Monday, October 20, 2025
Homeព័ត៌មានជាតិបរិយាយថ្ងៃនេះ ៖ អតិ លោភោ ហិ បាបកោ

បរិយាយថ្ងៃនេះ ៖ អតិ លោភោ ហិ បាបកោ

ពុទ្ធភាសិត ១ឃ្លាថា “អតិ លោភោ ហិ បាបកោ” (សេចក្តីលោភលន់ហួសហេតុ ជាបាបមែនពិត) មានខ្លឹមសារអប់រំ មនុស្សឱ្យស្គាល់បុណ្យបាបពៀរវេរា កុំលុះទៅក្នុងសេចក្តីលោភហួសប្រមាណ។ អំពើបាប ឬកម្មពៀរ ពិតជាមានមែនក្នុងជំនឿពុទ្ធនិយម ប៉ុន្តែ បើកម្មពៀរនោះ បុគ្គលបានទទួលហើយ តម្រូវឱ្យអ្នកស្អប់បុគ្គលរងកម្ម បញ្ឈប់ការដៀមដាម គុំកួន ជាបន្ទាន់ តែបើនៅបន្តរិះគន់ខ្មោច ធ្វើឱ្យអ្នករិះគន់នោះ ថយតម្លៃជាមនុស្ស។ ការលោភលន់ តែងមានជាធម្មតា សម្រាប់មនុស្សក្បាលខ្មៅនេះ ដែលជាប្រភពនាំមកនូវបាបកម្ម ដែល “នគរធំ” សូមលើកពុទ្ធភាសិតខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបណ្តាលឱ្យសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច រងរបួសធ្ងន់ និងបណ្តាលឱ្យអ្នកម្នាង អ៊ុក ផល្លា ទទួលមរណភាពចោលព្រះស្វាមី និងព្រះបុត្រាទាំងពីរអង្គនោះ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរភ្ញាក់ផ្អើល សង្វេគ តក់ស្លុតជាពន់ពេក។ សម្រាប់ពុទ្ធបរិស័ទដែលជឿកម្មផល ក៏មានទស្សនៈថា នេះ “ជាកម្មពៀរ របស់ព្រះអង្គ” ប៉ុន្តែក៏មានពួកប្រឆាំងមួយចំនួន បានបង្ហោះសំណេរក្នុងហ្វេសប៊ុក វាយប្រហារព្រះអង្គថែមទៀត ដោយបន្ថែមទម្ងន់ថា មកពីព្រះអង្គយកអាសនៈតំណាងរាស្ត្រសង្គ្រោះជាតិ ទៅចែកគ្នា។ ខ្លះទៀតថា មកពីព្រះអង្គមិនធ្វើបុណ្យជូនវិញ្ញាណក្ខន្ធអតីតឧត្តមសេនីយ៍ និងពលទាហានហ៊្វុនស៊ិនប៉ិច រាប់សិបនាក់ ដែលស្លាប់ក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធ ថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ បានជារងកម្មយ៉ាងនេះ…។

នៅមានសំណេរ និងសំឡេងក្នុងហ្វេសប៊ុក យូធូបច្រើនទៀត ដែល “រិះគន់អ្នករបួស និងសព” ដែល “នគរធំ” ក្តាប់បាន និងយល់ថា “ជារឿងអសីលធម៌ខ្លាំងណាស់” ដែលមនុស្សនៅរស់ជ្រងោ ទៅចងកម្មចងពៀរជាមួយខ្មោច និងអ្នករបួសបែបនេះ។ យោងតាមទ្រឹស្តីព្រះពុទ្ធសាសនា លោកឱ្យបញ្ឈប់ការសងសឹក ត្រឹមគូប្រជែង ឬគូសត្រូវរបស់ខ្លួនសាងផ្នួស ពិកល្យពិការ ឬទទួលមរណភាព ដូចរឿង “អង្គុលីមាល៍” ជាចោរកំណាច សម្លាប់មនុស្ស៩៩៩នាក់ កាត់យកតែម្រាមដៃ លុះបានព្រះពុទ្ធអង្គប្រោស ក៏សុំសាងផ្នួសជាសង្ឃ ស្រាប់តែអ្នកស្រុកចងកំហឹង ស្ទាក់វាយអង្គុលីមាល៍ត្ថេរ រងរបួសយ៉ាងដំណំ លុះព្រះបរមគ្រូទូន្មានកុំឱ្យសងសឹក ទើបអ្នកស្រុកភ្ញាក់រលឹក។

ទោះយ៉ាងណា “អតិ លោភោ ហិ បាបកោ” បានន័យថា កាលបើបុគ្គលលោភលន់ហួសប្រមាណ នឹងបាននូវសេចក្តីទុក្ខ ចៀសមិនរួចឡើយ ហើយបើការលោភលន់នោះ ពាក់ព័ន្ធនយោបាយ លុះត្រាតែលះបង់ឱ្យដល់កម្រិត ទើបឆ្លងផុតពៀរវេរាបាន។ “កម្ម” មានន័យថា អំពើល្អ ឬអំពើអាក្រក់ ប៉ុន្តែខ្មែរយើងបានឱ្យនិយមន័យពាក្យនេះថា “ការទទួលរងគ្រោះថ្នាក់អ្វីមួយ ឆ្លើយតបនឹងសកម្មភាពអ្វីដែលខ្លួនបានប្រព្រឹត្តខុសពីមុន”។

សម្រាប់អ្នកនយោបាយរងកម្មធ្ងន់ណាស់ បើបានប្រព្រឹត្តខុស ឬដើរជាន់ពុទ្ធភាសិត “អតិ លោភោ ហិ បាបកោ” នេះ។ នៅក្នុងរឿង “ព្រះអង្គម្ចាស់ក្សត្រីសុប្បវាសា” ដកស្រង់ពីគម្ពីរ “ធម្មបទ ខុទ្ទកនិកាយ” បានតំណាលពីសម័យពុទ្ធកាល មានម្ចាស់ក្សត្រី ១អង្គ ព្រះនាម “សុប្បវាសា” ជាព្រះរាជធីតានៃព្រះចៅក្រុងកោលិយៈ។ ព្រះនាងមានព្រះស្វាមីត្រឹមត្រូវ លុះពេលទ្រង់គភ៌ (មានផ្ទៃពោះ) គឺខុសពីមនុស្សទាំងពួង ដោយពពោះ៧ឆ្នាំ ៧ខែ ៧ថ្ងៃ ទើបប្រសូតបុត្រ។ ក្នុងពេលប្រសូតនោះ ទារកធ្លាក់មកនៅទទឹងទ្វារមាស ស្ទះមូត្រលាមក អស់៧ថ្ងៃ សោយទុក្ខវេទនាជាពន់ពេក ត្រូវបានព្រះស្វាមី ដឹកទៅពឹងព្រះសម្មាសម្ពុទ្ធ បរមគ្រូឱ្យជួយ។ កាលនោះ ព្រះពុទ្ធអង្គទ្រង់រំពឹងឈ្វេងយល់ដោយសំណាញ់ញាណថា មកពីទារកក្នុងផ្ទៃនោះ បានសាងអំពើបាបពីជាតិមុន ឯព្រះនាងសុប្បវាសា សមគំនិតគ្នា ទើបពៀរនោះតាមផ្តន្ទា។ ព្រះអង្គដឹងថា កម្មពៀរដល់ទីបញ្ចប់ហើយ ក៏ទ្រង់ប្រទានពុទ្ធមន្ត ១ឃ្លា ថា “វតសោ ភគវា យោ ឥមស្សេវ វរូបស្ស ទុក្ខស្ស មហានាយ ទេសេតិ” (បាលីនេះ សម្រាប់គ្រូមន្តអាគម ស្តោះទៅលើស្ត្រីកំពុងឈឺពោះឆ្លងទន្លេ)។ ពុទ្ធមន្តនេះ គ្រាន់តែព្រះស្វាមីសូត្រ រលាស់ទឹកភ្លាម ស្រាប់តែព្រះនាងសុប្បវាសា ប្រសូតបុត្រប្រុសថ្លោសទ្រលុក បាត់ឈឺចុកចាប់អស់រលីង និងថ្វាយព្រះនាមបុត្រានោះថា “សីវលិកុមារ”។ ពេលពេញកំលោះ កុមារនោះបានទៅបួស ឡើងព្រះនាមថា “សីវលិត្ថេរ” ជាប់ឯតទគ្គៈខាង “មានលាភច្រើនជាងគេ” ក្នុងចំណោមព្រះសង្ឃសាវ័កឯទៀត។ ឯមូលហេតុដែលសីវលិត្ថេរ នៅក្នុងគភ៌មាតា ៧ឆ្នាំ ៧ខែ ៧ថ្ងៃ និងជាប់ទទឹងទ្វារ៧ថ្ងៃនោះ ព្រះបរមគ្រូបានសម្តែងបុព្វកម្មថា កាលពីជាតិមុន កន្លងទៅ ព្រះសីវលិត្ថេរ កើតជាព្រះមហាក្សត្រក្រុងពារាណសី បានលើកទ័ពទៅឡោមព័ទ្ធនគរមួយ យកជាចំណុះ ដោយដាក់យោធាឱ្យបិទទ្វារធំៗរបស់នគរនោះ មិនឱ្យអ្នកនគរចេញចូលបានរយៈពេល៧ឆ្នាំ ៧ខែ ៧ថ្ងៃ ប៉ុន្តែស្តេចនគរតូចនោះ មិនព្រមចុះចាញ់ បណ្តាលឱ្យប្រជាពលរដ្ឋដាច់ពោះស្លាប់រាប់មិនអស់។ ចំណែកព្រះមាតាព្រះចៅក្រុងពារាណសី ក៏បានរួមចំណែកឱ្យបិទទ្វារតូចៗ ៧ថ្ងៃ មិនឱ្យរាស្ត្រចេញចូលបាន ប៉ុន្តែក្រោយមក ដោយមិនអាចទ្រាំបាន អ្នកនគរដែលជាប់ក្នុងការឡោមព័ទ្ធនោះ ក៏ព្រួតគ្នាធ្វើគុតស្តេចរបស់ខ្លួនចោល ថ្វាយរាជសម្បត្តិទៅព្រះចៅក្រុងពារាណសី ទើបទ្វារសេរីភាពបានបើកឡើង។ បាបកម្មដែលព្រះចៅក្រុងពារាណសី និងព្រះមាតាបានធ្វើនោះ ក៏ធ្លាក់ទៅសោយទុក្ខវេទនាក្នុងឋាននរក រាប់ម៉ឺនឆ្នាំ លុះងើបពីនរក ក៏មកកើតជាព្រះនាងសុប្បវាសា ទ្រង់គភ៌បុត្រា ៧ឆ្នាំ ៧ខែ ៧ថ្ងៃ ពេលប្រសូតជាប់ទទឹងទ្វារ ៧ថ្ងៃទៀត ទើបរំដោះកម្មពៀរនោះទៅ។ ឯរឿងដែលសីវលិត្ថេរ ជាប់ឯតទគ្គៈខាង មានលាភសក្ការៈលើសគេនោះ មកពីជាតិមុន បានកើតជាឈ្មួញទឹកឃ្មុំ បានដាក់បាត្រព្រគេនទឹកឃ្មុំដល់ “ព្រះពុទ្ធវិបស្សី” ទើបផលបុណ្យនោះហុចឱ្យវិញ។

ការលើករឿងនេះ មកបង្ហាញចង់បញ្ជាក់ថា “អតិ លោភោ ហិ បាបកោ” ពោលគឺហេតុតែលោភលន់ហួសប្រមាណទៅឡោមព័ទ្ធនគរគេ បណ្តាលឱ្យប្រជារាស្ត្រតូចតាចក្នុងនគរនោះ អត់បាយក្រហាយទឹក ទើបកម្មពៀរនោះ ផ្តល់ឱ្យព្រះសីវលិត្ថេរ និងព្រះមាតា។ រឿងនេះជាគតិសម្រាប់បង្ហាញផ្លូវអ្នកនយោបាយគ្រប់និន្នាការ យកទៅពិចារណា កុំប្រើយុទ្ធសាស្ត្រ “ខ្ទប់ច្រក” ព្រោះពៀរធ្ងន់ណាស់ ប៉ុន្តែបើបានទទួលកម្មពៀររួចហើយ ព្រះពុទ្ធអង្គមិនឱ្យចងពៀរគ្នាទេ ដូចរឿង “អង្គុលីមាល៍”។

ករណីសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ និងអ្នកម្នាង ជួបគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យអាណោចអាធ័មនោះ ឈ្មោះថា ព្រះអង្គបានឆ្លងផុតកម្មពៀរហើយ គួរតែអ្នកស្អប់ព្រះអង្គឈប់រិះគន់ ដៀមដាមទៀតទៅ ដោយបង្វែរមនោសញ្ចោតនា មកអាណិតអាសូរព្រះអង្គវិញ ទើបសមជាបុគ្គលប្រកបដោយគុណធម៌។ ជាទូទៅ បុគ្គលណាក៏មានពៀរវេរាអន្ទោលតាមប្រាណដូចគ្នា គ្រាន់តែធ្ងន់និងស្រាលប៉ុណ្ណោះ សូម្បីតែព្រះសម្មាសម្ពុទ្ធ បរមគ្រូ ក៏ជាប់កម្មពៀរដែរ ពោលគឺព្រះអង្គមានព្រះជន្ម តែ៨០ព្រះវស្សា ក៏ចូលបរិនិព្វានទៅ ដោយសារពីជាតិមុន កន្លងទៅ ព្រះអង្គបានសម្លាប់យក្ស ត្រូវយក្សដាក់បណ្តាសាថា ខ្លួនវាមានអាយុ២ម៉ឺនឆ្នាំឯណោះ មកក្ស័យត្រឹមអាយុ៨០ឆ្នាំ សូមឱ្យអ្នកសម្លាប់វា ក្ស័យត្រឹម៨០ឆ្នាំ រាល់ៗជាតិកុំបីខាន។ ដូច្នេះ ដើម្បីកុំឱ្យមានកម្មពៀរ លុះត្រាតែ “ពៀររម្ងាប់ដោយការមិនចងពៀរ” ឬវៀរចាក “អតិ លោភោ ហិ បាបកោ” ទើបជាផ្លូវនាំទៅព្រះនិព្វាន ជាឋានរំលត់ទុក្ខ។

សរុបទៅ “អតិ លោភោ ហិ បាបកោ” ជាការត្រាស់សម្តែងរបស់ព្រះពុទ្ធ បរមគ្រូ តម្រូវឱ្យអ្នកនយោបាយ អ្នកដឹកនាំប្រទេស អ្នកដឹកនាំក្រុមហ៊ុន កុំលោភលន់ហួសប្រមាណ នាំឱ្យប្រឈមមុខនឹងបាបកម្ម។ ប៉ុន្តែបើអ្នកនយោបាយនោះ កំពុងធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ពោរពេញទៅដោយសោកនាដកម្ម គួរតែបុគ្គលជាគូទំនាស់ បញ្ឈប់ការចងពៀរគ្នាតទៅទៀត ឬ “អហោសិកម្ម” ទើបពៀរនោះ ស្ងប់រលត់ទៅ លែងជួបទុក្ខសោករោគភ័យ ស្គាល់តែសុភមង្គលជានិរន្តរ៍៕

RELATED ARTICLES