Wednesday, March 12, 2025
Homeសន្ដិសុខសង្គមព្រួតវ៉ៃសន្លប់ស្តូក រួចប្រើយុទ្ធសាស្រ្តបង្វែងដាន

ព្រួតវ៉ៃសន្លប់ស្តូក រួចប្រើយុទ្ធសាស្រ្តបង្វែងដាន

ខេត្តព្រះសីហនុ ៖ យុវសិស្សចំនួន២នាក់ កំពុងឈរជជែកគ្នាលេង ស្រាប់តែត្រូវក្មេងទំនើងហូតខ្សែក្រវាត់មកវាយ បណ្តាលឱ្យសន្លប់ស្តូកស្តឹងរងរបួសធ្ងន់ រួចថាវ៉ៃច្រឡំមនុស្ស និងថែមទាំងបានប្រើយុទ្ធសាស្ត្របង្វែងដាន ដោយស្រែកថារូបគេគឺជាកូនមេប៉ុស្តិ៍ ទាំងដែលលោកមេប៉ុស្តិ៍ គ្មានកូនប្រុសសោះ។

ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលារសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចឡឥដ្ឋមួយកន្លែង ចុះពីផ្លូវជាតិលេខ៣ ចំងាយប្រមាណ៣-៤ម៉ែត្រ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់។

យុវជនជាសិស្សសាលាដែលត្រូវក្រុមក្មេងទំនើងព្រួតវ៉ៃបណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះចាន់ រិទ្ធ អាយុ២១ឆ្នាំ រៀនថ្នាក់ទី12A មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្រុមជនដៃដល់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែម្នាក់ក្នុងចំណោមនោះ បានស្រែកថា រូបគេគឺជាកូនលោកមេប៉ុស្តិ៍សាមគ្គី។

តាមប្រភពពីមិត្តភក្តិជនរងគ្រោះ ដែលមានវត្តមាននៅក្នុងហេតុការណ៍នោះដែរ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគេ និងមិត្តភក្តិ (ជនរងគ្រោះ) បានឈរជជែកគ្នាលេងនៅចំណុចខាងមុខឡឥដ្ឋ ខាងលើ ស្រាប់តែបន្តិចក្រោយមក ក៏លេចមុខជនដៃដល់២នាក់ បានមកព្រួតគ្នាវាយយកៗ ដោយហូតខ្សែក្រវាត់មកវាយទៅលើជនរងគ្រោះឈ្មោះចាន់ រិទ្ធ បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹងនៅនឹងកន្លែងតែម្តង។

ប្រភពដដែលបន្តថា លុះវាយជនរងគ្រោះរួចហើយ ជនបង្កបែរជាស្រែកថាវាយច្រឡំមនុស្សទៅវិញ ហើយក៏ប្រញាប់ប្រញាល់ឡើងជិះ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ចាកចេញពីកន្លែងកើតហេតុភ្លាមៗដែរ ប៉ុន្តែនៅមុនពេលចាកចេញទៅ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បានស្រែកថា “ អញកូនមេប៉ុស្តិ៍សាមគ្គី”។

ចំពោះករណីអំពើហិង្សាខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ វែកមុខក្រុមជនបង្ក និងសង្ស័យថា នេះគឺជាយុទ្ធសាស្ត្រថ្មី ដើម្បីបង្វែងដានសមត្ថកិច្ច ដោយពេលវ៉ៃជនរងគ្រោះហើយ ជនដៃដល់ បែរជាស្រែកថាខ្លួនគឺជាកូនលោកមេប៉ុស្តិ៍សាមគ្គី ដើម្បីកុំឱ្យសមត្ថកិច្ច ចាប់អារម្មណ៍ពីអត្តសញ្ញាណពួកគេ ប៉ុន្តែបើតាមសម្តីលោកអនុសេនីយ៍ឯក អ៊ឹង ផល នាយប៉ុស្តិ៍រដ្ឋបាលឃុំសាមគ្គី បានបដិសេធថា គ្រួសារលោកមិនមានកូនប្រុសនោះទេ មានតែកូនស្រី ហើយកូនស្រីច្បងគេ ទើបនឹងមានអាយុ១២ឆ្នាំប៉ុណ្ណោះ។ តែយ៉ាងណាករណីនេះ លោកនឹងសហការជាមួយសមត្ថកិច្ចជំនាញ ដើម្បីស្រាវជ្រាវតាមវែកមុខក្រុមជនដៃដល់ពិតប្រាកដ ដើម្បីនាំយកមកចាត់ការតាមច្បាប់។

ដោយឡែក ជនរងគ្រោះដែលទទួលរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារយកទៅស្គែននៅមន្ទីរពេទ្យខេត្តកំពត ហើយត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនៅភ្នំពេញ ដោយសាររងរបួសធ្ងន់ពេក៕

RELATED ARTICLES