Monday, October 20, 2025
Homeព័ត៌មានជាតិបរិយាយថ្ងៃនេះ ៖ ផ្លែចេក សម្លាប់ដើមចេក

បរិយាយថ្ងៃនេះ ៖ ផ្លែចេក សម្លាប់ដើមចេក

ពុទ្ធភាសិត ជាមគធភាសា មានសេចក្តីប្រែថា “ផ្លែចេក សម្លាប់ដើមចេក ផ្លែប្ញស្សី សម្លាប់ដើមប្ញស្សី” មានខ្លឹមសារអប់រំបុគ្គលគ្រប់រូបកុំឈ្លក់វង្វេងនឹងលាភសក្ការៈ បុណ្យស័ក្តិ ដែលមិនប្រកបដោយធម៌សុចរិត។ ខណៈដែលការបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី៦ ជិតចូលមកដល់ យើងឃើញមានការរិះគន់វាយប្រហារគ្នាពាក់ព័ន្ធអំពើពុករលួយ ឡើងបុណ្យតាមខ្សែ ជាដើម ធ្វើឱ្យភាគីដែលរងការរិះគន់នោះខឹងសម្បា ប៉ុន្តែបើគេរិះគន់ហើយ មិនព្រមកែខ្លួន អាចដើរជាន់ពុទ្ធភាសិតខាងលើ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ផ្លែចេក សម្លាប់ដើមចេក” បើពោលតាមន័យត្រង់ សំដៅដល់អ្នកចម្ការប្រកបរបរដាំចេកអំបូង ចេកពងមាន់ ចេកណាំវ៉ា សម្រាប់លក់។ គាត់ព្យាយាមថែទាំដើមចេករាល់ថ្ងៃ រហូតដល់វាចេញត្រយូង បើជួនជាមានគ្រោះរាំងស្ងួត ក៏បូមទឹកទៅស្រោច លុះវាចេញផ្លែ ក៏យកឈើទៅទល់ស្ទង ការពារក្រែងខ្យល់បក់បាក់ក។ នៅពេលផ្លែចេកស្រគាល ឬមានទុំមួយៗ កសិករនោះចាប់ផ្តើម “កាប់ដើមចេក” ដើម្បីយកផ្លែទៅលក់ ជួនកាលលើងគល់ចោល ភ្ជួររាស់ដាំជាថ្មី។ បើផ្លែចេក មិនទាន់ដល់កំណត់ដឹកទៅលក់ ក៏គ្មានអ្នកណាកាប់ដើមចេកនោះដែរ នេះហើយជាខ្លឹមសារ “ផ្លែចេក សម្លាប់ដើមចេក” នេះឯង។

“ផ្លែប្ញស្សី សម្លាប់ដើមប្ញស្សី” បើបរិយាយតាមន័យត្រង់ សំដៅដល់ដើមប្ញស្សីស្រុក ប្ញស្សីពីងពង់ ដែលកសិករដាំនៅជាយរបង ដោយមិនសូវកាប់វាប្រើការទេ។ ធម្មតាប្ញស្សី សម្រាប់យកទៅធ្វើរន្ទា ឬបិតធ្វើចង្អេរ កញ្ជើ កញ្ច្រែង លប ទ្រូ ជាដើម ប៉ុន្តែបើម្ចាស់មិនកាប់វាប្រើការ ចេះតែទុកឱ្យចាស់ទៅៗ ចាប់ពី១០ឆ្នាំឡើងទៅ ប្ញស្សីនោះនឹងចេញផ្លែជាចង្កោម មិនអាចហូបកើតដូចទំពាំងនោះទេ។ នៅពេលប្ញស្សីចេញផ្លែ ធ្វើឱ្យដើមប្ញស្សីពុកខាងចុង ឬមានកណ្តៀរស៊ីគល់ រហូតដល់ងាប់ជាបណ្តើរៗ ដើម្បីកុំឱ្យចង្អៀតគុម្ព សម្រាប់ទំពាំងដុះឡើងបន្តវេន ឬ “ទំពាំងស្នងប្ញស្សី” គឺមកពីប្ញស្សីចាស់ចេញផ្លែងាប់នេះឯង ដែលជាខ្លឹមសារ “ផ្លែប្ញស្សី សម្លាប់ដើមប្ញស្សី”។

បើបរិយាយជាលក្ខណៈប្រៀបធៀប “ផ្លែចេក សម្លាប់ដើមចេក ផ្លែប្ញស្សី សម្លាប់ដើមប្ញស្សី” បានដល់បុគ្គលដែលមានបណ្តាស័ក្តិ ឬមន្ត្រីដែលមានការតែងតាំងតាមលំដាប់លំដោយឋានានុក្រម ប្រព្រឹត្តអំពើពុករលួយ បក្ខពួក គ្រួសារនិយម។ មន្ត្រី ឬ ឥស្សរជន ដែល “ប្រជារាស្ត្របោះឆ្នោតឱ្យ” មិនខុសពី “កសិករដាំចេក” កាលបើបានដុះនៅលើដីប្រកបដោយជីជាតិ ក៏ប្រឹងលូតលាស់ ស្រូបយកជីបញ្ចោញជាត្រយូង និងផ្លែថ្លោសៗ។ ការស្រូបយកជីជាតិ បញ្ចោញផ្លែនេះ សំដៅដល់ការកេងប្រវ័ញ្ចប្រព្រឹត្តអំពើពុករលួយនេះឯង កាលបើដល់កំណត់ ឬអស់បុណ្យវាសនា នឹងត្រូវ “ប្រជារាស្ត្រដកសេចក្តីទុកចិត្ត” ធ្លាក់ទៅក្នុងសេចក្តីវិនាសមួយរំពេច។

អំពើពុករលួយ សង្គមណា ប្រទេសណាក៏មានដែរ គ្រាន់តែក្រាស់ ឬស្តើងប៉ុណ្ណោះ សូម្បីរបបប៉ុល ពត ក៏មានកម្មាភិបាល ឬមេកងពុករលួយដែរ ដូចជា មេកងចល័តស្ទើរទាំងអស់ លួចស៊ីបាយក្នុងរោងចុងភៅ ឯចុងភៅនោះតែងចម្អិនម្ហូបឆ្ងាញ់ៗ ទុកជូនមេកង ខណៈដែលកូនកងចល័ត ស៊ីអត់ស៊ីឃ្លាន ចែកបបររាវកក្លូក។ ក្នុងរបបលន់ នល់ នាយទាហានចាប់ពីថ្នាក់មេបញ្ជាការកងវរសេនាតូចឡើងទៅ សុទ្ធតែចេះរបៀប “លួចស៊ីប្រាក់ខែទាហានខ្មោច” ដែលរបៀបស៊ីនោះ បានឆ្លងមកដល់សម័យបច្ចុប្បន្ន ដោយឃើញរដ្ឋាភិបាល ចាត់វិធានការ “ដេញខ្មោចទៅចាប់ជាតិ” ដែលខ្មោចទាំងនោះ នៅក្នុងចំណោមមន្ត្រីរាជការ ស៊ីវិល ក៏មានដែរ មិនថាតែក្នុងជួរកងទ័ព។ ការឡើងបុណ្យស័ក្តិតាមខ្សែ ឬឡើងតាមដុល្លារ កើតមកពីសំណូក ឯសំណូកនាំឱ្យអ្នកស៊ីកាន់តែមានទៅៗ ដូចដើមចេកចេញត្រយូង ប៉ុន្តែបើកាលណាចេញផ្លែ ច្បាស់ជាដើមចេកនោះ ត្រូវក្ស័យមិនខានឡើយ។

ករណីលោកណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចាញ់ឆ្នោតបះជើងនោះ គឺមកពី “ផ្លែចេក សម្លាប់ដើមចេក” នេះឯង ពោលគឺមកពីគាត់ពុករលួយខ្លាំងពេក បានជាពលរដ្ឋម៉ាឡេស៊ី “កាប់ដើមចេកហ្នឹងចោល”។ គ្រាន់តែភរិយារបស់គាត់ ប៉ូលិសឆែកឃើញកាបូបយួរ ដែលកាបូបមួយៗ មានតម្លៃខ្ទង់ម៉ឺនដុល្លារ និងរកឃើញជាង៤០០កាបូបឯណោះ ពិតជាមិនធម្មតា។ លោកហ្វែរឌីណង់ ម៉ារកូស (Ferdinand Marcos) អតីតប្រធានាធិបតីហ៊្វីលីពីន កាន់អំណាចពីឆ្នាំ១៩៦៥-១៩៨៦ ក៏ពុករលួយខ្លាំងដែរ គ្រាន់តែស្បែកជើងប្រពន្ធគាត់ លោកស្រីអ៊ីម៉ែលដា (Imelda) ប៉ូលិសឆែកឃើញគរពេញបន្ទប់ ដល់ទៅជាង១០០០គូឯណោះ ដែលស្បែកជើង ១គូៗ តម្លៃរាប់រយដុល្លារ ដោយមិននិយាយពីលុយពុករលួយរាប់ពាន់លានដុល្លារ ផ្ញើនៅប្រទេសស្វីស នោះទេ។

នៅក្នុងរឿង “ព្រះបាទមន្ធាតុ” ក្នុងគម្ពីរព្រះពុទ្ធសាសនា ក៏បានតំណាលពីស្តេចចក្រពត្តិ ១អង្គ ព្រះនាមមន្ធាតុ មានប្ញទ្ធិខ្លាំងពូកែណាស់ ដោយមាន “ចក្ករតន៍” កាន់គ្រវីហោះហើរដើរលើអាកាសបាន សូម្បីព្រះឥន្ទ ក៏ខ្លាចដែរ។ ព្រះអង្គសោយរាជ្យ ក្នុងជម្ពូទ្វីប មិនឆ្អែតឆ្អន់ ក៏ទៅប្លន់យកទេវសម្បត្តិពីស្តេចចតុលោកបាលសោយទៀត បន្ទាប់មក ក៏ទៅដណ្តើមរាជ្យពីព្រះឥន្ទកោសិយ។ ដោយមិនចង់មានជម្លោះ ព្រះឥន្ទបានបែងចែកឋានត្រៃត្រិង្ស ពាក់កណ្តាលឱ្យព្រះបាទមន្ធាតុគ្រប់គ្រង ដោយមានស្រីទេពអប្សរ រាប់សែនអង្គ ចោមបម្រើ។ ស្តេចចក្រពត្តិនោះ នៅតែមិនស្កប់ព្រះទ័យ ក៏គិតថា បើសម្លាប់ព្រះឥន្ទ យកឋានត្រៃត្រិង្សទាំងអស់គ្រប់គ្រងម្នាក់ឯង ទើបសមនឹងប្ញទ្ធានុភាព។ គ្រាន់តែគិតចង់ធ្វើគុតព្រះឥន្ទ យករាជ្យសោយ ស្រាប់តែស្តេចនោះអស់បុណ្យបារមី ធ្លាក់មកដល់ផែនដីវិញ សោយទិវង្គតទៅ…។

ការលើកឡើងពីអំពើពុករលួយ លោភលន់ហួសប្រមាណ តាមរយៈរឿងពិត និងក្នុងគម្ពីរសាសនានេះ ស្តែងឱ្យឃើញថា បុគ្គលខ្លាំងពូកែយ៉ាងណាក៏ដោយ កាលបើ “មហិច្ឆតាគ្របសង្កត់” បានហើយចង់បានទៀត មិនចេះឆ្អែតឆ្អន់ នឹងវិនាសខ្លួនឯង បាត់បង់កិត្តិយសគ្មានសល់។ ផ្ទុយទៅវិញ បើអន្តរាយខ្លួនដោយសារការងារបម្រើមនុស្សជាតិ ជារឿងថ្លៃថ្នូរបំផុត ឧទាហរណ៍ លោកហ្សង់ ហ្សាក់ រូសសូ (Jean Jacques Rousseau) អ្នកចងក្រងវចនានុក្រមបារាំង យ៉ាងពិស្តារ ត្រូវអ្នកសិក្សាយកទៅប្រើប្រាស់ពេញពិភពលោកនោះ ទីបំផុត គាត់ត្រូវ “ខ្សោះខ្លួន ដោយសារវចនានុក្រម” ពោលគឺ គាត់ទទួលមរណភាព ក្រោយពេលវចនានុក្រមបោះពុម្ពផ្សាយរួច ធ្វើឱ្យប្រជាជនបារាំង សោកស្តាយគាត់ជាពន់ពេក។

ដូច្នេះយើងឃើញថា បុគ្គលពុករលួយ លោភលន់មិនចេះឆ្អែត ចៀសមិនផុតពីទណ្ឌកម្មរបស់ពលរដ្ឋ មិនខុសពីម្ចាស់ចម្ការ កាប់ដើមចេកចោល យកផ្លែទៅលក់។ ប៉ុន្តែបើបុគ្គលសាងប្រយោជន៍ដើម្បីប្រជាជាតិ ដូចលោកហ្សង់ ហ្សាក់ រូសសូ បានត្រឹមពលរដ្ឋអាឡោះអាល័យបន្សល់ទុកកេរ្តិ៍ឈ្មោះមិនសាបសូន្យ។ ហេតុនេះ គួរតែអ្នកនយោបាយខ្មែរ គ្រប់និន្នាការ ឬមន្ត្រីអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ដែលកំពុងប្រព្រឹត្តអំពើពុករលួយ ព្យាយាមកែខ្លួនទៅ មិនទាន់ហួសពេលទេ ប៉ុន្តែបើមិនព្រមកែ ច្បាស់ជាត្រូវទណ្ឌកម្មពីប្រជាពលរដ្ឋម្ចាស់ឆ្នោតមិនខានឡើយ។

សរុបទៅ “ផ្លែចេក សម្លាប់ដើមចេក” ជាពុទ្ធភាសិតដ៏មានតម្លៃ តម្រង់ផ្លូវបុគ្គលពុករលួយ បក្ខពួក គ្រួសារនិយម ឱ្យមានការប្រុងប្រយ័ត្ន ក្រែងគ្រោះថ្នាក់ដោយសារប្រជាពលរដ្ឋ។ បុគ្គលពុករលួយ ទោះជាព្យាយាមលាក់មុខយ៉ាងណា ក៏ “លាក់មុខ គូទនៅកណ្តាលវាល” ឬ “ដំរីសារស្លាប់ យកចង្អេរទៅបាំង” ធ្វើម្តេចនឹងជិត។ បើស្លាប់ព្រោះវចនានុក្រម ដូចលោករូសសូ អ្នកប្រាជ្ញអក្សរសាស្ត្របារាំង គេសរសើរ តែបើអស់បុណ្យ ឬរលត់សង្ខារ ដូចព្រះបាទមន្ធាតុ ឬបុគ្គលពុករលួយ បំផ្លាញជាតិ បានត្រឹមអសោចកេរ្តិ៍ និងមហាជនថ្កោលទោសតែប៉ុណ្ណោះ៕

RELATED ARTICLES