ភ្នំពេញ ៖ បុរសជនជាតិចិន រួមនឹងស្ត្រីខ្មែរកំពុងមានផ្ទៃពោះសរុបចំនួន៤០នាក់ ត្រូវបានសមត្ថកិច្ចចំរុះបើកប្រតិបត្តកការចុះបង្ក្រាបឃាត់ខ្លួន កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាមួយកន្លែង លេខ២អា និង៩អា ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ បន្ទាប់ពីសមត្ថកិច្ចជំនាញបានរកឃើញថា ស្ត្រីខ្មែរទាំងនេះកំពុងពពោះឱ្យជនជាតិចិន តាមរយៈការចាក់មេជីវិត។
សមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ប្រាប់ថា ប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនជាតិចិន និងស្ត្រីខ្មែរកំពុងមានផ្ទៃពោះខាងលើនេះ ត្រូវបានធ្វើឡើង ក្រោមកិច្ចសហការរវាងកម្លាំងនគរបាលខណ្ឌឫស្សីកែវ កម្លាំងការិយាល័យជួញដូរផ្លូវភេទ និងការពារអនីតិជន អាជ្ញាធរខណ្ឌ ឬស្សីកែវ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌឬស្សីកែវ ដោយមានការសម្របសម្រួលពីលោកកួច គឹមទ្បុង ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា ប្រតិបត្តិកការខាងលើនេះ បានសម្រេចលទ្ធផល ដោយធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន៤០នាក់ ក្នុងនោះរួមមាន បុរសជនជាតិចិនម្នាក់ឈ្មោះ LlU QlANG អាយុ៤៩ឆ្នាំ ស្ត្រីមានផ្ទៃពោះចំនួន៣៧នាក់ រួមនឹងមេកាចំនួន២នាក់ផងដែរ ព្រមទាំងដកហូតរថយន្ត បានចំនួន២គ្រឿងទៀតផង រួមមាន រថយន្តម៉ាក Lexus-470 មួយគ្រឿង និងរថយន្តម៉ាកស៊ាំយ៉ុង រួមនឹងម៉ូតូ១គ្រឿងផងដែរ៕