សុភាសិតខ្មែរថា “សូវទូលក្តិតបាវ កុំទូលក្តិតកញ្ជើ” បើនឹងកែទៅជា “គូទបាវ គូទកញ្ជើ” អាចនាំឱ្យបាត់បង់កេរដំណែល មរតកសាសន៍បុរាណាចារ្យ ទោះជាពាក្យ “ក្តិតបាវ ក្តិតកញ្ជើ” ខុសសីលធម៌ ឬអាសគ្រាមបន្តិចក្តី ត្រូវតែរក្សាទុកតាមច្បាប់ដើម។ មានន័យថា ប្រទេសមួយ សង្គមមួយ គណបក្សមួយ មិនខុសពី “បាវ” រីឯបុគ្គលឯកជន គឺជា “កញ្ជើ” ដែល “នគរធំ” សូមលើករឿង “បាវ និងកញ្ជើ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
“សូវទូលក្តិតបាវ កុំទូលក្តិតកញ្ជើ” បើបរិយាយតាមន័យត្រង់ សំដៅដល់កសិករយកស្រូវ ឬអង្ករច្រកបាវ ល្មមទូលរួច និងច្រកកញ្ជើ ល្មមកណ្តៀតនឹងចង្កេះបាន។ បើត្រូវការចេញទៅស្នាក់នៅឯខ្ទមស្រែ ចាំបាច់ត្រូវតែយកអង្ករទៅទុកដាំបាយហូបនោះ ស្ត្រីមេផ្ទះត្រូវតែលើកអង្ករច្រកបាវល្មមទូលរួចនោះ ដាក់លើក្បាល រួចលើកកញ្ជើកណ្តៀតដើរទៅ។ បើសិនជាស្ត្រីនោះកណ្តៀតបាវអង្ករ ហើយទូលកញ្ជើ នាំឱ្យខុសទំនៀមបុរាណ ដោយសារជនជាតិខ្មែរ គោរពជំនឿ សាសនា ខ្លាំងណាស់។ សូម្បីតែយាយៗហូបស្លាម្លូ ក៏ត្រូវតែយកម្លូ មកច្រៀកសិនដែរ ទើបលាបកំបោរ ដាក់ស្លាបុកនឹងត្បាល់ ទើបហ៊ានហូប ពុំមែនបៀកម្លូទាំងសន្លឹកនោះឡើយ ដូចឃ្លាឃ្លោងថា “ស្លាម្លូស៊ីឱ្យច្រៀក កុំបីបៀកទាំងមូលមិញ តូចធំឱ្យច្រៀកចេញ តាមពាក្យចាស់ថាអភ័ព្វ”។ ដូច្នេះករណី “សូវទូលក្តិតបាវ កុំទូលក្តិតកញ្ជើ” បើហ៊ានបំពានជំនឿបុរាណ នឹងអភ័ព្វមិនខុសពីរឿងហូបស្លាម្លូ។
បើបរិយាយតាមន័យធៀប “ក្តិតបាវ” ឬ “បាវ” សំដៅដល់ប្រទេសមួយ សង្គមមួយ គណបក្សមួយ។ រីឯ “ក្តិតកញ្ជើ” ឬ “កញ្ជើ” សំដៅដល់មន្ត្រី បុគ្គល ឯកជន អ្នកដឹកនាំប្រទេស អ្នកដឹកនាំបក្ស។ ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេស ក្នុងសង្គម ក៏ដូចសមាជិកគណបក្សនយោបាយ ចាំបាច់ត្រូវតែគោរពបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” គោរពច្បាប់រដ្ឋធម្មនុញ្ញ គោរពគោលការណ៍គណបក្សរបស់ខ្លួន មិនអាចបំពានបានឡើយ។ ផ្ទុយទៅវិញ មន្ត្រីពុករលួយ បុគ្គលនិយម ដែលសំងំក្នុងសង្គម ក្នុងគណបក្ស បើប្រជាពលរដ្ឋគោរពបូជាលើកស្ទួយដាក់លើក្បាលនោះ នឹងនាំមកនូវអពមង្គល ចង្រៃឧបទ្រព មិនខានឡើយ។
ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ជិតចូលមកដល់ បក្សកាន់អំណាច (CPP) ត្រូវតែហ៊ាន “វះកាត់ប្រសើរជាងព្យាបាល” ពាក់ព័ន្ធដល់រឿងពុករលួយ ដែលកើតឡើងក្នុងជួរមន្ត្រីរាជការ ដោយសារតែ CPP មានវិន័យ ដែកថែប ក៏មានទម្លាប់មួយ អត់ហ៊ានរិះគន់គ្នាទេ ដោយទុកឱ្យប្រជាពលរដ្ឋមើលឃើញច្បាស់ក្រឡែតនូវអំពើអយុត្តិធម៌សង្គមមួយចំនួន។ រឿងទំនាស់ដីធ្លីរ៉ាំរ៉ៃរវាងប្រជាពលរដ្ឋ និងឧកញ៉ា ម្ចាស់ក្រុមហ៊ុនមួយចំនួន បើ CPP មិនដោះស្រាយឱ្យចប់មុនពេលបោះឆ្នោត ទោះជាឈ្នះឆ្នោត ក៏នៅតែមានបញ្ហាមិនចេះចប់។ រឿងឈ្មួញគ្រាក់ៗដែលពលរដ្ឋស្គាល់មុខយ៉ាងច្បាស់ រកស៊ីដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម ដោយមានការគប់គិតសមគំនិតគ្នាជាប្រព័ន្ធនោះ ក៏ទុកមិនចំណេញដែរ។ ករណីល្បែងស៊ីសងដែលជាប្រភពនៃគ្រឿងញៀន នាំឱ្យកើតចោរកម្ម បង្ក្រាបមិនឈ្នះនោះ ដើមភ្លើងមកពីមានអ្នកអន្ទ្រើស ធ្វើខ្នងបង្អែក បើមិនហ៊ានចាប់មេ ប្រឹងញេចតែកូនដូចចៃនោះ ចៃនៅតែញាស់ខាំក្បាលមិនស្វាង។
ចំណុចអសកម្មរៀបរាប់ដោយត្រួសៗខាងលើនោះ កំពុងដើរស្របនឹងសុភាសិត “ទូលក្តិតកញ្ជើ” នោះហើយ ពោលគឺ បើបក្សកាន់អំណាច មិនបោសសម្អាត កែទម្រង់ “ពួកកញ្ជើ” ឱ្យអស់ ជួនកាល “កញ្ជើនោះវាធ្លុះ កំពប់អង្ករអស់”។ យើងទទួលស្គាល់ថា ប្រជាពលរដ្ឋជាងកន្លះប្រទេស គាំទ្រគណបក្សប្រជាជនកម្ពុជា ឬ “ទូលក្តិតបាវ” ដោយមិនខ្លាចធ្ងន់ និងប្រយ័ត្នប្រយែង ក្រែងបាវធ្លាយ កំពប់អង្ករកណ្តាលផ្លូវ ប៉ុន្តែពួកគាត់ “ស្អប់ខ្ពើមបុគ្គលពុករលួយ អគតិ បក្ខពួក គ្រួសារនិយម ឡើងបុណ្យតាមខ្សែ”។ បើដឹងចិត្តអ្នកគាំទ្រយ៉ាងនេះទៅហើយ លុះត្រាតែអ្នកដឹកនាំ CPP ត្រូវតែប្រឹងប្រែងកម្ចាត់ភាពអយុត្តិធម៌សង្គមនេះឱ្យអស់។ មានហ្វេសប៊ុកអ្នកគាំទ្រ CPP ខ្លះសរសេរថា “ខ្ញុំគាំទ្រសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបន្តអាណត្តិ១០ឆ្នាំទៀត ប៉ុន្តែខ្ញុំស្អប់មន្ត្រីពុករលួយ ធ្វើស្រែលើខ្នងរាស្ត្រ”។ សំណេរនេះមិនធម្មតាទេ មានន័យថា គាត់ “ទូលក្តិតបាវ តែមិនទូលក្តិតកញ្ជើ” នេះឯង។
តាមការកត់សម្គាល់ ថ្នាក់ដឹកនាំ CPP ដឹងរឿងនេះច្បាស់ណាស់ ប៉ុន្តែរដូវបោះឆ្នោតមកដល់ បើកិនតែគ្នាឯង នាំឱ្យខូចកិត្តិយសបក្ស ម៉្លោះហើយចេះតែជួយលាក់អំពើអាក្រក់យ៉ាងនេះទៅ។ ធម្មតា មន្ត្រីពុករលួយ ទៅដល់ណាក៏គេស្គាល់ដែរ ដោយកត់សម្គាល់បានត្រង់ “ប្រះពីដងរែក ទៅផ្អែកលើពូក” ឬ “ឡើងពីស្រែជួយដកស្ទូងកសិករ គាត់ទៅចូលហាងទំនើប ជល់កែវ ស្តាប់ភ្លេងលេងភ្លៅ” ឯណោះ។ ករណីលោកឡាយ វណ្ណៈ អតីតចៅហ្វាយខេត្តតាកែវ កាលនៅក្នុងតំណែង ទោះជាដឹងថា គាត់ខិលខូច ពុករលួយ ស្រីញីអូនបងយ៉ាងណា ក៏ជួយលាក់គ្នា ការពារកេរ្តិ៍ឈ្មោះបក្ស។ លុះគាត់មានរឿងពាក់ព័ន្ធដល់ឃាតកម្មស្រីស្នេហ៍ ទើប CPP ប្រកាសលុបឈ្មោះគាត់ពីសមាជិកគណបក្ស។
ករណីរក្សាទុកបុគ្គលពុករលួយ អាចធ្វើឱ្យអ្នកដឹកនាំមានវិប្បដិសារៈទៅថ្ងៃក្រោយ ព្រោះខ្វះការពិចារណា ដូចរឿង “ម៉ាកភូយុងកែវ” ដែលតំណាលពី “អាដាំ មនុស្សព្រៃ” មើលស្គាល់ស្រីព្រាយកាឡាខ្លួនជានាង “បូង៉ាសាខន” រួចចង់សម្លាប់ព្រាយកាឡានោះ បែរជាស្តេចម៉ាកភូយុងកែវ ជឿស្តាប់ព្រាយ ទៅវាយអាដាំ ស្ទើរស្លាប់។ ក្រោយមកទៀត អាដាំ បានដឹងការសម្ងាត់ថា មានពពួកមន្ត្រីអែបអប ចង់ជ្រែករាជ្យ ក៏បង្កការរំខាន និងមានជម្លោះជាមួយពួកមន្ត្រីខិលខូចទាំងនោះ តែត្រូវស្តេចម៉ាកភូយុងកែវ មើលមិនយល់ ធ្វើបាបអាដាំ រហូតបញ្ជាឱ្យចាប់អាដាំ ចងឱ្យសេះអូសយកទៅដុតទាំងរស់។ ទីបំផុត នៅពេលដឹងថា ពួកមន្ត្រីអែបអបចង់ធ្វើរដ្ឋប្រហារ ទើបស្តេចម៉ាកភូយុងកែវ បង្ក្រាបភ្លាមៗ និងយំសោកស្តាយអាដាំ ដែលស្លាប់ដើម្បីការពារយុត្តិធម៌សង្គម…។
ដូច្នេះយើងឃើញថា “អាដាំ ទូលក្តិតបាវ តែមិនទូលក្តិតកញ្ជើ” យ៉ាងណាមិញ បើមានអ្នកវិភាគ អ្នកតវ៉ារឿងពុករលួយ ដោយចង្អុលបង្ហាញមុខបុគ្គលពុករលួយចំៗនោះ បើថ្នាក់លើធ្វើអន្តរាគមន៍បុគ្គលពុករលួយនោះ អាចនឹងស្តាយក្រោយដូចស្តេចម៉ាកភូយុងកែវ។
“អ្នកទូលក្តិតបាវ” គឺសំដៅដល់អ្នកវិភាគ អ្នកការពារយុត្តិធម៌នេះឯង ដូចលោកផែង វណ្ណៈ លោករស់ សារ៉ុម លោក ព្រាប កុល លោកហេង វិទូ ជាដើម តាមពិត ពួកគាត់ “ជាពលរដ្ឋក្នុងសង្គម” ចង់ឱ្យសង្គមស្អាតស្អំ ក៏នាំគ្នាជួយរំលឹក ជួយថា បើ CPP ចាប់កំហុសពួកគាត់ អាចដូចរឿងស្តេចម៉ាកភូយុងកែវ ដែលធ្វើទោសអាដាំ។ បើត្រឹមតែជួយ “ទូលក្តិតបាវ តែមិនទូលក្តិតកញ្ជើ” ចាត់ទុកជាគំរូល្អបំផុត គឺអ្នកវិភាគទាំងនោះ ប្រសើរជាង “អ្នកទូលក្តិតកញ្ជើ” ពោលគឺមើលឃើញបុគ្គល ពុករលួយដែរ តែមិនហ៊ានថា បានត្រឹម “ទូលកញ្ជើធ្លុះ កំពប់អង្ករអស់”។
សរុបទៅ “សូវទូលក្តិតបាវ កុំទូលក្តិតកញ្ជើ” មានន័យយ៉ាងនេះឯង។ ហេតុនេះ បើមានអ្នកវិភាគ អ្នកផ្តល់យោបល់ អ្នករិះគន់ ជួយផ្តល់ព័ត៌មានពីអំពើពុករលួយ អយុត្តិធម៌សង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គួរតែបក្សកាន់អំណាច ស្រុះស្រួលទទួលយកទៅចាត់ការឱ្យមានប្រសិទ្ធភាព ព្រោះអ្នកថា អ្នកវិភាគនេះ មានបំណងចង់ឱ្យប្រទេស សង្គមស្អាតស្អំ គ្មានចេតនាបំបែកបំបាក់ឯកភាពជាតិនោះទេ ដែលជាបរិបទសម្រាប់បក្សកាន់អំណាចពិចារណា…៕