Sunday, November 17, 2024
Homeតារាខ្មែរមាស សុខសោភា ឬឱក សុគន្ធកញ្ញា រៀបការមុន?

មាស សុខសោភា ឬឱក សុគន្ធកញ្ញា រៀបការមុន?

តារាចម្រៀងស្រីលំដាប់កំពូលទាំង2ដួង មកពីផលិតកម្ម2ផ្សេងគ្នា គឺនាងមាស សុខសោភា របស់ផលិតកម្មថោន និងឱក សុគន្ធកញ្ញា របស់ផលិតកម្មរស្មីហង្សមាស សុទ្ធតែមានគូស្នេហ៍ថ្មីរៀងៗខ្លួនអស់ទៅហើយ នៅឆ្នាំ2018 នេះ ដែលជីវិតឯកជនរបស់តារាល្បីល្បាញទាំង2ដួងនេះ លែងអាថ៌កំបាំងតទៅទៀតហើយ។ យ៉ាងណា តារាចម្រៀងដែលធ្លាប់ប្រជែងគ្នាយ៉ាងស្វិតស្វាញទាំង2ដួង មាស សុខសោភា និងឱក សុគន្ធកញ្ញា នេះ នៅមិនទាន់កំណត់ថ្ងៃនៃការចូលរោងការដូចគ្នានៅឡើយ ព្រោះថា សុខសោភា រង់ចាំមើលសុគន្ធកញ្ញា ដែរ បើអ្នកចម្រៀងហង្សមាស រូបនោះ ហ៊ានរៀបការ ទើបនាងរៀបការដែរ តែបើសុគន្ធកញ្ញា មិនហ៊ានរៀបការ ព្រោះខ្លាចធ្លាក់កូដនោះ នាងនឹងបន្តការមិនចូលរោងការតទៅទៀតជាមិនខាន។  ទោះជាយ៉ាងណា អ្នកគាំទ្រតារាចម្រៀងល្បីល្បាញទាំង2ដួងនេះ នៅតែរង់ចាំអ៊ុតមើលថា តើរវាងមាស សុខសោភា និងឱក សុគន្ធកញ្ញា មួយណា ជាអ្នកចូលរោងការមុនទៅ?

មាស សុខសោភា បានផ្តាច់ស្នេហ៍អតីតសង្សារជាតន្ត្រីករម្នាក់ នៅក្លឹបកម្សាន្ត ហើយនាងបានភ្ជាប់ស្នេហ៍ថ្មីជាបុរសអាណិកជនខ្មែរ នៅកាណាដា លោកអ៊ឹត រ៉ាដា តាំងពីឆ្នាំ2007 បន្ទាប់ពីនាងទៅច្រៀងសម្តែងនៅកាណាដា ហើយមានទំនាក់ទំនងស្នេហាជាមួយគ្នាមក។ តារាចម្រៀងសំនៀងពិរោះ មាស សុខសោភា ធ្លាប់រងភាពអាម៉ាស់ខ្លាំង នៅពេលដែលនាងប៉ះរឿងស្នេហ៍ដ៏រសើប គឺការបែកធ្លាយរូបភាពឱបថើបបឺតមាត់គ្នា យ៉ាងស្រើបស្រាលជាមួយលោករ៉ាដា ត្រូវបានគេចែកចាយពេញបណ្តាញសង្គម ហើយភ្លាមៗនោះ សោភា បានចេញមកសន្យាថា នាងនឹងដឹកដៃគូស្នេហ៍ចូលរោងការតាមប្រពៃណីខ្មែរ មិនឱ្យផុតពីឆ្នាំ2009ឡើយ។ ប៉ុន្តែ ការថត Pre- Wedding រួចរាល់អស់ទៅហើយ ត្រៀមតែចូលក្រាបផ្ទឹមនោះ ស្រាប់តែចុងក្រោយ មាស សុខសោភា បានប្តូរចិត្តលែងហ៊ានរៀបការជាចំហទៅវិញ ដោយនាងអះអាងថា បានរៀបការតាមបែបសាសនាគ្រឹះម្តងរួចទៅហើយ កាលពីឆ្នាំ2008 នៅព្រះវិហារមួយនៅកាណាដា ដោយគ្រាន់តែបំពាក់ចិញ្ជៀនឱ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ ហេតុនេះហើយនាងមិនចាំបាច់កំណត់នៃការចូលរោងការតាមប្រពៃណីខ្មែរ ថា គួរតែធ្វើនៅពេលណានោះទេ។

មាស សុខសោភា បានរួមរស់ក្រោមដំបូលផ្ទះវីឡាទ្រនំស្នេហ៍តែមួយជាមួយលោកគ្រូពេទ្យអ៊ឹត រ៉ាដា ហើយពេលនេះ នាងមានទ្រព្យសម្បត្តិគ្រប់យ៉ាង ដែលប៉ងប្រាថ្នាពីមុន បូករួមទាំងការលេងម៉ូដរថយន្តទំនើបៗផង ហើយពេលនេះ នាងជិះរថយន្ត Land Cruiser V8 តម្លៃជិត10ម៉ឺនដុល្លារ។ មាស សុខសោភា ត្រូវបានថៅកែផលិតកម្មថោន អនុញ្ញាតឱ្យនាងច្រៀងផលិតកម្មផ្ទាល់ខ្លួន Camtrax ហើយនៅឆ្នាំ2018 នេះ សោភា បានប្រកាសថា នាងនឹងត្រៀមថតភាពយន្តភាគមួយផងដែរ។ ដោយឡែក រឿងរៀបការវិញ តារាចម្រៀងច្រៀង2 ផលិតកម្មផ្សេងគ្នានេះ នៅតែមិនទាន់កំណត់ពេលវេលាច្បាស់លាស់ទេ ហើយនាងនិយាយបែបប្រយោលថា អាច2 ទៅ3ឆ្នាំខាងមុខទៀត ទើបគិតគូរ។

ឱក សុគន្ធកញ្ញា បានក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ក្រោយពេលដែលលោកអ៊ឹង សុខលី ជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ដែលជាប្អូនលោកឆៃងួន បានធ្វើពិធីចូលស្តីដណ្តឹង កាលពីថ្ងៃទី18 ខែមិថុនា ឆ្នាំ2018 បូកជាមួយពិធីឡើងវីឡាទ្រនំស្នេហ៍ថ្មី តម្លៃជាង20ម៉ឺនដុល្លារ នៅបុរីអ័រគីដេវីឡា នៅក្បែរសាលាណតប៊្រីដ មក។  សឹងតែគ្មានអ្នកណាជឿឡើយថា ឱក សុគន្ធកញ្ញា  នឹងក្លាយទៅជាអនាគតភរិយារបស់លោកសុខលី នោះ ព្រោះតាមប្រភពថា ប្អូនថៅកែហង្សមាស រូបនោះ ធ្លាប់មានសង្សារជាតារាល្បីៗ មិនក្រោម6នាក់ទេ ដែលចែកផ្លូវគ្នាអស់ ទម្រាំមកភ្ជាប់ស្នេហ៍ទី7 ជាមួយឱក សុគន្ធកញ្ញា នេះ។ តែទីបំផុត អ្វីៗនៅតែអាចកើតមានឡើង ស្របពេលដែលនេះជាប្រវត្តិសាស្ត្រមួយដែរ សម្រាប់គ្រួសារអ្នកជំនួញធំ ក្រុមហ៊ុនហង្សមាស ដោយសារតែកន្លងមក គ្រួសារលោកឧកញ៉ានេះ មិនមានអ្នកណាម្នាក់ភ្ជាប់សាច់ឈាមជាមួយតារាៗឡើយ គឺទើបតែលោកអ៊ឹង សុខលី នេះម្នាក់ប៉ុណ្ណោះ ដែលយកប្រពន្ធជាអ្នកចម្រៀងល្បីឈ្មោះ គឺឱក សុគន្ធកញ្ញា នេះឯង។

មជ្ឈដ្ឋានអ្នកសិល្បៈបានលើកឡើងថា ឱក សុគន្ធកញ្ញា  នឹងកាន់តែមានអំណាចជាងមុន ពេលដែលនាងក្លាយជាប្អូនថ្លៃថៅកែហង្សមាស នៅពេលនេះ តែការកំណត់នៃការចូលរោងការនៅតែមិនទាន់ តូវបានក្រុមគ្រួសារទាំងសងខាងបញ្ចោញដដែល ខណៈដែលមាស សុខសោភា រង់ចាំមើលឱក សុគន្ធកញ្ញា ដេញពេលារៀបការជាក់លាក់សិន  ទើបនាងកំណត់ថ្ងៃរៀបការតាមក្រោយដែរ ព្រោះថា បើតារាល្បីទាំង2រៀបការ ហើយធ្លាក់ចុះវិញ គឺធ្លាក់ទាំង2 តែបើមិនរៀបការ គឺមិនការដូចគ្នាដែរ៕

RELATED ARTICLES