បុរសសង្ហាចង្កាព្រែកប៉ែន ចំរ៉ុង ដែលសូម្បីតែជួបមុខកូនស្រីក៏មិនអាចធ្វើបានដូចឪពុកដទៃ ព្រោះថៅកែផលិតកម្មមហាហង្ស និងអតីតភរិយាចំរ៉ុង នាងភិន សុដាលីស មិនអនុញ្ញាត្តឱ្យបានជូបមុខកូនស្រីឈ្មោះ katherina ដែលជាតំណក់ឈាមចំរ៉ុង ជាដាច់ខាតនោះ ស្រាប់តែថ្មីៗនេះ ចំរ៉ុង បានបង្ហាញរូបភាពកៀកកើយជាមួយស្រីស្នេហ៍ថ្មី ដែលត្រូវគេដឹងថា ជាតារាសម្តែងម្នាក់ដែលមិនសូវល្បីឈ្មោះ។ ប៉ែន ចំរ៉ុង បានឱបថើបកៀកកើយជាមួយស្រីស្នេហ៍ថ្មី ជាមួយការធ្វើខួបកំណើតជាលក្ខណៈសាមញ្ញ ដែលនេះបញ្ជាក់ថា ពោះម៉ាយឥតខាន់ស្លានេះ រកបានម្ចាស់ចិត្តថ្មីស្អំរបួសបេះដូងទៅហើយ ខណៈដែលនាងភិន សុដាលីស នៅតែមាន និងប្រកាន់ជំហរជាដាច់អហង្ការថា នឹងមិនអនុញ្ញាតឱ្យប៉ែន ចំរ៉ុង មកជួបមុខកូនស្រីនាងជាដាច់ខាត ព្រោះថា តាមរយៈសកម្មភាពដែលអតីតប្តីរូបនេះ បង្ហាញនាពេលកន្លងមកថា រូបគេនឹកនាកូនស្រីខ្លាំងណាស់ ហើយចង់តែជួបមុខកូនស្រីនោះ ត្រូវបាននាងដាលីស អះអាងថា នោះគ្រាន់តែជាស្ទីលសម្តែងរបស់ចំរ៉ុង ប៉ុណ្ណោះ មិនមែនជាការពិតដែលស្តែងពីអារម្មណ៍ រវាងឪពុក និងកូននោះឡើយ។
គួរបញ្ជាក់ថា ប៉ែន ចំរ៉ុង បានបង្កាត់ភ្លើងស្នេហាជាមួយនាងភិន សុដាលីស ដែលជាកូនថៅកែផលិតកម្មមហាហង្ស ក្រោយពីអ្នកទាំង២ បានសម្តែងភាពយន្តរួមគ្នា ហើយអំឡុងពេលដែលចំរ៉ុង ផ្តាច់ស្នេហ៍ជាមួយនាង “វី” នៅហាងបុប្ផាជាយដែន ចំពេលដែលដាលីស ផ្តាច់ពាក្យពីអតីតគូដណ្តឹងលោកប៉ែន តុលា នោះ អ្នកទាំង២ក៏រួមរស់ជាមួយគ្នារហូតដាលីស ពពោះកូនស្រី ដោយមិនបានក្រាបផ្ទឹមឡើយ។ ដោយសារផ្ទុះកំហឹងងំក្នុងខ្លួន លោកថៅកែផលិតកម្មមហាហង្ស អ៊ិន សុភិន បានប្រកាសធ្វើសង្គ្រាមជាមួយប៉ែន ចំរ៉ុង ហើយគាត់មិនអនុញ្ញត្តឱ្យពិធីកររូបនេះ បានជួបមុខចៅស្រីគាត់ជាដាច់ខាត ទើបធ្វើឱ្យមានពេលខ្លះ ចំរ៉ុង បានត្រឹមបីកូនអ្នកជិតខាងមកឱប ដោយចាត់ទុកថាជាកូនបង្កើតរបស់ខ្លួនទៅវិញ តែសកម្មភាពទាំងនេះមិនអាចធ្វើឱ្យនាងភិន សុដាលីស និងលោកអ៊ិន សុភិន ទន់ចិត្តនិងជឿជាក់លើចំរ៉ុង ឡើយ ដោយមានតែការប្រកាសក្តែងៗថែមទៀតថា មិនឱ្យចំរ៉ុង មកជួប Katherina ដដែល។
ទស្សនិកជននិយាយថា មិនយូរទេ ចំណងស្នេហាថ្មីប៉ែន ចំរ៉ុង ជាមួយស្រីស្នេហ៍ថ្មី ជាតារាសម្តែងវ័យខ្ចីល្ហក់នោះ ប្រាកដជាបានកូនខ្ចីមួយទៀត ក្នុងពេលឆាប់ៗជាមិនខាន ព្រោះថា ពេលនេះ ចំរ៉ុង ដែលបែកបាក់នាងភិន សុដាលីស ជិត២ឆ្នាំនេះ រកបានម្ចាស់ចិត្តថ្មីស្អំរបួសបេះដូងទៅហើយ៕