ខេត្តកំពង់ស្ពឺ ៖ ក្រុមគ្រួសារមួយ បាននាំគ្នាធ្វើដំណើរកម្សាន្តនៅងូតទឹកលេងនៅតំបន់ទឹកធ្លាក់ជ្រាវ លុះកំពុងងូតសប្បាយក្អាកក្អាយ ស្រាប់តែទឹកស្ទឹងបានជន់ឡើងយ៉ាងខ្លាំងភ្លាមៗ បណ្តាលឱ្យបុរសម្នាក់លង់ទឹក ឃើញបែបនេះ បុរសម្នាក់ទៀតក៏ស្ទុះហក់ទៅជួយ បណ្តាលឱ្យលង់ទឹកស្លាប់ទាំង២នាក់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៨ នៅចំណុចស្ទឹងក្រាំងពន្លៃ ដើមជ្រៃធំ តំបន់ទឹកធ្លាក់ភ្នំជ្រាវ ស្ថិតក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង។
បុរសរងគ្រោះទាំង២នាក់ រួមមាននោះ ទី១-ឈ្មោះមុំ សេង អាយុ៦០ឆ្នាំ រស់នៅភូមិ សាលាលេខ៥ ឃុំសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងទី២-ឈ្មោះគីម ផាន អាយុ៦១ឆ្នាំ រស់នៅភូមិថ្នល់ ឃុំអមលាំង ស្រុកថ្ពង។ ជនរងគ្រោះទាំង២នាក់ ត្រូវជាសាច់ញាតិនឹងគ្នា បាននាំកូនក្មួយមកលេងតំបន់ទឹកធ្លាក់ខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ក្រុមគ្រួសារជនរងគ្រោះបាននាំគ្នាមកកម្សាន្តនៅចំណុចភ្នំជ្រាវ លុះក្រោយពីហូបបាយទឹករួច ក៏នាំគ្នាចុះទៅងូតទឹកលេងនៅក្នុងទឹកស្ទឹងយ៉ាងសប្បាយក្អាកក្អាយ រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ គ្រប់គ្នាបានឡើងទៅលើគោកអស់ នៅសល់តែជនរងគ្រោះឈ្មោះមុំ សេង តែម្នាក់ឯងប៉ុណ្ណោះ ដែលងូតទឹកម្នាក់ឯង ស្រាប់តែរំពេចនោះ ទឹកស្ទឹងបានជន់ឡើងយ៉ាងគំហុកភ្លាមៗ បណ្តាលឱ្យទឹកគួចហូរនាំជនរងគ្រោះទៅ ធ្វើឱ្យលង់ទឹក។ ឃើញបែបនេះ ជនរងគ្រោះឈ្មោះគឹម ផាន បានស្ទុះលោតទៅជួយទាំងទឹកកំពុងហូរគួចខ្លាំង បណ្តាលឱ្យបាត់ខ្លួនទាំង២នាក់តែម្តង។
ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍អមលាំង បានទទួលដំណឹង ក៏ចុះមកទីតាំងកើតហេតុភ្លាមៗ និងបានសហការជាមួយប្រជាការពារ ចុះរាវរកសពជនរងគ្រោះទាំង២នាក់ រហូតដល់ម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល ទើបប្រទះឃើញសពនៅចំណុចក្រោមស្ពានភូមិទឹកចេញ ចម្ងាយប្រមាណ២០០ម៉ែត្រ ពីកន្លែងកើតហេតុ រួចក៏ប្រគល់ឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕