Monday, October 20, 2025
Homeព័ត៌មានជាតិផ្លូវកោងមិនបន្ថយល្បឿន ជ្រុលធ្លាក់ផ្លូវក្រឡាប់ របួស២១នាក់

ផ្លូវកោងមិនបន្ថយល្បឿន ជ្រុលធ្លាក់ផ្លូវក្រឡាប់ របួស២១នាក់

ខេត្តព្រះសីហនុ ៖ រថយន្តកូរ៉េ១គ្រឿង មានដឹកកម្មករសំណង់ចំនួន២១នាក់ បានបើកក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចផ្លូវកោង ជាន់ហ្វ្រាំងមិនស៊ី បួងចង្កូតមិនទាន់ ក៏ជ្រុលធ្លាក់ផ្លូវក្រឡាប់ធ្លាក់ចេញពីផ្លូវ បណ្តាលឱ្យកម្មករទាំង២១នាក់ ដែលជិះនៅលើរថយន្តទទួលរងរបួសធ្ងន់ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករសំណង់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចឆ្នេរកន្ទុយនាគ តាមបណ្តោយផ្លូវ២ធ្នូ ស្ថិតក្នុងភូមិសាស្ត្រភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

រថយន្តដឹកកម្មករសំណង់ដែលក្រឡាប់ធ្លាក់ផ្លូវ ម៉ាកគា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2V-2043 បើកបរដោយបុរសម្នាក់ ឈ្មោះទូច ណារាង អាយុ៣៥ឆ្នាំ មុខរបរអ្នកបើកបររថយន្ត។ ចំណែកជនរងគ្រោះដែលរួមដំណើរក្នុងរថយន្ត មានចំនួនសរុប២១នាក់ (ប្រុស១១ ស្រី១០) មុខរបរជាកម្មករសំណង់ ស្នាក់នៅអារីស្តុន ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េខាងលើ មានដឹកកម្មករសំណង់ចំនួន២១នាក់ ធ្វើដំណើរក្នុងទិសដៅពីចុងអារីស្តុន សំដៅទៅកន្លែងធ្វើការនៅការដ្ឋានសំណង់ក្នុងបុរីគុជអាស៊ី ក្រុងព្រះសីហនុ បានបើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែល្បឿនរថយន្តលឿនពេក ណាមួយផ្លូវកោង ចំណែកហ្វ្រាំងក៏ជាន់មិនស៊ី ទើបបណ្តាលឱ្យរេចង្កូតឡើងទៅលើសួនច្បារ រួចជ្រុលក្រឡាប់ធ្លាក់ចេញពីផ្លូវចូលទៅឆ្នេរសមុទ្រ បង្កជាគ្រោះថ្នាក់ បណ្តាលឱ្យក្រុមកម្មករទាំង២១នាក់ ទទួលរងរបួសធ្ងន់ស្រាលតែម្តង។

ក្រោយកើតហេតុ ក្រុមកម្មករសំណង់ដែលរងរបួសធ្ងន់ស្រាល ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលនៅគ្លីនិកចាក់អង្រែ និងគ្លីនីកសេតេ ក្រុងព្រះសីហនុ។ ចំណែកបុរសជាអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល។

ប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍ បានលើកឡើងថា នេះចាត់ទុកថាជាសំណាងធំណាស់ ដែលរថយន្តបានរេចង្កូតក្រឡាប់ ធ្លាក់ទៅលើឆ្នេរខ្សាច់ ដែលអាចជួយកាត់បន្ថយការប៉ះទង្គិចដល់អ្នកជិះក្នុងរថយន្តធ្ងន់ធ្ងរ។

ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ និងតាមស្វែងរកអ្នកបើកបរ ដើម្បីនាំមកចាត់ការតាមនីតិវិធី។

ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES