Sunday, January 19, 2025
Homeសង្គម និងជីវិតកាប់ក្មួយ២ផ្គាក់ ពូរត់ឡើងដំបូលផ្ទះលាក់ខ្លួន

កាប់ក្មួយ២ផ្គាក់ ពូរត់ឡើងដំបូលផ្ទះលាក់ខ្លួន

ខេត្តស្វាយរៀង ៖ បុរសម្នាក់ ព្រោះតែខឹងសម្បានឹងរឿងបងស្រី ព្រមទាំងក្មួយប្រុសយកត្រាក់ទ័រ មកភ្ជួរលើដីស្រែរបស់ខ្លួន ក៏ផ្ទុះកំហឹង រករឿងឈ្លោះប្រកែក រហូតដល់ទ្រាំមិនបាន ក៏ទាញកាំបិតផ្គាក់កាប់ប្រហារក្មួយប្រុសចំនួន២កាំបិត បណ្តាលឱ្យរងរបួសធ្ងន់  បន្ទាប់មកក៏រត់ឡើង ទៅសម្ងំលាក់ខ្លួននៅលើដំបូលផ្ទះ ធ្វើឱ្យសមត្ថកិច្ចដាក់កម្លាំងឡោមព័ទ្ធពេញ១យប់ ទើបអាចចាប់ខ្លួនជនដៃដល់បាន។

ករណីឪពុកមាកាប់ក្មួយ២កាំបិតផ្គាក់ បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប។ លុះកាប់ប្រហារក្មួយប្រុសរួចហើយ ជនដៃដល់ ក៏បានរត់ទៅសម្ងំលើ ដំបូលផ្ទះ និងត្រូវសមត្ថកិច្ចដាក់កម្លាំងឡោមព័ទ្ធពេញ១យប់ ទើបឈានដល់ការចាប់ខ្លួនជនដៃដល់បាន នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។

ជនដៃដល់ ដែលកាប់ក្មួយប្រុសឱ្យរងរបួសធ្ងន់ មានឈ្មោះអ៊ុក សោភា អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកយុវជនរងគ្រោះជាក្មួយប្រុស មានឈ្មោះជា សុភ័ក្រ អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានម្តាយឈ្មោះអ៊ុក សាវឿន អាយុ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៣និង ២០នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះអ៊ុក សោភា បានលឺថាបងស្រីបង្កើតរបស់ខ្លួនឈ្មោះអ៊ុក សាររឿន (ម្តាយជនរងគ្រោះ) បានយកត្រាក់ទ័រមកភ្ជួរដីស្រែរបស់ខ្លួន ក៏ស្រែកថា “អាណាហ៊ាន អញកាប់ងាប់ចុយម៉្រាយ” ថាហើយ ជនដៃដល់បានដើរទៅវាយបងស្រី ធ្វើឱ្យលឺសូរសំឡេងដល់កូន (ជនរងគ្រោះ) ថា ម្តាយខ្លួនត្រូវគេវាយ ក៏ស្ទុះរត់ទៅយកប៉ែលមកជួយការពារម្តាយ ធ្វើឱ្យជនសង្ស័យផ្ទុះកំហឹងកាន់តែខ្លាំង ក៏ជិះកង់ទៅផ្ទះ ដើម្បីយកកាំបិតផ្គាក់មកកាប់ លុះមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែជួបជនរងគ្រោះត្រូវជាក្មួយ ក៏ប្រើហិង្សាកាប់យ៉ាងសន្ធាប់តែម្តង បណ្តាលឱ្យជនរងគ្រោះ រងរបួសដៃខាងឆ្វេង ចំនួន២កាំបិត។

ប្រភពដដែលបន្តថា ក្រោយពីធ្វើសកម្មភាពកាប់ក្មួយប្រុសឱ្យរងរបួសរួចហើយ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍។ លុះឃើញសភាពការណ៍មិនស្រួល មានសមត្ថកិច្ចចុះមកចាប់ខ្លួន ទើបធ្វើឱ្យជនដៃដល់ ដែលកាន់កាំបិតផ្គាក់ជាប់ដៃ បានស្ទុះរត់ចូលទៅក្នុងផ្ទះ ហើយឡើងលើដំបូលដើម្បីសម្ងំលាក់ខ្លួន ធ្វើឱ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន មានទាំងកម្លាំងប៉ូលិស និងប៉េអឹម បានសហការគ្នាចុះឡោមព័ទ្ធ ផ្ទះជនដៃដល់ពេញ១យប់ រហូតដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ទើបជន សង្ស័យអស់កម្លាំងល្ហិតល្ហៃ ក៏ចុះមកវិញ និងត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង៕

RELATED ARTICLES