Monday, October 20, 2025
Homeព័ត៌មានជាតិបរិយាយថ្ងៃនេះ ៖ ជាន់ដានប្រវត្តិសាស្ត្រ

បរិយាយថ្ងៃនេះ ៖ ជាន់ដានប្រវត្តិសាស្ត្រ

បដាជាច្រើនផ្ទាំងសរសេរដូចៗគ្នាថា “US GO HOME !” (អាមេរិកទៅផ្ទះ!) ត្រូវបានពួកនិស្សិតកម្មករធាក់ស៊ីក្លូ និងប្រជាពលរដ្ឋរាប់រយនាក់ កាន់លើកឡើងធ្វើការតវ៉ានៅពីមុខស្ថានទូតអាមេរិក កាលពីសម័យសង្គមរាស្ត្រនិយម មានន័យ “ដេញអាមេរិកទៅផ្ទះវិញ!” រហូតដល់មន្ត្រីទូតអាមេរិក រើតោក រើហ៊ឹង ឡើងយន្តហោះទៅបាត់អស់ ទុកឱ្យកម្ពុជា បានដៃពួក “ឱកាសនិយម” រកស៊ីរត់ពន្ធអង្ករ។ ឥឡូវករណីមានអ្នកតវ៉ាមុខស្ថានទូតអាមេរិក កំពុង “ជាន់ដានប្រវត្តិសាស្ត្រ” ដែលយើងធ្លាប់ឆ្លងកាត់ ក៏លើករឿង “US GO HOME” មកបង្ហាញជូនទុកជាប្រធានបទបរិយាយថ្ងៃនេះ…។

កាលពីព្រឹកថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨ អតីតក្រុមសន្តិសុខស្ថានទូតអាមេរិក ប្រចាំកម្ពុជា ចំនួន៣២នាក់ ដែលការិយាយល័យធនធានមនុស្សរបស់ស្ថានទូតអាមេរិក បញ្ឈប់ពីការងារនោះ បានលើកគ្នាមកតវ៉ាទាមទាររឿងលុយកាក់ និងគោលការណ៍តវ៉ា៧ចំណុច។ អាជ្ញាធររាជធានីភ្នំពេញ ក៏បានចេញច្បាប់អនុញ្ញាតឱ្យធ្វើការតវ៉ាដោយអហិង្សា មិនឱ្យហែក្បួនទេ លុះពិនិត្យទៅអ្នកតវ៉ានោះ ឃើញមានចំនួនខ្ទង់រយនាក់ឯណោះ ដែលឈឺឆ្អាលមកជួយគាំទ្រអតីតក្រុមសន្តិសុខ ប៉ុន្តែមិនទាន់ឃើញប្រតិកម្មអ្វីពីលោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នោះឡើយ។

ការតវ៉ានេះមិនខុសអ្វីទេ ព្រោះសិទ្ធិធ្វើបាតុកម្មតវ៉ា ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ប៉ុន្តែបើរដ្ឋាភិបាលធ្វេសប្រហែស បណ្តាលឱ្យ “ផ្សែងពូតជាដុំ ផ្លុំឆេះជាភ្លើង” អាចនាំគ្រោះថ្នាក់ដល់ប្រជាជាតិ ដោយសារពួក “ឱកាសនិយម” ជ្រៀតចូលក្នុងបាតុកម្មនោះបាន ដូចសម័យសង្គមរាស្ត្រនិយម ដែលអាចារ្យថាំ ធ្លាប់ឆ្លងកាត់ ក៏សូមលើករឿងអតីតកាលមកបង្ហាញជូនដោយត្រួសៗនៅពេលនេះ…។

កាលពីសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចឪ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មានទំនាស់យ៉ាងក្តៅគគុក រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ជំនាន់នោះ អាមេរិក បានដាក់ទ័ពនៅវៀតណាមខាងត្បូង ដើម្បីជួយរដ្ឋការ ង្វៀន យ៉ាំងធីវ និងង្វៀន កាវគី ទប់ទល់នឹងពួកវៀតកុង វៀតណាមខាងជើង។ ដោយហេតុថា កងទ័ពអាយ៉ងព្រៃនគរ មានគ្រឿងសព្វាវុធ រថក្រោះ យន្តហោះ សម្បូរបែប ទើបកងទ័ពវៀតកុង វៀតណាមខាងជើង អស់ដី ជ្រកពូន បានចូលឈ្លានពានមកបោះបន្ទាយរាយពលនៅក្នុងទឹកដីកម្ពុជា តាមព្រំប្រទល់។ សកម្មភាពនេះ បណ្តាលឱ្យអាមេរិក ខឹងសម្បា ក៏ “ប្រើសិទ្ធិដេញតាមបច្ចាមិត្ត” ដោយប្រើយន្តហោះទម្លាក់គ្រាប់បែក និងបាចម្សៅគីមី លើជំរំពួកយួនកុម្មុយនីស្ត ប៉ះពាល់ដល់ “អធិបតេយ្យរបស់កម្ពុជា” ជាហេតុនាំឱ្យមានជម្លោះកើតឡើង រវាងកម្ពុជា និងអាមេរិក។

នាខែមករា ឆ្នាំ១៩៦៤ មានបាតុកម្មប្រឆាំងអាមេរិក រហូតដល់សម្តេចព្រះប្រមុខរដ្ឋ ស្នើកោះប្រជុំសន្និសីទ ៤ភាគី (កម្ពុជា ថៃ វៀតណាមខាងត្បូង និងវៀតណាមខាងជើង) ដើម្បីឱ្យភាគីទាំងអស់គោរពខ្សែបន្ទាត់ព្រំដែនកម្ពុជា។ ដោយសារតែអាមេរិក នៅតែប្រើសិទ្ធិដេញតាមកម្ទេចពួកកុម្មុយនីស្តដដែល ទើបយន្តហោះអាមេរិក នៅតែបន្តទម្លាក់គ្រាប់បែកតាមព្រំដែនមិនឈប់ឈរ រហូតដល់មានបាតុកម្មធំគគ្រឹកគគ្រេងផ្ទុះឡើងនៅមុខស្ថានទូតអាមេរិក និងអង់គ្លេស ជាសម្ព័ន្ធមិត្រ។ អ្នកចូលរួមបាតុកម្មជំនាន់នោះ ភាគច្រើនជាពួកនិស្សិតឆ្វេងនិយម ដើរតាមខៀវ សំផន ហ៊ូ យន់ ហ៊ូ នឹម ដោយមានអ្នកធាក់ស៊ីក្លូ និងប្រជាពលរដ្ឋរាប់រយនាក់ចូលរួម។ បដាជាច្រើនផ្ទាំង សុទ្ធតែសរសេរជាភាសាអង់គ្លេសថា “US GO HOME” (អាមេរិកទៅផ្ទះ!) រហូតមានការគប់ដុំថ្ម វាយបំបែកកញ្ចក់អគារស្ថានទូត។ ដោយមិនចង់សន្សំរឿងជាមួយអ្នកតវ៉ា មន្ត្រីទូតអាមេរិក ក៏រើកញ្ជើ រើតោក អូសវ៉ាលិស ដកចេញពីកម្ពុជា ទាំងខឹងសម្បា។ ទន្ទឹមនោះ រាជរដ្ឋាភិបាល បានប្រកាស “ផ្តាច់ចំណងការទូត” ជាមួយអាមេរិក ទាំងស្រុង។

ជាងនេះទៀត ក៏មានការកាត់ទោសប្រហារជីវិត ព្រាប អ៊ិន ដោយចោទប្រកាន់ថា ជា “ចលនាខ្មែរសេរី” ដើម្បីបញ្ឈឺអាមេរិក ជាមេខ្លោង។ លោកអ៊ិន តាំ មានឋានៈជាចៅហ្វាយខេត្តតាកែវ និងជាពូរបស់ព្រាប អ៊ិន (អ៊ិន ព្រាប) ក៏មិនអាចជួយក្មួយុនោះបានឡើយ បានត្រឹមជួយធ្វើបុណ្យឱ្យប៉ុណ្ណោះ ក្រោយពេលដឹកសពព្រាប អ៊ិន ពីត្រពាំងក្រឡឹង។ ព្រឹត្តិការណ៍ផ្តាច់ទូត ដេញអាមេរិកទៅផ្ទះ និងការប្រហារជីវិតពួកខ្មែរសេរី ធ្វើឱ្យអាមេរិក ខឹងហុយផ្សែង ក៏រកល្បិចស្នៀតសងសឹកវិញ។

កាលនោះ កម្ពុជា មានវិបត្តិសេដ្ឋកិច្ចធ្ងន់ណាស់ នាំឱ្យពួក “ឱកាសនិយម” ភាគច្រើនជាមន្ត្រីយោធាជាន់ខ្ពស់ រកស៊ី រត់ពន្ធអង្ករ ទៅលក់ឱ្យពួកវៀតកុង វៀតណាមខាងជើង។ ពួកឈ្មួញគ្រាក់ៗទាំងនោះ បានចាត់គ្នាឱ្យចុះទិញស្រូវថោកៗ លុះប្រជាកសិករនៅស្រុកសំឡូត ខេត្តបាត់ដំបង មិនព្រមលក់ថោក ក៏ធ្វើការបង្ក្រាបយ៉ាងចាស់ដៃ រហូតដល់មានការបះបោរ រត់ចូលព្រៃ។ ចំណុចនេះគួរយល់ថា នាយទាហានស្តាំនិយម ជាអ្នកទិញស្រូវថោក ឯពួកមេខ្មែរក្រហម ប្រាប់រាស្ត្រកុំឱ្យលក់ស្រូវ លុះមានការបង្ក្រាប ទើបប្រជាកសិកររាប់រយនាក់ រត់ចូលព្រៃ ជ្រកកោនជាមួយពួកមេខ្មែរក្រហម បណ្តាលឱ្យស្រុកទេសវឹកវរ ទំនិញឡើងថ្លៃ ដែលអ្នកតាមដាននយោបាយ សន្និដ្ឋានថា ជា “ទណ្ឌកម្មរបស់អាមេរិក”។

ដោយឃើញពីផលវិបាកនោះ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៦៩ សម្តេចឪ បានសម្រេចព្រះទ័យ “ស្តារសេដ្ឋកិច្ចជាតិ” ដោយភ្ជាប់ទូតជាមួយអាមេរិកវិញ និងព្រមទទួលជំនួយអាមេរិក ដូចមុន។ ព្រះអង្គបានទាំងអញ្ជើញលោកឧត្តមសេនីយ៍ លន់ នល់ មករៀបចំគណៈរដ្ឋមន្ត្រីថ្មី ឈ្មោះថា “រាជរដ្ឋាភិបាលស្រោចស្រង់ជាតិ” ដើម្បីផ្គាប់ចិត្តអាមេរិក ព្រោះលោកលន់ នល់ ជាមនុស្សស្តាំនិយមស្និទ្ធអាមេរិក ប៉ុន្តែជាអកុសល បែរជាមាន “រដ្ឋប្រហារ” ផ្តួលរំលំសម្តេចឪ នាថ្ងៃទី១៨ ខែ មីនា ឆ្នាំ១៩៧០ ដែលព្រឹត្តិការណ៍នេះ មកពីមានអាមេរិក រុញពីក្រោយ។

ការលើកពីអតីតកាលនេះ ចង់បង្ហាញថា បើកុំតែមាន “US GO HOME !” ក៏គ្មានរដ្ឋប្រហារនោះដែរ ព្រោះរឿងបាតុកម្មវាយទូតអាមេរិក ជាដើមភ្លើងនាំឱ្យមានការសងសឹក។ ករណីប្រទេសតូចមួយ ឈ្លោះជាមួយមហាអំណាច គឺមហាអំណាច សុខចិត្តដើរចេញ គេមិនរវល់តតាំង ប្រាវទៅប្រាវមកនោះទេ ដូចរឿង “សត្វម្រោម និងតោ” ក្នុងវណ្ណកម្ម “គតិលោក” តំណាលពីសត្វម្រោម មាឌតូចជាងរុយទៅទៀត បានឃើញសិង្ហតោ ដេកក្រោមដើមឈើ ក៏គិតថា អាសត្វសិង្ហតោនេះ មានប្ញទ្ធិអំណាចខ្លាំងណាស់ គ្មានសត្វណាឈ្នះវាទេ បើដូច្នេះ អញនឹងផ្ចាញ់វាឱ្យបាន។ គិតស្រេច សត្វម្រោម ក៏ហើរទៅទិចច្រមុះតោ លុះតោគ្រវីក្បាល ក៏ហើរទៅទិចត្រចៀក ដេញពីត្រចៀក ទៅទិចខ្នង។ តោនោះ បានក្តីរំខានធ្វើអី ម្រោមជាសត្វល្អិតមិនកើត ក៏ដើរចេញទៅ ធ្វើឱ្យម្រោមស្រវឹងនឹងជ័យជម្នះ ក៏ហើរបណ្តើរស្រែកបណ្តើរថា “ឈ្នះហើយៗ” ក៏ទៅជាប់នឹងសម្បុកពីងពាង រើមិនរួច ក្លាយជាចំណីពីងពាងទៅ។ រឿងនេះជាគតិប្រៀបធៀបអាមេរិក ដូចសិង្ហតោ សត្វម្រោម ដូចអ្នកធ្វើបាតុកម្មវ៉ៃទូតអាមេរិក ឯសម្បុកពីងពាង បានដល់ “វិបត្តិសេដ្ឋកិច្ច”។ តាមពិត អាមេរិក ឆាប់ង៉ក់ណាស់ បើអ្នកតវ៉ាសម័យនេះ ហ៊ានសរសេរបដា “US GO HOME !” ដូចសម័យមុន ថែមទាំងគប់ដុំថ្ម បំបែកកញ្ចក់ស្ថានទូត ផងនោះ អាមេរិក ដើរចេញឆ្កុយ អត់អង្វរខ្មែរទេ ប៉ុន្តែពេលអាមេរិក ទៅផុត អាចនឹងបានដៃពួកឱកាសនិយម ធ្វើភ្លៀងផ្គរ បង្កឱ្យទំនិញឡើងថ្លៃ រងផលវិបាកដល់ប្រជាពលរដ្ឋឯណោះ។ ព្រោះតែដឹងថា អាមេរិក ពូកែង៉ក់ហ្នឹងហើយ បានជាលោករ៉ូឌ្រីហ្គោ ឌូតឺរតេ ប្រធានាធិបតីហ៊្វីលីពីន លែងហ៊ានជេរអាមេរិក ដោយធ្វើស្លូតបូតវិញ ខណៈដែលលោកគីម ជុងអ៊ុន យល់ព្រមចុះហត្ថលេខា កាត់រំសាយនុយក្លេរអ៊ែរ ផ្គាប់ចិត្តលោកដូណាល់ ត្រាំ។

សរុបទៅ “US GO HOME !” គ្រាន់តែចង់គាស់កកាយរឿងប្រវត្តិសាស្ត្រ ឱ្យក្មេងស្រករក្រោយដែលកើតមិនទាន់ព្រឹត្តិការណ៍នោះ បានដឹងតែប៉ុណ្ណោះ និងព្យាយាមយ៉ាងណាបញ្ចៀសសកម្មភាព កុំឱ្យ “ជាន់ដានប្រវត្តិសាស្ត្រ” ព្រោះវាអត់ចំណេញ។ ដូចរឿងតោ សុខចិត្តដើរចេញ ព្រោះម្រោមទិចច្រមុះ ហើយទីបំផុត ម្រោមជាអ្នកឈ្នះតោ បានត្រឹមជាប់សម្បុកពីងពាង។ ហេតុនេះ គួរតែសម្របសម្រួលល្អជាង ចង់កាច់បំបាក់ សងសឹកមហាអំណាច ក្រែងគ្រោះថ្នាក់ រងវិបត្តិសេដ្ឋកិច្ច លៀនអណ្តាតអ្នកក្រឯណោះ៕

RELATED ARTICLES