ភ្នំពេញ ៖ បុរសជាសន្តិសុខប្រចាំមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ចំនួន២នាក់ បានជិះម៉ូតូដឹកគ្នាជ្រុលទៅប៉ះជនជាតិចិនមួយក្រុម ដែលកំពុងរត់ប្រលែងគ្នាពេញផ្លូវ ទើបធ្វើឱ្យកើតជាជម្លោះវាយតប់គ្នា បន្ទាប់មកភាគីម្ខាងៗបានកែនគ្នាមកជួយ ធ្វើឱ្យកើតជាអំពើហិង្សាយ៉ាងសាហាវដូចរឿងហុងកុង បង្កឱ្យភាគីទាំងសងខាងរងរបួសជិត១០នាក់ ក្នុងនោះ មានជនជាតិចិនម្នាក់រងរបួសធ្ងន់ជាងគេ ដោយសន្លប់ស្តូកស្តឹងនៅនឹងកន្លែង និងត្រូវដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ករណីផ្ទុះហិង្សារវាងក្រុមសន្តិសុខកោះពេជ្រ និងក្រុមជនជាតិចិនខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងមុខហាងយីហោ សៅដិន អ៊ិនធើណេសិនណល (Southern International) ស្ថិតក្នុងទឹកដីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមសម្តីបុរសជាសន្តិសុខម្នាក់ ដែលត្រូវក្រុមជនជាតិចិន ព្រួតវាយបណ្តាលឱ្យបែកមុខបែកមាត់ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់រួមនឹងមិត្តិភក្តិម្នាក់ទៀត ដែលជាសន្តិសុខនៅកោះពេជ្រជាមួយគ្នា បានជិះម៉ូតូចេញពីកន្លែងធ្វើការ បំណងទៅស្កេនមេដៃ មុនចេញទៅផ្ទះវិញ។ លុះពេលពួកគាត់ធ្វើដំណើរមកដល់ចំណុចខាងមុខហាងយីហោ Southern International ដែលជាកន្លែងកើតហេតុ ស្រាប់តែមានជនជាតិចិនមួយក្រុម បានរត់ប្រលែងគ្នាពេញផ្លូវ ហើយក៏មានជនជាតិចិនម្នាក់ បានរត់មកបុកម៉ូតូរបស់គាត់ ហើយក៏ប្រកែកតឹងសសៃកដាក់គ្នា រហូតកើតជាហិង្សាមួយកើតឡើង សាហាវដូចក្នុងរឿងហុងកុង។
ប្រភពដដែលបន្តថា ភ្លាមនោះស្រាប់តែមានបុរសជនជាតិចិន បើករថយន្តស៊េរីទំនើប២គ្រឿង មួយគ្រឿង ម៉ាក Porsche ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BA-0007 និងមួយគ្រឿងម៉ាកស៊ីលីកា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2V-9998 បានមកដល់កន្លែងកើតហេតុ រួចចុះពីលើរថយន្ត ព្រួតគ្នាជាមួយនឹងជនជាតិចិន ប្រមាណជាង២០នាក់ទៀត បានដេញវាយពួកគាត់ជាម្ចាស់ម៉ូតូ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខកោះពេជ្រ នាំគ្នាមកជួយអន្តរាគមន៍ និងជួយឃាត់ផងដែរ តែដោយសារឃាត់មិនស្តាប់ ទើបកើតជាការវាយតប់គ្នាទៅវិញទៅមក បណ្តាលឱ្យជនជាតិចិនម្នាក់ ដែលជាបើករថយន្តស៊េរីទំនើបសន្លប់ស្តូកស្តឹង និងមានអ្នករងរបួសបែកមុខមាត់ទាំងសងខាង ជិត១០នាក់ទៀត។
បន្ទាប់ពីកើតមានអំពើហិង្សារួចហើយ ក៏មានរថយន្តសង្គ្រោះមកដឹកបញ្ជូនជនរងគ្រោះទាំងខ្មែរ និងចិន ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងបានទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត មកដឹកជនជាតិចិនជើងខ្លាំងដែលសន្លប់យកទៅមន្ទីរពេទ្យ។ បន្ទាប់មកសមត្ថកិច្ចក៏បានហៅភាគីទាំងសងខាងមកសម្របសម្រួលគ្នា ប៉ុន្តែដោយសារនិយាយមិនត្រូវគ្នា ទើបសមត្ថកិច្ចបាននាំភាគីទាំងពីរទៅសួរនាំនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីស្រាវជ្រាវរកមូលហេតុពិតប្រាកដ និងដោះស្រាយគ្នាតាមនីតិវិធី៕