ភ្នំពេញ ៖ នារីម្នាក់បានពឹងឱ្យអនាគតប្អូនថ្លៃ (ប្អូនប្រុសរបស់គូដណ្តឹង) ឌុបជូនទៅលេងផ្ទះម្តាយមីងនៅខេត្ត លុះធ្វើដំណើរបានពាក់កណ្តាលផ្លូវគាប់ជួនធ្លាក់ភ្លៀង ក៏ចូលជ្រកក្នុងផ្ទះសំណាក់ រួចក៏ចាប់បង្ខំរួចរ័ករហូតដល់បានសម្រេចចំនួន២ដង ជាហេតុធ្វើឱ្យខាងស្រីកើតទុក្ខមិនសុខចិត្ត ដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ខ្លួនប្អូនថ្លៃថ្លើមធំ យកមកចាត់ការតាមច្បាប់។
ករណីប្អូនប្រុសដឹកអនាគតបងថ្លៃស្រីចូលផ្ទះសំណាក់ បង្ខំរួមរ័ក២ដងនេះ បានកើតឡើងតាំងពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ មកម៉្លេះ នៅចំណុចផ្ទះសំណាក់យីហោ សន្តិភាពនៅម្តុំអូដឹម ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវខាងស្រីដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនប្អូនថ្លៃកំហូច កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចវង់ល្បែងមួយកន្លែង ស្ថិតក្នុងបុរីញូវថោន ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជាតិ ចាន់លីម អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលម្តាយមីង ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកនារីរងគ្រោះមានអាយុជាង២០ឆ្នាំ មុខរបររៀនកែសម្ផស្ស ស្នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅខេត្តតាកែវ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះជាតិ ចាន់លីម បានឆ្លើយបដិសេធថា រូបគេមិនបានចាប់រំលោភនារីរងគ្រោះ ដែលត្រូវជាអនាគតបងថ្លៃរបស់គេនោះឡើយ។ តាមពិត នៅថ្ងៃកើតហេតុ រូបគេត្រូវនារីរងគ្រោះ ទូរស័ព្ទហៅមកផ្ទះសំណាក់ខាងលើ រួចក៏ត្រូវរ៉ូវព្រមព្រៀងគ្នារួមរ័ក ដោយគ្មានការចាប់បង្ខំដូចអ្វីដែលនារីរងគ្រោះ ប្តឹងចោទប្រកាន់នោះទេ។
ក្រោយមក ម្តាយមីងជនសង្ស័យបានសុំធ្វើការសម្របសម្រួល ដោះស្រាយសងជំងឺចិត្តទៅនារីរងគ្រោះ ប៉ុន្តែដោយសារតែភាគីនារីរងគ្រោះ បានទាមទារជំងឺចិត្តចំនួន៣ពាន់ដុល្លារ ទើបស្ត្រីជាម្តាយមីងជនសង្ស័យឆ្លើយថា គ្មានលទ្ធភាព ក៏ត្រូវសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕
(ព័ត៌មានលម្អីត សូមអានកាសែតនគរធំ)