ភ្នំពេញ ៖ បុរស២នាក់ត្រូវជាបងប្អូនធម៌នឹងគ្នា ទើបនឹងចេញពីធ្វើការយប់ ក៏ជិះម៉ូតូម្នាក់១គ្រឿង បណ្តើរគ្នាសំដៅមកបន្ទប់ជួលវិញ លុះដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យមួយក្រុម ស្ទាក់ប្លន់ ដោយដកកាំភ្លើងភ្ជង់គំរាម រួចប្លន់យកម៉ូតូ១គ្រឿងទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចស្ថានីយប្រេងឥន្ធនៈតេលា តាមបណ្តោយផ្លូវ២០១១ ស្ថិតក្នុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនរងគ្រោះជាម្ចាស់ម៉ូតូដែលត្រូវចោរភ្ជង់ប្លន់ម៉ូតូទៅបាត់ មានឈ្មោះចាន់ ពិសិទ្ធិ អាយុ២៨ មុខរបររត់ម៉ូតូឌុប ស្នាក់ផ្ទះជួលក្នុងសង្កាត់ ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានស្រុកកំណើតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HA-2541។ ចំណែកជនរងគ្រោះជាប្អូនធម៌ដែលជិះម៉ូតូ១គ្រឿងទៀតបណ្តើរគ្នាមកផ្ទះ មានឈ្មោះជួប រស្មី អាយុ២៦ឆ្នាំ មុខរបរចុងភៅនៅខារ៉ាអូខេឌីយ៉ាម៉ង់ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកល្អក្អ់៣ ខណ្ឌទួលគោក ស្នាក់នៅបន្ទប់ជួលជាប់គ្នានឹង បងធម៌ ជិះម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AU-7885 (ប្លន់យកមិនបាន)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះចាន់ ពិសិដ្ឋ ជាបងធម៌ បានជិះម៉ូតូហុងដាឌ្រីម ចេញពីម្តុំស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ក្នុងគោលបំណងទទួលប្អូនធម៌ឈ្មោះជួប រស្មី ចេញពីធ្វើការ។ បន្ទាប់មក ទាំង២នាក់បងប្អូនធម៌ ក៏បាន ជិះម៉ូតូម្នាក់១គ្រឿង បណ្តើរគ្នាតាមបណ្តោយផ្លូវ២០១១ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចជនសង្ស័យមានគ្នា ៤នាក់ ជិះម៉ូតូ២គ្រឿង មួយម៉ាក PCX ពណ៌ស និង១គ្រឿងទៀតម៉ាកនិច ពណ៌ផ្កាឈូក មិនចាំស្លាកលេខ បានជិះមកពីក្រោយ រួចធ្វើជាហៅជនរងគ្រោះ ជាបងធម៌ឱ្យឈប់ តែភ្លាមនោះជនរងគ្រោះមិនឈប់ទេ និងបានព្យាយាមជិះម៉ូតូចូលទៅការ៉ាសសាំងក្បែរនោះ ដើម្បីហៅគេឯងឱ្យជួយ តែគ្មានអ្នកជួយនោះទេ៕