សុភាសិតខ្មែរថា “ធ្វើគុណមួយរយសំពៅ ទោសមួយចូលទៅ រលាយគុណអស់” បានជ្រួតជ្រាបជាទូទៅក្នុងមជ្ឈដ្ឋានមហាជន បង្ហាញពីបុគ្គលព្យាយាមសាងអំពើល្អពីអតីតកាល លុះបច្ចុប្បន្នកាល ភ្លាត់ស្នៀត បណ្តាលឱ្យមានចន្លោះប្រហោង ឬទោសកំហុស ធ្វើឱ្យអ្នកជំពាក់គុណ លែងស្គាល់គុណ។ ករណីបក្សកាន់អំណាច ថ្កោលទោសអ្នកដឹកនាំបក្សថ្មី ថាមិនស្គាល់គុណ និងមានបាតុកម្មគគ្រឹកគគ្រេងនៅក្រៅប្រទេសនោះ ស្តែងឱ្យឃើញពី “ទោសមួយចូលទៅ រលាយគុណអស់” នេះឯង ដែល “នគរធំ” ក្តាប់សភាពការណ៍បាន ក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
បើនិយាយពីគុណបំណាច់របស់បក្សកាន់អំណាច យើងឃើញថា មានទំហំធំធេងណាស់ បើរំព្ញកពីរឿងប្រជាពលរដ្ឋរស់ក្នុងរណ្តៅនរកអវិចី នៃរបបប៉ុល ពត ហើយត្រូវបានថ្នាក់ដឹកនាំ CPP ជួយរំដោះផុតពីទម្ងន់ត្បូងចប គល់ប្ញស្សី នាថ្ងៃ៧មករា ឆ្នាំ១៩៧៩។ បន្ទាប់មកទៀត បក្សកាន់អំណាច បានកសាងប្រទេសតាំងពីបាតដៃទទេ រហូតមានថ្ងៃនេះ តាំងពីជិះរទេះគោ រទេះសេះ រហូតដល់រថយន្តទំនើប តាំងពីពលរដ្ឋទូទាំងប្រទេសរស់នៅក្រោមដំបូលខ្ទមរខេករខាក រហូតមានផ្ទះឈើ ផ្ទះថ្មធំ ជង្គ្រឹង តាំងពីផ្លូវជាតិ ផ្លូវលំក្រហេងក្រហូង សម្បុកមាន់ រហូតរាបធេងដូចកញ្ចក់៘
ការបង្ហាញដោយត្រួសៗនេះ មានន័យថា CPP “ធ្វើគុណ១០០សំពៅ” ដែលប្រជាពលរដ្ឋចងចាំជានិច្ច មិនអាចបំភ្លេចបានឡើយ ប៉ុន្តែ បើប្រជាពលរដ្ឋនឹកឃើញ “គុណ១០០សំពៅ” ហេតុអ្វីបានជា “មានអ្នកប្រឆាំងច្រើនទៅៗ” ដែលសូម្បីលោកបណ្ឌិតខ្លះ ដែលរដ្ឋាភិបាលបញ្ជូនទៅរៀននៅបរទេស បែរជាបំភ្លេចគុណ CPP។ ជាងនេះទៀត កម្មករ-កម្មការិនី ពលករ-ពលការិនី ដែលរដ្ឋាភិបាលបានបញ្ជូនទៅធ្វើការនៅកូរ៉េខាងត្បូង ជប៉ុន ជាដើម បែរជាលើកគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល?
ចំណុចនេះ គឺមកពី “ទោស១ចូលទៅ រលាយគុណអស់” នេះឯង ដែល “នគរធំ” សូមបរិយាយលម្អិតពីមូលហេតុនៃការរលាយគុណនេះ ដូចខាងក្រោម ៖
ក្រោយឆ្នាំ១៩៧៩ ស្រុកទេសទើបរំដោះថ្មីៗ ប្រជាពលរដ្ឋគោរពស្រលាញ់បក្សកាន់អំណាច ប្រហែល៩៩ភាគរយឯណោះ ដោយបានចាត់ទុកថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាទេវតា រហូតដល់សមាជិកបក្ស ជំរុញឱ្យយក “រូបទេវតាបាចផ្កា” ធ្វើជានិមិត្តសញ្ញាគណបក្ស។ មុនដំបូង រដ្ឋតម្រូវឱ្យប្រជាពលរដ្ឋ “ធ្វើរួម ចែកផល” បង្កើតជាក្រុមសាមគ្គី ធ្វើស្រែស្រុះដៃគ្នាល្អណាស់។ ក្រោយមក រដ្ឋតម្រូវឱ្យចែកដីជូនគ្រួសារនីមួយៗ ហើយតាំងពីពេលនោះមក អំពើពុករលួយក៏ចាប់ផ្តើមឡើង ដោយហេតុថា ពលរដ្ឋពេញកម្លាំងនៅភូមិខ្លះ បានដីស្រែតែ១០អារប៉ុណ្ណោះ បូកសរុប ១គ្រួសារ មិនបាន១ហិកតារផង។ ផ្ទុយទៅវិញ មេភូមិ មេឃុំ ចៅហ្វាយស្រុក យកដីស្រេចតែចិត្ត ជាក់ស្តែងមេឃុំខ្លះ បានយកដីក្នុង១ភូមិ ១ហិកតារ បើក្នុងឃុំនោះ មាន១០ភូមិ គាត់មានដីស្រែ១០ហិកតារ ដោយមិននិយាយពីដីចម្ការនោះទេ។ ខណៈដែលកម្មសិទ្ធិឯកជនកើតឡើង ការលក់ទីតាំងទ្រព្យសម្បត្តិរដ្ឋ ក៏ចាប់ផ្តើមឡើងដែរ រហូតដល់ស្ត្រីមេផ្ទះខ្លះតូចចិត្តប្តីខ្លួនធ្វើមន្ត្រីនឹងគេដែរ រកកង់កញ្ចាស់ជិះមិនបាន ខណៈដែលប្រធានរបស់ប្តីនាង “ជិះកង់សៀម មានទូរទស្សន៍ពណ៌មើល” ក៏ស្តីបន្ទោសបន្តុះបង្អាប់ប្តីឯង សរសើរប្តីគេ។ ចំណុចកំប៉ិកកំប៉ុកនេះហើយ ជាដើមចមនាំឱ្យ “ភ្លេចគុណបក្សកាន់អំណាច” ឬ “ធ្វើគុណ១០០សំពៅ ទោស១ចូលទៅ រលាយគុណអស់” នេះឯង។
កាលពីពេលថ្មីៗនេះ អ្នកដឹកនាំ “គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លេខរៀងទី៧” បានបញ្ចោញគោលនយោបាយ ៧ចំណុច ប្រៀបធៀប “នាយករដ្ឋមន្ត្រីកំពុងកាន់អំណាច និងនាយករដ្ឋមន្ត្រីស្រមោល” ដូចពាក្យថា “ងាកឆេះ VS ងាកផ្តល់ចំណេះ”, “ចូលចិត្តប្រើកម្លាំង VS ចូលចិត្តប្រើគំនិត” ជាដើម។ គ្រាន់តែគោលការណ៍៧ចំណុចនេះ ចេញភ្លាម សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏មានប្រតិកម្មធ្ងន់ៗថា “ខ្ញុំសុំផ្តាំទៅវិញ បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សអ្នក គឺខ្ញុំអ្នកបញ្ជូនទៅរៀននៅអាល្លឺម៉ង់ ខ្ញុំគ្រាន់តែផ្តប៉្កាំណ្ណឹង”។ ប្រតិកម្មនេះ មានន័យថា លោកបណ្ឌិតបេក្ខជននាយករដ្ឋមន្ត្រីនោះ ភ្លេចគុណអ្នកបញ្ជូនគាត់ទៅរៀន រហូតក្លាយជាបណ្ឌិត ប៉ុន្តែគួររកមូលហេតុដែរថា “តើហេតុអ្វីបានជាគេបំភ្លេច?” គឺមកពី “ធ្វើគុណ១០០សំពៅ ទោស១ចូលទៅ រលាយគុណអស់” នេះឯង។
ដោយឡែក កាលពីថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ពលករ-ពលការិនីរាប់ពាន់នាក់ បានលើកគ្នាដង្ហែក្បួនតាមដងផ្លូវនៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ទាមទារដោះលែងលោកកឹម សុខា និងស្នើអន្តរជាតិកុំទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត។ ចំណែកពលករនៅជប៉ុន បានតវ៉ាឱ្យរដ្ឋាភិបាលជប៉ុន ឈប់ផ្តល់ជំនួយទៅ គ.ជ.ប ខណៈដែលអាណិកជនខ្មែរ នៅអាមេរិក បារាំង កាណាដា អូស្ត្រាលី តវ៉ាគគ្រឹកគគ្រេង ផ្អើលអន្តរជាតិ។
ចំណុចនេះ គួរយល់ថា ពលករ-ពលការិនីរាប់ពាន់នាក់ ដែលកំពុងធ្វើការនៅកូរ៉េខាងត្បូងនោះ គឺរដ្ឋាភិបាលជាអ្នកបញ្ជូនទៅ ចុះ “ហេតុអ្វីបានជាពួកគេភ្លេចគុណអ្នកបញ្ជូន?” កត្តានេះ អាចថាមកពីមុនពេលបានចេញទៅស្រុកគេនោះ ពលករស្ទើរទាំងអស់ បង្ខំម៉ែឪឱ្យលក់ស្រែ យកលុយរត់ការ សូកប៉ាន់តាំងពីមេភូមិ មេឃុំ ចៅហ្វាយស្រុក ថ្នាក់ក្រសួង សូម្បីតែលិខិតឆ្លងដែន ក៏ត្រូវចំណាយលុយអស់មិនតិចទេ ព្រោះបើចង់បានឆាប់ អស់លុយច្រើន តែបើអត់លុយ គេមិនធ្វើឱ្យ។ ចំណុចនេះហើយជាហេតុនាំឱ្យពលករ “ភ្លេចគុណអ្នកបញ្ជូន” សូម្បីសម្តេចនាយករដ្ឋមន្ត្រី ក៏បានរំព្ញកថា “បើស្អប់មេភូមិ កុំស្អប់ដល់ នាយករដ្ឋមន្ត្រី កុំខឹងគោ វ៉ៃរទេះ”។
នៅមានករណីច្រើនរាប់មិនអស់ ដូចជាការរំលោភដីធ្លី ប៉ូលិសចរាចរគាបយកលុយដោយយកច្បាប់ទៅរកស៊ី តុលាការអយុត្តិធម៌ អ្នកក្រមិនដែលឈ្នះអ្នកមាន និងអយុត្តិធម៌សង្គមផ្សេងៗទៀត ជាដើមចមនាំឱ្យកើតការរង្កៀសចិត្ត។ ធម្មតា អ្នកកសាងកំហុស ឬកំពុងប្រព្រឹត្តខុស មើលកំហុសខ្លួនមិនឃើញទេ ដូចរឿង “ព្រះឥសូរ និងសត្វតិរច្ឆាន” ដែលតំណាលពីព្រះឥសូរ កោះហៅសត្វទាំងអស់ក្នុងព្រៃហិមពាន្ត មកប្រាប់ថា “បើសត្វណាមិនពេញចិត្តនឹងរូបកាយខ្លួនត្រង់ចំណុចណា ព្រះអង្គនឹងកែឱ្យបានតាមបំណង”។ ពេលនេះ សត្វដំរី មើលកំហុសខ្លួនមិនឃើញទេ ថាវាមានមាឌធំបែបនេះ គាប់ចិត្តណាស់ ទាស់អាសត្វស្វា មុខច្របូញ រប៉ិលរប៉ូច ត្រូវកែរូបស្វាឱ្យល្អទៅ។ ឯស្វាមើលកំហុសខ្លួនមិនឃើញ ថាខ្លួនវាមានដៃជើងដូចមនុស្សល្អ ណាស់ ទាស់អាសត្វកាំប្រមា ដុះបន្លាពេញខ្លួន គួរកែវាវិញ។ រីឯកាំប្រមាមើលកំហុសខ្លួនមិនឃើញ ទៅមើលឃើញកំហុសក្រពើ ឯសត្វក្រពើ ទម្លាក់កំហុសទៅលើសត្វផ្សេងទៀត ដែលសម្រេចទៅ ព្រះឥសូរគ្មានបានកែរូបរាងសត្វណាទាំងអស់។ កាលណាអយុត្តិធម៌សង្គមកើតឡើងខ្លាំង អ្នកប្រឆាំងក៏ច្រើនដែរ ព្រោះតែ “ធ្វើគុណ១០០សំពៅ ទោស១ចូលទៅ រលាយគុណអស់”។ របបសង្គមរាស្ត្រនិយម មានអ្នកប្រឆាំងមិនដល់ ១០ភាគរយទេ ឯរបបលន់ នល់ មានអ្នកប្រឆាំងប្រហែល៥០ភាគរយ ប៉ុន្តែរបបប៉ុល ពត ដោយសារតែផ្តច្កា់ការ បាតដៃលោហិត ក៏មានអ្នកប្រឆាំងមិនតិចជាង៨០ភាគរយនោះទេ។ បច្ចុប្បន្ន យើងមិនអាចសន្និដ្ឋានបានទេ ប៉ុន្តែសំឡេងឆ្នោតគាំទ្រអតីតបក្សសង្គ្រោះជាតិ ជិតកន្លះប្រទេសនោះ អាចដឹងបានថា អ្នកប្រឆាំងមានចំនួនច្រើនទៅៗ ខណៈដែលឆ្នាំ១៩៧៩ មានអ្នកស្រលាញ់ CPP ៩៩ភាគរយ។
សរុបទៅ “ធ្វើគុណ ១០០សំពៅ ទោស១ចូលទៅ រលាយគុណអស់” ចង់បង្ហាញថា បក្សកាន់អំណាចមានគុណបំណាច់ ធំធេងណាស់ចំពោះជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ប៉ុន្តែភាពអយុត្តិធម៌ក្នុងសង្គម បក្ខពួក គ្រួសារនិយម ធ្វើឱ្យប្រជាពលរដ្ឋដែលរងភាពអយុត្តិធម៌នោះ “ភ្លេចគុណអ្នកជួយ” ដែលជាបរិបទសម្រាប់បក្សកាន់អំណាចពិចារណា និងព្យាយាមកែលម្អឡើងវិញ ទើបអាចស្តារប្រជាប្រិយភាពបាន ជាពិសេស “យើងធ្វើគុណលើគេ កុំសម្តែង គេធ្វើគុណលើឯង កុំបំភ្លេច”…”