តារាចម្រៀងហង្សមាស នី រតនា ត្រូវបានគេមើលឃើញថា អ្នកចម្រៀងមកពីខេត្តកំពង់ធំ នេះ លែងមានសន្ទុះទៅមុខទៀតហើយ ក្រោយពីរូបគេច្រៀងទើបល្បីបាន១បទ ក៏តក់ក្រហល់ ក្នុងការស្តីដណ្តឹងប្រពន្ធយ៉ាងអន្ទះសានោះ។ តែដំណឹងនេះត្រូវបាននី រតនា ច្រានចោលដោយតារាចម្រៀងដែលមានឈ្មោះដើមថា នីម៉ាប់ នេះ បានលើកសរសើរពីភរិយាក្មេងរបស់ខ្លួនថា តាំងពីរូបគេបានភ្ជាប់ពាក្យមករាសីកាន់តែឡើងក្រឺតៗ ហើយធ្វើកិច្ចការអ្វីគ្រប់បែបយ៉ាងទាំងអស់ បានសម្រេចដូចបំណងទាំងអស់។
នី រតនា និយាយការពារអនាគតប្រពន្ធថា “អូ! ខ្ញុំធ្លាប់តែគេថា ខ្ញុំមានរាសីឡើងដោយសារគេដឹងថា គូដណ្តឹងខ្ញុំមានមុខរបរត្រឹមត្រូវ យើងលក់ផលិតផលរក្សាសម្រស់។ ចំណែកប៉ាក្មេកខ្ញុំគាត់មានវិទ្យុនៅច្រើនខេត្ត-ក្រុងអ៊ីចឹង ដំណើរដោយរលូនគ្មានអ្វីត្រូវបារម្ភច្រើននោះ ទេ”។
នី រតនា ម្ចាស់ពាន Cambodian Idol រដូវកាលទី១ ដែលទើបច្រៀងល្បីបាន១បទ គឺបទ “មហាឈឺ” នោះ បានភ្ជាប់ពាក្យជាមួយកូនស្រីអ្នកជំនួញខាងលក់ផលិតផលគ្រឿងសម្អាង នាងហេង សុវណ្ណភក្តិណា ដែលជាកូនស្រីរបស់លោកហេង សុវណ្ណ ម្ចាស់ក្រុមហ៊ុនមង្គលសុវណ្ណ។ នី រតនា គ្រោងនាំកំពូលស្នេហ៍ចូលរោងការនៅឆ្នាំ២០១៨ នេះហើយ តែរូបគេនៅបន្តអាជីពចម្រៀងទៅមុខទៀត ដោយគ្មានការដកថយឡើយ។
នី រតនា បន្ថែមថា “ខ្ញុំនឹងរៀបការនៅដើមឆ្នាំ២០១៨ ហើយខ្ញុំនៅតែបន្តអាជីពសិល្បៈទៅមុខជាធម្មតាទៀត គ្មានការដកឃ្លាទេ។ ខ្ញុំមិនខ្លាចការរៀបការធ្វើឱ្យប៉ះពាល់ដល់អាជីពសិល្បៈរបស់ខ្ញុំនោះទេ”។
នី ម៉ាប់ ហៅនី រតនា បានសង់ផ្ទះឱ្យម្តាយរបស់គេនៅស្រុកកំណើត ចំណាយប្រាក់អស់ជាង៣ម៉ឺនដុល្លារ និងបានទិញបន្ទប់ខុនដូ១កន្លែង នៅក្បែរវិទ្យាល័យឥន្ទ្រទេវី តម្លៃជាង៣ម៉ឺនដុល្លារ ដោយបង់រំលស់ជារៀងរាល់ខែទៀតផង។ នី រតនា មុនពេលលាភាពនៅលីវនេះ រូបគេបានដឹកដៃស្រីស្រស់ក្រោមដំបូលផលិតកម្មតែមួយ នាងវី ឌីណែត ថតសម្តែងរឿងភាគរបស់ហង្សមាស រឿង “រាជបុត្រកង្កែប” ផងដែរ ខណៈដែលការដែលរតនា ភ្ជាប់ពាក្យជាមួយនាងភក្តិណា នេះ ដើម្បីលាងជម្រះរឿងដែលគេសង្ស័យថា លោកម៉ាប់ មានស្នេហាជាមួយនាងឌីណែត ផងដែរ៕