនទាន់ដឹងខ្លួនទៀត ពោលគឺស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ។
ក្រោយកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ចចុះចាប់ឃាត់ខ្លួន នាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ៣។
ជុំវិញករណីហិង្សាខាងលើនេះ ភាគីក្រុមគ្រួសារជនរងគ្រោះ បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាត់ការជនដៃដល់តាមផ្លូវច្បាប់ និងទាមទារសំណង១៥០០ដុល្លារទៀតផង។
រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ជនដៃដល់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕