ភ្នំពេញ ៖ ជនដៃដល់ជាឃាតករដែលបានធ្វើសកម្មភាពវាយសម្លាប់បុរសជនជាតិម៉ាឡេស៊ីម្នាក់ បណ្តាលឱ្យបែកក្បាលស្លាប់ក្នុងថ្លុកឈាម ក្នុងបន្ទប់ទឹកផ្សាររាត្រី ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីវេលារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបន្ទប់បុគ្គលិកកាស៊ីណូហ្គោដឡាក់ ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ។
ជនសង្ស័យជាឃាតករ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសៀម ឆៃដែន អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ចំណែកបុរសរងគ្រោះ មានឈ្មោះ ខាសេន ស៊ិនគាសេង (CARSEN TION KAI SENG) អាយុ៦៣ឆ្នាំ ជាជនជាតិម៉ាឡេស៊ី មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ គ-៣៦៥៧៩៦៦៩ មានស្រុកកំណើតនៅក្រុងសារ៉ាវ៉ក ប្រទេសម៉ាឡេស៊ី។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយកើតមានករណីឃាតកម្មខាងលើ សមត្ថកិច្ចជំនាញ ទាំងកម្លាំងអាវុធហត្ថ និងជំនាញព្រហ្មទណ្ឌ បានសហការគ្នាចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់កំណត់មុខសញ្ញាជនសង្ស័យបាន និងឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យនៅរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីនាំយកមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករ បានឆ្លើយសារភាពថា រូបគេពិតជាបានវាយសម្លាប់ជនរងគ្រោះប្រាកដមែន មូលហេតុ ដោយសារតែរូបគេខឹងនឹងជនរងគ្រោះខ្លាំងពេក ដែលបានមកដណ្តើមកន្លែងរបស់គេដេក ទើបរូបគេទ្រាំមិនបាន ក៏ឈានដល់ការប្រព្រឹត្តអំពើ ឃាតកម្មបែបនេះតែម្តង។
បច្ចុប្បន្ន ជនសង្ស័យជាឃាតករ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរបន្ថែម និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕