Wednesday, March 12, 2025
Homeសន្ដិសុខសង្គមបុកដើមស្វាយបាក់រថយន្តជាពីរ ស្លាប់៤ របួស១១

បុកដើមស្វាយបាក់រថយន្តជាពីរ ស្លាប់៤ របួស១១

ខេត្តតាកែវ ៖ រថយន្តក្រុងរបស់អង្គការ សង្គ្រោះកុមារមួយគ្រឿង ទើបនឹងត្រឡប់មកពីធ្វើសកម្មភាពមនុស្សធម៌នៅទីរួមខេត្តកំពត បំណងត្រឡប់ទៅអង្គការនៅភ្នំពេញវិញ ស្រាប់តែមកដល់ពាក់កណ្តាលផ្លូវ ក៏ជ្រុលចង្កូតក្រឡាប់ បុកដើមស្វាយ បណ្តាលឱ្យបាក់រថយន្តជាពីរ ចំណែកអ្នកដំណើរក្នុងរថយន្ត៤នាក់ បានស្លាប់ ចំណែក១១នាក់ទៀត ទទួលរងរបួសធ្ងន់ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះ គីឡូម៉ែត្រលេខ៨៤-៨៥ ស្ថិតក្នុងភូមិកំសី ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះទាំង៤នាក់ ដែលបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ រួមមានទី១-ឈ្មោះស៊ុក រ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ (ស្លាប់នៅនឹងកន្លែង) ទី២-ឈ្មោះកូ លីណា ភេទស្រី អាយុប្រហែល៣០ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ (ស្លាប់នៅនឹងកន្លែង) ទី៣-ឈ្មោះឡូ រ៉ា ភេទស្រី អាយុប្រហែល៣៥ឆ្នាំ ជនជាតិអូស្ត្រាលី បុគ្គលិកអង្គការ Save Children (ស្លាប់នៅនឹងកន្លែង) និងទី៤-មិនស្គាល់ឈ្មោះភេទស្រី ជាបុគ្គលិកអង្គការជាមួយគ្នា (ស្លាប់នៅមន្ទីរពេទ្យ)។ ចំណែកអ្នករងរបួសធ្ងន់ មានចំនួន៧នាក់ (ប្រុស៥ ស្រី២) នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ដោយឡែកអ្នករងរបួស ស្រាល មានចំនួន៤នាក់ (ប្រុសទាំង៤) មិនទាន់ស្គាល់អត្តសញ្ញាណដូចគ្នា។ ជនរងគ្រោះទាំង១១នាក់ ដែលរងរបួសធ្ងន់-ស្រាល កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0628 បើកបរដោយបុរសមិនស្គាល់អត្ត-សញ្ញាណ (ក្រោយកើតហេតុបានរត់គេចខ្លួនបាត់) បានបើកមកពីទិសខាងលិចទៅកើត លុះ ដល់ចំណុចកើតហេតុខាងលើ មិនដឹងជាមានឧបសគ្គអ្វី ក៏ស្រាប់តែរថយន្តបានរេចង្កូតធ្លាក់ទៅ ចិញ្ចើមផ្លូវខាងត្បូង បុកនឹងដើមស្វាយក្រឡាប់ បណ្តាលឱ្យស្លាប់ និងរងរបួសអ្នកដំណើរក្នុង រថយន្តចំនួន១៥នាក់តែម្តង។

តាមប្រភពពីជនរងគ្រោះ ដែលរងរបួសស្រាល បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុពួកគាត់ទើបនឹងធ្វើដំណើរមកពីធ្វើសកម្មភាពមនុស្សធម៌នៅទីប្រជុំជនខេត្តកំពត ព្រោះពួកគាត់ជាក្រុមអង្គការជួយកុមារកំព្រា ស្រាប់តែពេលធ្វើដំណើរមកដល់ចំណុចកើតហេតុមិនដឹង ជាយ៉ាងម៉េចរថយន្តក៏ក្រឡាប់ បណ្តាលឱ្យស្លាប់ និងរបួសរដូករណែលបែបនេះតែម្តង។

ក្រោយកើតហេតុភ្លាមៗ គេឃើញលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញស្រុក ចុះដល់កន្លែងកើតហេតុចាត់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្ត រួចធ្វើការវាស់វែង និងធ្វើកំណត់ហេតុដកហូតវត្ថុតាងរថយន្តយកមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីបំពេញបែបបទតាមនីតិវិធី។

ចំណែកសពជនរងគ្រោះក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី រីឯសពស្ត្រីជនជាតិអូស្ត្រាលី ត្រូវបានបុគ្គលិកអង្គការដឹកតាមរថយន្ត យកទៅរាជធានីភ្នំពេញ។

តាមការសន្និដ្ឋានជាជំហានដំបូងរបស់ សមត្ថកិច្ចជំនាញ មូលហេតុដែលនាំឱ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺអាចបណ្តាលមកពីអ្នកបើកបររថយន្ត ងងុយដេក ទើបធ្វើឱ្យរថយន្តរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់បុកដើមស្វាយបាក់ជា២កំណាត់ បង្កឱ្យមានមនុស្សស្លាប់ និងរបួសតែម្តង៕

RELATED ARTICLES