Wednesday, March 12, 2025
Homeសន្ដិសុខសង្គមភ្លើងប្រចណ្ឌក្លាយជាជំលោះ ប្រពន្ធស្ទុះខ្វេះមាត់ ប្តីចាប់ខ្វាចមុខ

ភ្លើងប្រចណ្ឌក្លាយជាជំលោះ ប្រពន្ធស្ទុះខ្វេះមាត់ ប្តីចាប់ខ្វាចមុខ

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ រួមរស់នឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែដោយសារម្នាក់ៗសុទ្ធតែមានចរិតឆេវឆាវ ចង់ឈ្នះចង់ចាញ់រៀងខ្លួន ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីនឹងគ្នារាប់មិនអស់ ព្រោះតែភ្លើងប្រចណ្ឌ លុះចុងក្រោយ ក្រោយពីទាស់សម្តីតឹងសរសៃកដាក់គ្នា ស្រាប់តែស្ត្រីជាប្រពន្ធបានស្ទុះទៅចាប់ខ្វេះមាត់ប្តី ធ្វើឱ្យបុរសជាប្តីខឹង ក៏ស្ទុះទៅចាប់ខ្វាចមុខប្រពន្ធវិញ បណ្តាលឱ្យមានរបួសទាំងសងខាង។

ករណីជម្លោះប្តីប្រពន្ធវ័យក្មេងខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ប្តីប្រពន្ធអ្នកទាំង២ខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា អ្នកទាំងពីរស្នាក់នៅផ្ទះកើតហេតុខាងលើ ដោយប្រកបរបរលក់ដូចចំណីនៅខាងមុខផ្ទះ។

តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា រវាងនាងនិងប្តីបានស្រលាញ់គ្នា និងរួមរស់នឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមិនបានរៀបការ ឬសែនព្រេនអ្វីនោះទេ។ រហូតមកដល់សព្វថ្ងៃ និងនិងប្តីបានរួមរស់នឹងគ្នា បង្កើតបានកូនប្រុសម្នាក់ជាចំណងនិស្ស័យ ប៉ុន្តែការរស់នៅកន្លងមកឃើញថា ជួបតែរឿងរកាំរកូសមិនចេះចប់មិនចេះហើយសោះ ព្រោះតែបុរសជាប្តីពូកែប្រចណ្ឌ តែងរករឿងឈ្លោះគ្នា បែកផ្សែងសឹងរាល់ថ្ងៃ។

ស្ត្រីជាប្រពន្ធបន្តថា នៅមុនពេលកើតហេតុ នាងនិងប្តីបានកើតមានជំលោះនឹងគ្នាសាជាថ្មី ហើយភ្លាមនោះ បុរសជាប្តីបានធ្វើសកម្មភាព វាយកញ្ចក់ទូ បណ្តាលឱ្យបែក ធ្វើឱ្យនាងមួម៉ៅ កំពុងតែលក់ដូរមិនដាច់ស្ងាត់ភ្ញៀវផង ត្រូវប្តីមករករឿងឈ្លោះប្រកែក វាយបែកកញ្ចក់ទូទៀត ទើបទ្រាំមិនបាន ក៏ស្ទុះទៅចាប់ខ្វេះមាត់ប្តី ស្រាប់តែភ្លាមនោះ ប្តីរបស់នាងក៏ស្ទុះមកចាប់ខ្វាចមុខរបស់ប្រពន្ធវិញ បណ្តាលឱ្យរងរបួសទាំងសងខាង ដោយប្តីមុតស្នាមបបូរមាត់ ចំណែកប្រពន្ធស្នាមថ្ពាល់។

ក្រោយកើតហេតុ ដោយសារអ្នកជិតខាងប្រទះឃើញ ខ្លាចកើតមានអំពើហិង្សាកាន់តែធ្ងន់ជាងនេះទៀត ទើបប្រញាប់រាយការណ៍ ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ជាបន្ទាន់។ ហើយភ្លាមៗនោះ គេឃើញកម្លាំងប៉ុស្តិ៍កាកាប១ រួមទាំងប្រជាការពារ ប្រមាណ១០នាក់ បានចុះ មកជួយអន្តរាគមន៍ដល់ទីតាំងកើតហេតុ។

បន្ទាប់ពីចុះមកពិនិត្យឃើញផ្ទាល់ភ្នែកជាក់ស្តែង សមត្ថកិច្ច បានជួយធ្វើការសម្របសម្រួល ដេម្បិបីញ្ចៀសអំពើហិង្សា ហើយក៏ត្រូវភាគី ប្តីប្រពន្ធខាងលើ ហាក់ស្ងប់ចិត្ត ក៏ស្ងាត់ទៅវិញដែរ តែយ៉ាងណា ភាគីជាប្រពន្ធហាក់បង្ហាញជំហរចង់លែកលះគ្នា ក៏ត្រូវសមត្ថកិច្ចអប់រំប្រាប់ថា បើភាគីទាំងសងខាងនៅតែប្រកាន់ចិត្តចង់ឈ្នះចាញ់ ឬលែងលះគ្នាទៀត សូមទៅជួបដោះស្រាយជាមួយអាជ្ញាធរសង្កាត់ ឬតុលាការ ទើបអាចសម្រេចបាន៕

RELATED ARTICLES