Saturday, April 27, 2024
Homeសេដ្ឋកិច្ចជាតិទីម័រ​ខាង​កើត ប្រកាស​ទិញ​អង្ករ និង​ស្ករពី​កម្ពុជា

ទីម័រ​ខាង​កើត ប្រកាស​ទិញ​អង្ករ និង​ស្ករពី​កម្ពុជា

ខណៈដែលប្រទេសកម្ពុជាត្រូវបានទម្លាយថាមានអង្ករហូរចូលពីប្រទេសវៀតណាមរហូតដល់ប្រមាណ១លានតោនចរាចរលក់នៅក្នុងស្រុកនោះ ទីផ្សារអង្ករកម្ពុជាក៏ត្រូវគេកត់សម្គាល់ថាទទួលបានការចាប់អារម្មណ៍នៅលើឆាកអន្តរជាតិជាជំនួសវិញ ដែលមិនខុសពីពលរដ្ឋនាំគ្នាទទួលទានអង្ករវៀតណាមព្រោះតែតម្លៃថោក ហើយបង្ខំអោយពាណិជ្ជករដែលមិនអាចលក់អង្ករក្នុងតម្លៃទាបដូចគ្នានឹងអង្ករវៀតណាមដែលប្រើថ្នាំគីមី ហើយជំនួសដោយការស្វះស្វែងរកទីផ្សារខាងក្រៅនោះទេ។ ជាលទ្ធផលប្រទេសទីម័រខាងកើត បានបង្ហាញជំហរកុម្ម៉ង់អង្ករ និងស្ករពីប្រទេសកម្ពុជាក្នុងចំនួនច្រើន បន្ទាប់ពីកម្ពុជាក៏មានឆន្ទៈបង្កើនទីផ្សារនាំចេញ។

rice
ក្នុងជំនួបមួយថ្មីរវាងលោកស្រី Felicidade de Sousa Guterresឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាបរបស់ប្រទេសទីម័រខាងកើតប្រចាំនៅកម្ពុជា និងលោកប៉ាន់ សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រីបានអះអាងថាប្រទេសទីម័រខាងកើតនឹងធ្វើការកុម្ម៉ង់ផលិតផលពីរគឺអង្ករ និងស្ករក្នុងចំនួនច្រើនពីប្រទេសកម្ពុជា ដោយការនាំចូលនេះគឺនាំចូលដោយផ្ទាល់តែម្ដង។ លោកស្រីបញ្ជាក់ថា ទីម័រខាងកើតក៏ជាប្រទេសដែលមានវិស័យកសិកម្មទំនើបគួរសមផងដែរ ប៉ុន្តែដោយសារតែអង្កររបស់ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ថាជាអង្ករដែលមានរសជាតិឆ្ងាញ់ និងមានគុណភាព ទើបទីម័រខាងកើតនឹងគ្រោងធ្វើការនាំចូល ដើម្បីអោយពលរដ្ឋរបស់ខ្លួនមានជម្រើសទទួលទាន និងដើម្បីបំពេញតម្រូវការក្រុមភ្ញៀវបរទេសទៅទស្សនាប្រទេសទីម័រខាងកើតពីតំបន់អាស៊ី អោយមានឱកាសទទួលទានអង្កររបស់កម្ពុជា។ ក្នុងនោះមកពីវិស័យអង្ករ និងស្ករសនៅក្នុងប្រទេសកម្ពុជាគឺជាវិស័យនាំមុខគេមួយដែលខាងទីម័រខាងកើតមិនអាចមើលរំលងទើបប្រទេសរបស់លោកស្រី មានបំណងនាំចូលដោយផ្ទាល់នូវផលិតផលទាំងនោះ។ លោកស្រីបន្តថា ក្រៅពីអង្ករ និងស្ករ ផលិតផលកសិកម្មមួយចំនួនទៀតក៏អាចជាមុខសញ្ញាក្នុងការកុម្ម៉ង់យកផងដែរ ដោយគ្រាន់តែវិធានការចំបងគឺទីម័រខាងកើតមានបំណងចង់បានអង្ករ និងស្ករជាមុនសិន។ លោកស្រីបញ្ជាក់ថាផលិតស្រាប៊ៀមួយដែលបានផលិតដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា ទីម័រខាងកើតក៏មានចំណាប់អារម្មណ៍ធ្វើការនាំចូលផងដែរ ដើម្បីអោយផលិតផលដែលមានសក្កានុពលរបស់កម្ពុជាត្រូវបានហូរចូលទៅក្នុងប្រទេសរបស់ខ្លួន។
លោកប៉ាន់ សូរស័ក្តិ បានអះអាងថាជំហរចង់បានផលិតផលសំខាន់ពីរបស់កម្ពុជា គឺអង្ករ និងស្កររបស់ប្រទេសទីម័រខាងកើត គឺជាសញ្ញាណប្រសើរថ្មីដែលជួយផលិតផលកសិកម្មនៅក្នុងប្រទេសកម្ពុជាពង្រីកទីផ្សារលើឆាកអន្តរជាតិ។ លោកថាប្រទេសទីម័រខាងកើត គឺជាប្រទេសថ្មីមួយក្នុងតំបន់អាស៊ានដែលមានសក្កានុពលគួរសមទាំងប្រជាជន និងសេដ្ឋកិច្ច ដែលអាចជួយអោយប្រទេសកម្ពុជាមានឱកាសធ្វើទំនាក់ទំនងបានល្អក្នុងការនាំចេញ និងនាំចូលអោយគ្នាទៅវិញទៅមក។ យ៉ាងណាក៏ដោយលោកថា តំណាងប្រទេសទីម័រខាងកើតនៅមិនទាន់ប្រកាសថានឹងធ្វើការកុម្ម៉ង់អង្ករ និងស្ករពីកម្ពុជាអោយច្បាស់នៅពេលណានោះទេ តែលោកថាក្នុងពេលខាងមុខគម្រោងនេះនឹងជួយអោយផលិតផលកសិកម្មទាំងពីរមានមុខនៅលើទីផ្សារទីម័រខាងកើត ដោយសារតែប្រទេសនេះគឺបានបង្ហាញឆន្ទៈច្បាស់លាស់ហើយថានឹងនាំចូលផលិតទាំងពីរចូលប្រទេសរបស់ខ្លួន។
ឱកាសទទួលបានទីផ្សារកាន់តែច្រើននៅក្រៅប្រទេសចាត់ទុកថាជាការសង្គ្រោះវិស័យអង្ករនៅក្នុងប្រទេសកម្ពុជា ដែលត្រូវគំរាមកំហែងដោយទីផ្សារក្នុងស្រុកស្រាប់តែងាកទៅទិញអង្ករវៀតណាម ដែលមានតម្លៃទាបជំនួសអោយអង្ករក្នុងស្រុកដែលមានតម្លៃថ្លៃ។ យោងតាមការទម្លាយគ្រាន់តែក្នុងឆ្នាំ២០១៥ មានអង្កររត់ពន្ធ និងស្របច្បាប់ខ្លះចេញពីប្រទេសវៀតណាមរហូតដល់ជាង១លានតោន ត្រូវបានចរាចរណ៍លក់នៅក្នុងទីផ្សារក្នុងប្រទេស ក្នុងពេលដែលកម្ពុជាខ្លួនឯងមានលទ្ធភាពនាំអង្ករចេញទៅកាន់អន្តរជាតិត្រឹមតែ៥៣៨.៣៩៦តោន គឺតិចជាងអង្ករដែលបាននាំចូលលក់ក្នុងប្រទេស។ អ៊ីចឹងហើយទើបការប្រកាសអង្ករពីប្រទេសទីម័រខាងកើត គឺជារឿងដែលក្រុមអ្នករកស៊ីអង្ករសប្បាយចិត្ត ប៉ុន្តែពួកគេនៅតែថាជាការប្រឈមដ៏ខ្ពស់ដដែល ដរាបណារដ្ឋាភិបាលមិនមានចំណាត់ការបិទមិនអោយអង្ករខុសច្បាប់វៀតណាមបន្តចូលក្នុងស្រុក ដែលនាំពលរដ្ឋងាកទៅទទួលទានអង្ករថោក ហើយមើលរំលងអង្ករដែលបានដាំដុះនៅលើទឹកដីខ្លួនឯង។ មានការបញ្ជាក់ថា បណ្ដារោងម៉ាស៊ីនដែលបានប្រមូលទិញស្រូវសម្រាប់កិនលក់សឹងនឹងដួលផ្ងារជើងអស់ហើយ ដោយសារតែអង្ករដែលបានកិនហើយមិនសូវមានដេប៉ូក្នុងស្រុកទទួលទិញដូចមុន ព្រោះតែក្រុមអ្នកលក់បន្តទាំងនោះគេមានជម្រើសទិញអង្ករនាំចូលមកពីប្រទេសវៀតណាមសម្រាប់ដាក់លក់នៅក្នុងហាងរបស់ពួកគេវិញ។ គាប់ជួនជាអង្ករទាំងនោះត្រូវបានបោះត្រាជាឈ្មោះរោងម៉ាស៊ីនក្នុងស្រុក ទុកយូរមិនផ្អួរ មិនដុះផ្សិត និងមិនខ្មូតស៊ីផង ទើបក្រុមអ្នកលក់មើលរំលងអង្ករដែលផលិតក្នុងស្រុក ដោយសារតែចង់បានផលចំណេញពីការដាក់លក់អង្ករវៀតណាម។ មានការទម្លាយថាអង្ករវៀតណាមដោយសារតែប្រើថ្នាំច្រើន ហើយគេប្រើបច្ចេកទេសដាំដុះទំនើប ទើបការផលិតរបស់គេប្រើទុនតិចជាងអង្ករខ្មែរ និងអាចលក់បានថោកជាង។ នេះគឺជាបញ្ហាចោទមួយដែលក្រុមអ្នកពាក់ព័ន្ធទទូចអោយមានការគិតគូរឡើងវិញ ដោយសារតែអង្ករដែលបាននាំចូលភាគច្រើនមិនមែនជាអង្ករស្របច្បាប់ និងមិនត្រូវបានពិនិត្យគុណភាពត្រឹមត្រូវមុនពេលដាក់លក់។
លោក គឹម សាវុធ ប្រធានក្រុមហ៊ុន ខ្មែរ ហ្វូត និងជាអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានទទួលស្គាល់ថាយ៉ាងហោចក៏មានអង្ករប្រមាណមួយលានតោនដែរ ត្រូវបានក្រុមឈ្មួញនាំចូលពីប្រទេសវៀតណាមមកដាក់លក់នៅក្នុងទីផ្សារកម្ពុជា។ លោកថាបើចង់អោយទីផ្សារអង្ករកម្ពុជាមានសន្ទុះ ឱកាសនាំចេញបានច្រើនតែមួយមុខគឺមិនគ្រប់គ្រាន់នោះទេ បើពលរដ្ឋខ្លួនឯងមិនមានឱកាសទទួលទិញអង្កររបស់ខ្លួននោះផង។ ដូច្នេះដើម្បីកុំអោយវិស័យអង្ករក្នុងស្រុកបះជើង គឺលុះត្រាតែបិទអង្ករនាំចូលកុំអោយបន្តនាំចូល ដើម្បីអោយក្រុមអ្នកលក់ងាកមកកុម្ម៉ង់អង្ករពីតាមបណ្ដាររោងម៉ាស៊ីនដូចមុន។ លោកថាបណ្ដាក្រុមឈ្មួញបានឆ្លៀតឱកាសកេងចំណេញយ៉ាងខ្លាំង ដោយសុខចិត្តទិញអង្ករពីវៀតណាមដែលមានតម្លៃទាបទាំងមិនច្បាស់ពីផលប៉ះពាល់ចំពោះអ្នកទទួលទិញ ហើយដាក់លក់ក្នុងតម្លៃខ្ពស់ដូចគ្នានឹងអង្ករដែលទិញពីរោងម៉ាស៊ីនក្នុងស្រុក។

ប៉េង លី

RELATED ARTICLES