Monday, October 20, 2025
Homeព័ត៌មានជាតិថ្នាក់ដឹកនាំក្រុមហ៊ុន Prince Suncity ផ្តល់សម្ភារៈសិក្សាដល់សិស្សសាលាស្ទឹងមានជ័យ

ថ្នាក់ដឹកនាំក្រុមហ៊ុន Prince Suncity ផ្តល់សម្ភារៈសិក្សាដល់សិស្សសាលាស្ទឹងមានជ័យ

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នេះ ថ្នាក់ដឹកនាំក្រុមហ៊ុន Prince Suncity និងបុគ្គលិកជាច្រើន ពិសេស គឺលោក Dato Sri Dr.Peter Ong អ្នកជំនួញធំមកពីប្រទេសសិង្ហបុរី និងជាស្ថាននិកក្រុមហ៊ុនបានចុះទៅចែកសម្ភារៈសិក្សាដល់យុវសិស្សនៅសាលាបឋមសិក្សាស្ទឹងមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រុមសិស្សានុសិស្សជាច្រើន បានសម្តែងការរីករាយដែលពួកគេបានទទួលសម្ភារៈសិក្សា ផ្ទាល់ពីលោក Dato Sri Dr.Peter Ong មានកាបូប ប៊ិក សៀវភៅ ខ្មៅដៃ និងថវិកាមួយចំនួនទៀត។ ដោយឡែក សម្រាប់មនុស្សចាស់ ទទួលបានកាបូប អាវ និងថវិកាមួយចំនួនទៀតផងដែរ។

លោក Avanlow ជំនួយការក្រុមហ៊ុន Prince Suncity បានឱ្យដឹងថា “នេះជាលើកទី១ សម្រាប់ក្រុមហ៊ុន Prince Suncity ដែលបាននាំយកថវិកាមកចែកចាយជូនដល់ប្អូនៗសិស្សសាលាបឋមសិក្សាស្ទឹងមានជ័យ នេះ ព្រោះថា សាលានេះមានទីតាំងដែលងាយស្រួលដឹកសម្ភារៈចូលដល់ ហើយតាមដឹង ប្អូនៗដែលរៀននៅទីនេះ ក៏ផ្តើមចេញពីមណ្ឌលកុមារកំព្រោច្រីនដែរ អ៊ីចឹងហើយយើងគិតថា ពួកគាត់នឹងសប្បាយចិត្តពេលដែលទទួលបានកាដូ ជាសម្ភារៈសិក្សា នៅពេលនេះ ហើយយើងនឹងបន្តសកម្មភាពក្នុងការបន្តវប្បធម៌នៃការចែករំលែកនេះតទៅទៀត នាពេលអនាគត”។

ក្រុមហ៊ុន Prince Suncity ផ្តោតលើកាស៊ីណូនេះ ទើបតែបង្កើតនៅឆ្នាំ២០១៨ តែក្រុមហ៊ុនដែលមានការដឹកនាំដោយលោក Dato Sri Dr.Peter Ong នេះ បានទៅដល់ប្រទេសជាច្រើននៅលើសកលលោកទៅហើយ មានដូចជា ប្រទេសម៉ាឡេស៊ី, ម៉ាកាវ, កូរ៉េ ជប៉ុន អូស្ត្រាលី, ឥណ្ឌា, ចិន, វៀតណាម, ហុងកុង ញូវហ្សែឡែនដ៍ ជាដើម។

លោក Avanlow បន្ថែមថា “យើងចង់ពង្រឹងក្រុមហ៊ុនរបស់យើងនៅទីផ្សារប្រទេស វៀតណាម និងប្រទេសកម្ពុជា ហើយពាក្យស្លោកសម្រាប់ក្រុមហ៊ុនយើង គឺបង្វែរពីការចំណាយ ទៅជារកប្រាក់ចំណូលវិញ។ យើងមានបុគ្គលិកជំនាញសម្រាប់បណ្តុះបណ្តាលបងប្អូន តាមរយៈការហ្វឹកហាត់ជាមួយយើង ដើម្បីឱ្យបានសម្រេចក្នុងគោលការណ៍របស់យើងនេះ ដែលទីតាំងបង្ហាត់នៅសណ្ឋាគាសុខា នេះផងដែរ។ សម្រាប់ទិសដៅអនាគត ក្រៅពីយើងមានកម្មវិធីសប្បុរសធម៌ (Charity) ដល់ប្អូនៗកុមារនោះ Prince Suncity ក៏មានទិសដៅជួយដល់ជនក្រីក្រ មនុស្សចាស់ជរា ទៅតាមលទ្ធភាពរបស់យើងផងដែរ”។

គួរបញ្ជាក់ថា សម្រាប់ការការវិនិយោគទុនលើកដំបូងនៅប្រទេសកម្ពុជានេះ ក្រុមហ៊ុន Prince Suncity បានបោះទុនជាទឹកប្រាក់៣លានដុល្លារអាមេរិកផងដែរ នេះបើតាមការអះអាងបញ្ជាក់របស់លោក Avanlow ជំនួយការក្រុមហ៊ុន ហើយលោកបញ្ជាក់ថា ទាំងបុគ្គលិក និងថ្នាក់ដឹកនាំទាំងអស់របស់ក្រុមហ៊ុននេះ មានជំនឿយ៉ាងមុតមាំថា ក្រុមហ៊ុននឹងទទួលបានការគាំទ្រពីប្រជាជនកម្ពុជា ជាមិនខាន ក្រោយពីបានធ្វើពិធីជប់លៀងពិសាអាហារជុំគ្នា និងសំណេះសំណាលជាមួយដៃគូវិយោគ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារ សុខា ភ្នំពេញ៕

RELATED ARTICLES