ខេត្តព្រះសីហនុ ៖ យុវជន២នាក់បានទិញស្រាយកមកអង្គុយផឹកស៊ីជុំគ្នា លុះផឹកស្រវឹងក៏ចាប់ផ្តើមក្លែមសម្តី ដាក់គ្នាទៅវិញទៅមក ក៏ធ្វើឱ្យកើតជាទំនាស់ពាក្យសម្តី ឈានទៅដល់អំពើហ្សិា ដោយភាគីម្ខាងទប់ចិត្តមិនបាន ក៏ស្ទុះទៅទាញពូថៅកាប់ទៅលើគូទំនាស់ចំនួន៣ពូថៅបណ្តាល ឱ្យរងរបួសត្រង់ក្បាលយ៉ាងធ្ងន់។
ករណីអំពើហិង្សា ផ្តើមចេញពីការផឹកស៊ីស្រវឹងក្លែមសម្តីដាក់គ្នានេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា។
ជនបង្កហេតុមានឈ្មោះឯក សុមេត្តា អាយុ២២ឆ្នាំ មុខរបរកម្មករក្នុងចំការ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះម៉ាន់ នុច អាយុ១៨ឆ្នាំ ធ្វើការ និងស្នាក់នៅជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនបង្ក បានទិញស្រាមកផឹកស៊ីជុំគ្នាយ៉ាងសប្បាយក្អាកក្អាយ លុះចាប់ផ្តើមស្រវឹងធ្លាក់ភ្នែក ក៏ស្រាប់តែជនរងគ្រោះ និងជនដៃដល់ ចាប់ផ្តើមក្លែមសម្តី ឌឺដងដាក់គ្នា រហូតក្លាយជាទំនាស់ ពាក្យសម្តីយ៉ាងក្តៅគគុករហូតឈានដល់អំពើហិង្សា ដោយភាគីជនដៃដល់ទប់ចិត្តមិនបាន ក៏ស្ទុះទៅទាញពូថៅចូលទៅកាប់ប្រហារជនរងគ្រោះ ចំនួន៣ពូថៅចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកជនបង្កបានព្យាយាមគេចខ្លួន តែត្រូវកម្លាំងកងរាជអាវុធហត្ថ តាមប្រមាញ់ឃាត់ខ្លួនបាន នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១២៩ រួចក៏នាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕