សាស្ត្រាច្បាប់កេរ្តិ៍កាល ១ល្បះ សរសេរថា “ការក្រកុំគិតងាយ ការសម្ទាយជាកំរោល សន្សឹមកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា” មានខ្លឹមសារអប់រំល្អណាស់ សម្រាប់អ្នកជំនួញធំៗ ឬអ្នកនយោបាយគ្រាក់ៗ យកទៅអនុវត្ត។ បន្ទាប់ពីអង្គការមួយចំនួន ដែលធ្លាប់ដាក់អ្នកសង្កេតការណ៍បោះឆ្នោតជាច្រើនអាណត្តិ បែរជាដកខ្លួនថយ ហើយត្រូវបានអ្នកនាំពាក្យ គ.ជ.ប និងអ្នកនាំពាក្យបក្សកាន់អំណាច ថា “មិនខ្វល់” ព្រោះអាងមានអង្គការថ្មីៗផ្សេងទៀត លោតចូលជំនួសនោះ គួរ “កុំគិតងាយពេក” ដែល “នគរធំ” ក្តាប់សភាពការណ៍បាន ក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ជាបឋម គួរយល់ឃ្លាឃ្លោងបុរាណាចារ្យជាមុនសិន ដើម្បីងាយស្រួលយកមកប្រៀបធៀបនឹងស្ថានការណ៍បច្ចុប្បន្ន ៖
-“ការក្រកុំគិតងាយ” សំដៅដល់កិច្ចការណាដែលយូរៗបានធ្វើម្តង ដូចជាសង់ផ្ទះ បើកក្រុមហ៊ុន ទិញដី ជាដើម ជាកិច្ចការ យូរៗបានធ្វើម្តង មិនមែនធ្វើរាល់ថ្ងៃនោះទេ បើគិតមិនល្អិតល្អន់ នាំឱ្យកិច្ចការនេះដួលរលំកណ្តាលទី។
-“ការសម្ទាយជាកំរោល” សំដៅដល់អ្នកចាប់កិច្ចការទាំងទទឹងទិស កំរោលបួនជ្រុង មិនស្តាប់យោបល់គេឯង ក៏ងងឹតមុខដួល ព្រោះតែការងារនោះ។
-“សន្សឹមកុំបំបោល” តម្រូវឱ្យចាប់ការងារបែបសន្សឹមៗ កុំបង្ខំ កុំបំបោលដូចសេះ ទើបការងារនោះបានលទ្ធផលល្អ។
-“ក្រែងពុំដល់ដូចប្រាថ្នា” បើមិនបានគិតគូរឱ្យល្អិតល្អន់ ធ្វើទាំងកំរោល បំបោលបំផាយឱ្យឆាប់ដល់ទីដៅ ច្បាស់ជាស្កុនដំណើរកណ្តាលផ្លូវ ដោយបាក់រទេះ ឬសេះផុងជង្ហុក ថ្លោះជើង ជាដើម។
បើយកឃ្លាឃ្លោងច្បាប់កេរ្តិ៍កាលនេះ មកប្រៀបធៀបនឹងរឿងនយោបាយ យើងឃើញថា បក្សកាន់អំណាច CPP ក៏ដូចគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រឹងប្រែងខ្លាំងណាស់ក្នុងការអូសទាញប្រជាពលរដ្ឋឱ្យទៅបោះឆ្នោត ខណៈដែល “ខ្មោចបក្សសង្គ្រោះជាតិ” (CNRP) ព្យាយាម “អន្ទងព្រលឹង” ពលរដ្ឋឱ្យធ្វើពហិការ។ ពីមុន រាល់ពេលបោះឆ្នោតម្តងៗ តែងតែឃើញអង្គការខុមហ្វ្រែល (COMFREL) និងអង្គការនិកហ្វិច (NICFEC) ដាក់អ្នកសង្កេតការណ៍រាប់ពាន់នាក់ ឱ្យចុះទៅគ្រប់ការិយាល័យបោះឆ្នោតនានាទូទាំងប្រទេស ប៉ុន្តែពេលនេះ ស្រាប់តែអង្គការចាស់ទុំទាំងពីរប្រកាសដកខ្លួនថយ។ ជាងនេះទៀត អង្គការតម្លាភាពកម្ពុជា ក៏ប្រកាសថា ខ្លួនមិនដាក់អ្នកសង្កេតការណ៍ឡើយ ដោយសារអវត្តមានអតីតគណបក្សសង្គ្រោះជាតិ។ ជាការឆ្លើយតបវិញ អ្នកនាំពាក្យ គ.ជ.ប បានប្រកាសថា ការមិនចូលរួមសង្កេតការណ៍របស់អង្គការ និងសមាគមមួយចំនួននោះ “មិនប៉ះពាល់ដល់ការបោះឆ្នោតទេ” ព្រោះមានអង្គការថ្មីមួយចំនួន បានលោតមកជំនួសហើយ។ ជាងនេះទៀត អ្នកនាំពាក្យ CPP បានថ្លែងថា ទោះជាខុមហ្វ្រែល និកហ្វិច និងសកម្មជនគណបក្ស ដាក់អ្នកសង្កេតការណ៍រាប់ម៉ឺននាក់ ក៏ “លោកសម រង្ស៊ី មិនដែលទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះទេ”។
ក្តាប់បានពីការដកខ្លួនថយ និងការឆ្លើយតបនេះ មានន័យថា CPP មិនខ្វល់ទេ ចាំបាច់ត្រូវតែជំរុញការបោះឆ្នោតឱ្យទៅដល់គោលដៅ ប៉ុន្តែនៅតាមតៀមកាហ្វេឯណោះ ក៏មានតាៗញៀនកាហ្វេមួយចំនួន ដែលធ្លាប់គាំទ្រអតីតបក្សសង្គ្រោះជាតិ និយាយស្របគ្នាថា រឿងដែលមេបក្សប្រឆាំងតវ៉ាមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត គឺមកពី “គ.ជ.ប ធីបចោលពាក្យបណ្តឹងភ្នាក់ងារគណបក្សដែលស្នើឱ្យរាប់សន្លឹកឆ្នោតឡើងវិញ”។ តាម្នាក់នោះ បញ្ជាក់ថា “បោះឆ្នោតតំណាងរាស្ត្រប៉ុន្មានអាណត្តិមុន មានភាពមិនប្រក្រតីច្រើនណាស់ ដោយមានការបន្លំសន្លឹកឆ្នោត លុះមានការប្តឹងជំទាស់ គ.ជ.ប មិនដោះស្រាយ ទើបមានការតវ៉ា មិនទទួលស្គាល់លទ្ធផលបោះឆ្នោត”។ តាម្នាក់ទៀត ប្រឆាំងដូចគ្នា បន្ថែមថា “រឿងអ្នកប្រឆាំងទៅដេកត្រាំត្រែង នៅទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៣ នោះ មកពី គ.ជ.ប មិនដោះស្រាយតាមពាក្យបណ្តឹង”។ តាម្នាក់ទៀត ចាក់ចេកចាក់ស្ករ បន្ថែមថា “លុះបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ ទើប គ.ជ.ប យល់ព្រមឱ្យរាប់សន្លឹកឆ្នោតឡើងវិញខ្លះ ដែលជាលទ្ធផល ឃុំខ្លះ CPP ឈ្នះ លុះរាប់ម្តងទៀត បែរជា CNRP ឈ្នះ បានកៅអីមេឃុំ។ ដល់អ៊ីចឹងទៅ បក្សប្រឆាំង ប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោត ព្រោះកើនកៅអីមេឃុំ ចៅសង្កាត់ ជិត៥០០ និងក្រុមប្រឹក្សា ជាង៥០០០នាក់”…។
ការជជែកគ្នានេះ ផ្តោតជាសំខាន់ត្រង់ “ទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយសារ គ.ជ.ប អនុញ្ញាតឱ្យរាប់សន្លឹកឆ្នោតឡើងវិញ” ប៉ុន្តែ “មិនទទួលស្គាល់ ឬឡាំប៉ា” ដោយសារ គ.ជ.ប មិនឱ្យរាប់ឡើងវិញ។ ឥឡូវ CNRP រលាយបាត់ឈ្មោះទៅហើយ បែរជាអង្គការសមាគមមួយចំនួន ធ្លាប់មានការពិសោធមិនដាក់អ្នកសង្កេតការណ៍ លេចចេញអង្គការ សមាគម មិនធ្លាប់ស្គាល់មកជំនួសនោះ កំពុងដើរចូល “ការក្រកុំគិតងាយ ការសម្ទាយជាកំរោល សន្សឹមកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា” នោះឯង។
ជាការពិត រឿងបោះឆ្នោត ៥ឆ្នាំ ធ្វើម្តង មិនមែនធ្វើលេងទេ ជាការក្រណាស់ គួរតែបក្សកាន់អំណាច “ខ្វល់ខ្វាយឱ្យមែនទែន” ដើម្បីបញ្ចៀសទណ្ឌកម្មពីសហគមន៍អន្តរជាតិ ដូចប្រទេសវេណេហ្ស៊ុយអេឡា ខណៈដែលលោកម៉ាឌូរ៉ូ ជាប់ឆ្នោតប្រធានាធិបតី បែរជាប្រទេសរាប់រយមិនទទួលស្គាល់ ឃើញតែរុស្ស៊ី ចិន និងប្រទេសកុម្មុយនីស្តខ្លះប៉ុណ្ណោះ ដែលរាប់អាន។ សុភាសិតបារាំង ១ថា “ឧត្តមគតិដែលខ្លាំងបំផុត គឺការស្គាល់ចំណុចខ្សោយរបស់ខ្លួនឱ្យបានច្បាស់លាស់” (L’espris le plus fort est celui qui connait le mieux sa faiblesse) មានន័យថា បើមិនស្គាល់ចំណុចខ្សោយរបស់ខ្លួនទេនោះ ធ្វើឱ្យឧត្តមគតិចុះខ្សោយទៅតាមនោះ។ អ្នកវិភាគខ្លះថា គួរតែបោះឆ្នោតឱ្យ CPP បាន១២៥អាសនៈតែម្តងទៅ ដើម្បីបន្តការអភិវឌ្ឍ ដោយគ្មានសំឡេងប្រឆាំង ឬអាចប្រើរូបមន្ត ១ភាគ៣ ជំនួស៥០បូក១។ ប៉ុន្តែការវិភាគបែបនេះ បានត្រឹម “រុញស៊ីក្លូចូលឡាន” តែប៉ុណ្ណោះ ព្រោះសង្គមប្រជាធិបតេយ្យ សេរី ពហុបក្ស លុះត្រាតែមាន “សំឡេងប្រឆាំង” ក្នុងរដ្ឋសភា ទើបល្អ។
អ្វីដែលបក្សកាន់អំណាច ត្រូវដោះស្រាយឱ្យដល់កម្រិតនោះ គឺត្រូវរកមធ្យោបាយយ៉ាងណា អូសទាញ “អ្នកសង្កេតការណ៍ ធ្លាប់មានការពិសោធ” មកចូលប្រឡូកដូចមុន ឬថា បើអាចអូសទាញខុមហ្វ្រែល និកហ្វិច ឱ្យចុះសង្កេតការណ៍បោះឆ្នោត ទើបអាច “ទប់សម្ពាធអន្តរជាតិបាន”។ ផ្ទុយទៅវិញ បើអង្គការចាស់ទុំទាំងពីរនេះ ដកខ្លួនថយ បែរជាអាងលើអង្គការថ្មីៗ មកសង្កេតការណ៍ជំនួសនោះ ច្បាស់ជាអន្តរជាតិ មិនទុកចិត្ត។ អ្នកនាំពាក្យ គ.ជ.ប និងអ្នកនាំពាក្យ ជភភ “និយាយផុយពេក” ដោយអាងមានអ្នកសង្កេតការណ៍ថ្មីជំនួស និងមានប្រទេសឥណ្ឌូណេស៊ី មីយ៉ាន់ម៉ារ ចិន បញ្ជូនមន្ត្រីតិចតួចមក “អើតឈ្ងោក” នោះ មិនទាន់ទាក់ទាញបានជំនឿទុកចិត្តពីបណ្តាប្រទេសរាប់រយដែលកំពុង “បាំងដៃចាំមើលនោះទេ”។ ចំណុចចាញ់ឈ្នះនៅត្រង់ មានអ្នកសង្កេតការណ៍ច្រើននេះឯង ដូច្នេះបក្សកាន់អំណាច គួរតែពិចារណាពីចំណុចនេះ។ ជាការពិត CPP ចង់កាន់អំណាចបន្ត ដើម្បីអភិវឌ្ឍស្រុកទេសឱ្យជឿនលឿនជាងនេះទៀត ប៉ុន្តែបើជាប់ឆ្នោតហើយ បែរជារងសម្ពាធដូចវេណេហ្ស៊ុយអេឡា ធ្វើឱ្យបំណងអភិវឌ្ឍន៍ មិនបានដូចប្រាថ្នា។ ករណីអង្គការមួយ នៅប្រទេសកូរ៉េខាងត្បូង ជូនពានរង្វាន់សិទ្ធិមនុស្សសន្តិភាពដល់លោកកឹម សុខា ដែលកំពុងជាប់ពន្ធនាគារនោះ អាចជាគ្រឿងលើកទឹកចិត្តអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ ឱ្យធ្វើពហិការនេះឯង។ បើ CPP គិតមិនដល់ប្រឹងតែបំបោលយកឈ្នះដាច់ ឬដណ្តើមឱ្យបាន១២៥អាសនៈនោះ ជួនកាល “ចចើងចង់លាភ រែងបាត់ធនទៅ”។
សរុបទៅ សាស្ត្រាច្បាប់កេរ្តិ៍កាល ថា “ការក្រកុំគិតងាយ” មានន័យយ៉ាងនេះឯង តម្រូវឱ្យបក្សកាន់អំណាច រៀបជើងព្រួលឱ្យហ្មត់ចត់ ព្រោះការបោះឆ្នោតជារឿងក្រណាស់។ អ្នកនិយាយផុយថា អត់ខ្វល់នោះ មិនខុសអ្វីទេ ព្រោះអ្នកធំ អ្នកមានទ្រព្យ មិនខ្វល់អ្វីទេ ប៉ុន្តែអ្នកក្រ បើមានសម្ពាធពីអន្តរជាតិ ច្បាស់ជាខ្វល់ធ្ងន់ណាស់…៕