ភ្នំពេញ ៖ បុរសម្នាក់ដោយសារតែកើតមានអាការមិនស្រួលខ្លួន ក៏ចូលផ្ទះកោសជប់១កន្លែង ដើម្បីរកសេវាម៉ាស្សាកោសជប់ សម្រួលសរសៃ លុះរួចរាល់ លូកលុយយកមកឱ្យថ្លៃកោសជប់ ទើបដឹងថា បាត់លុយអស់ចំនួន៤០០ដុល្លារ និងឃើញមានក្រដាសប្រាក់ដុល្លារសែនចំនួន៣សន្លឹក ត្រូវគេបន្លំដាក់ជំនួសឱ្យវិញ ជាហេតុធ្វើឱ្យបុរសរូបនោះកើតទុក្ខមិនសុខចិត្ត រត់ទៅប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ ផ្អើលទាំងព្រឹក។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សាកោសជប់១ម៉ឺនរៀល ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
បុរសរងគ្រោះដែលត្រូវក្រុមនារីម៉ាស្សាជើងល្អបន្លំលួចលុយ៤០០ដុល្លារ មានឈ្មោះមាស រិទ្ធី អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។
តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ រូបគេបានកើតមានអាការៈមិនសូវស្រួលខ្លួន ទើបដើរចូលទៅផ្ទះម៉ាស្សា នៅចំណុចកើតហេតុខាងលើ លុះចូលទៅដល់ រូបគេក៏បានហៅឱ្យនារីម៉ាស្សាម្នាក់ មកកោសជប់ចាប់សរសៃឱ្យ លុះរួចរាល់ហើយ គេក៏បានទាញកាបូបពីក្នុងហោប៉ៅ បំណងយកលុយមកឱ្យថ្លៃម៉ាស្សា ដឹងអី! ស្រាប់តែប្រទះឃើញថា បាត់លុយអស់ចំនួន៤០០ដុល្លារ (លុយទាំងអស់៤៥០ដុល្លារ) និងថែមទាំងឃើញមានក្រដាសប្រាក់ដុល្លារសម្រាប់សែន ចំនួន៣សន្លឹក ស្មើនឹង៣០០ដុល្លារ នៅក្នុងកាបូបរបស់ខ្លូនគេទៅវិញ។ ភ្លាមនោះ រូបគេបានសួរនាំនារីម៉ាស្សាក្នុងនោះដែរ តែគ្មានអ្នកណាម្នាក់ចេញមុខមកទទួលដឹងឮសោះ ទើបរូបគេប្រញាប់រត់ទៅប្តឹងនគរបាលគោលដៅស្តុបណតប្រីដ កែងផ្លូវ២០០៤ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ឱ្យជួយអន្តរាគមន៍ តែពេលសមត្ថកិច្ចសាកសួរទៅ កន្លែងកើតហេតុក្នុងទឹកដីខាងសង្កាត់ស្ទឹងមានជ័យ៣។
ក្រោយកើតហេតុ ដោយសារតែក្រុមនារីម៉ាស្សាទាំងនោះ ខ្លាចមានរឿងនៅកន្លែងម៉ាស្សារបស់ពួកនាង ទើបក្រុមស្ត្រីដៃស្អិតបានសម្រេចប្រគល់លុយគ្រប់ចំនួនឱ្យជនរងគ្រោះវិញ ដើម្បីបញ្ចប់រឿងតែម្តង។
រឿងរ៉ាវភ្ញៀវប្រុសចូលម៉ាស្សា ត្រូវក្រុមនារីម៉ាស្សាដៃស្អិតបន្លំលួចលុយនេះ តែងកើតមានជាហូរហែសឹងរាល់ថ្ងៃ ដោយខ្លះបានរត់ទៅប្តឹងប៉ូលិសឱ្យជួយអន្តរាគមន៍យកបានលុយមកវិញ តែខ្លះបានត្រឹមខកបំណងប៉ុណ្ណោះ។
គួរបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញ មានហាងកោសជប់ម៉ាស្សារាប់មិនអស់ ដែលក្នុងនោះខ្លះគ្មានច្បាប់ ចំណែកខ្លះទៀតបានលួចលាក់បម្រើសេវាកម្មផ្លូវភេទ គ្រាន់យកឈ្មោះកោសជប់ ម៉ាស្សា ដើម្បីបិទបាំងតែប៉ុណ្ណោះ៕