Tuesday, October 21, 2025
Homeព័ត៌មានជាតិពុទ្ធោ!!! ទាំងកំរោលតែម្តង ប៊ិះស្លាប់

ពុទ្ធោ!!! ទាំងកំរោលតែម្តង ប៊ិះស្លាប់

ខេត្តតាកែវ ៖ បុរសម្នាក់បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងប្អូនស្រីរបស់ខ្លួន បន្ទាប់មក ក៏ស្រាប់តែផ្ទុះហិង្សាស្ទុះទៅវាយប្អូនស្រី បណ្តាលឱ្យរងរបួសរយះក្បាលហូរឈាម ជាហេតុធ្វើឱ្យបុរសជាឪពុកឃើញ ផ្ទុះកំហឹងក៏ទាញកាំបិតស្ទុះមកកាប់ប្រហារបុរសជាបងប្រុស បណ្តាលឱ្យរងរបួសធ្ងន់ប៊ិះស្លាប់។

ហេតុការណ៍ហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ។

បុរសជាជនបង្កដែលកាប់ប្រហារកូនប្រុសបង្កើតជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ព្រោះតែខឹងរឿងវ៉ៃប្អូនស្រីបែកក្បាល មាន ឈ្មោះស្រី ប៊ុនធឿន អាយុ៥៣ឆ្នាំ មុខរបរកសិករ។ ចំណែកជនរងគ្រោះ មានឈ្មោះស្រី ចន្ថា ហៅជៀន អាយុ២៨ឆ្នាំ (រងរបួសជាច្រើនកន្លែង)។ ដោយឡែក នារីរងគ្រោះជាប្អូនស្រី មិនស្គាល់អត្តសញ្ញាណនោះទេ។ អ្នកទាំង៣ ត្រូវជាឪពុកកូននឹងគ្នា និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះឈ្មោះស្រី ចន្ថា ហៅជៀន បានកើតមានជម្លោះតឹងសរសៃកដាក់គ្នាជាមួយប្អូនស្រីបង្កើតរបស់ខ្លួន តែមិនដឹងថា អ្នកទាំងពីរឈ្លោះគ្នារឿងអ្វីនោះទេ។ នៅពេលកូនៗកើតមានទំនាស់នឹងគ្នា បុរសជាឪពុកក៏បានស្រែកឃាត់ដែរ តែអ្នកទាំងពីរមិនព្រមស្តាប់ នៅតែមានចិត្តចង់ឈ្នះចង់ចាញ់រៀងៗខ្លួន រហូតដល់មួយសន្ទុះក្រោយមក ដោយសារតែទប់កំហឹងមិនបាន ទើបជនរងគ្រោះឈ្មោះស្រី ចន្ថា ហៅជៀន បានស្ទុះចូលទៅវាយប្អូនស្រីរបស់ខ្លួន បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួនតែម្តង។

ប្រភពដដែលបន្ត នៅពេលឃើញកូនប្រុសវ៉ៃកូនស្រីបែកក្បាលបែបនេះ ទើបធ្វើឱ្យបុរសជាឪពុកផ្ទុះកំហឹងក៏ស្ទុះទៅទាញកាំបិត មកកាប់ប្រហារកូនប្រុសពីក្រោយខ្នងទាំងកំរោលជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់។

ក្រោយកើតហេតុ បុរសជាឪពុកបានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកកូនប្រុសស្រីទាំង២នាក់ ដែលទទួលរងរបួស ត្រូវបានសាច់ញាតិជួយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងស្វែងតាមចាប់ខ្លួនជនដៃដល់ជាឪពុក ដើម្បីនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES