Tuesday, March 11, 2025
Homeសន្ដិសុខសង្គមចេញពីបុណ្យ៧ថ្ងៃ ថយរថយន្តបុកទម្លុះផ្ទះ

ចេញពីបុណ្យ៧ថ្ងៃ ថយរថយន្តបុកទម្លុះផ្ទះ

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ទើបនឹងចេញមកពីកម្មវិធីបុណ្យសព៧ថ្ងៃ ក៏ឡើងរថយន្តបើកថយក្រោយ ស្រាប់តែជាន់ជាប់ហ្គែ បណ្តាលឱ្យរថយន្តជ្រុលបុកទម្លុះចូលផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរនោះ បណ្តាលឱ្យទទួលរងការខូចខាតទ្រព្យសម្បត្តិអស់មួយចំនួន តែសំណាងល្អ មិនបានបង្កឱ្យអ្នកណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ។

ករណីគ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងបុរីចំការដូង ផ្ទះលេខ E20 សង្កាត់ដង្កោ ខណ្ឌដង្កោ។

រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-6445 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយប្រពន្ធ។

តាមសម្តីបុរសជាម្ចាស់រថយន្ត បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងប្រពន្ធបានបើករថយន្តមកចូលរួមក្នុងពិធីបុណ្យសព៧ថ្ងៃ នៅជិតផ្ទះកើតហេតុខាងលើ។ លុះចេញពីរោងបុណ្យវិញ ប្តីប្រពន្ធគាត់ក៏បាននាំគ្នាឡើងរថយន្ត បំណងត្រឡប់ទៅផ្ទះញវិញ លុះឡើងបើករថយន្ត ថយក្រោយ បំណងរកកន្លែងបត់ ស្រាប់តែភ្លាមនោះ រថយន្តបានជាប់ហ្គែ ធ្វើឱ្យជ្រុលល្បឿន ទៅបុកបង់អង្គុយលេងនៅខាងមុខផ្ទះគេបាក់ខ្ទេច រួចមិនទាន់អស់ល្បឿន ក៏ជ្រុលបន្តទៅបុកទ្វារកញ្ចក់ដាច់ទ្វារមួយចំហៀង ធ្វើឱ្យបែកកញ្ចក់រាយប៉ាយពេញផ្ទះរបស់គេ ចំណែករថយន្តបានកល់ ជាប់នឹងជញ្ជាំងខាងក្រោយ ហើយភ្លាមនោះ ក៏ត្រូវគាត់កាច់សោពន្លត់ម៉ាស៊ីន ទើបលែងអាចថយក្រោយទៀតបាន។

ក្រោយកើតហេតុ សមត្ថកិច្ចមមូលដ្ឋាន បានមកដល់កន្លែង ឃើញថាមិនមានបង្កឱ្យមនុស្សរបួស ទើបឱ្យម្ចាស់រថយន្តសម្របសម្រួលជាមួយម្ចាស់ផ្ទះ ដោយភាគីរថយន្តបង្ក ព្រមសង់សំណងរាល់ការខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES