Tuesday, October 21, 2025
Homeព័ត៌មានជាតិល្បួងស្រីទៅមិនបាន ឡាំប៉ាផ្អើលហាងតែម្តង

ល្បួងស្រីទៅមិនបាន ឡាំប៉ាផ្អើលហាងតែម្តង

ភ្នំពេញ ៖ បុរស២នាក់ បាននាំគ្នាចូលទៅផឹកស៊ីនៅក្នុងហាងខារ៉ាអូខេមួយកន្លែង ដោយបានហៅនារីវ័យក្មេងសាច់ខ្ចីមកអង្គុយកំដរផង លុះផឹកស៊ីស្រវឹង ឃើញខាងស្រីសាច់ខ្ចីអត់ទ្រាំមិនបាន ក៏បបួលចេញទៅក្រៅរកកន្លែងរួមរ័កមេត្រី លុះខាងស្រីមិនព្រម ខកបំណង ក៏ហៅបុគ្គលិកឱ្យគិតលុយថ្លៃផឹកស៊ី ស្រាប់តែពេលយកបុងមកមើល ឃើញអស់៦១ដុល្លារ ក៏ស្រែកឡាំប៉ា ថាគិតលុយលើស កោរកាប់ភ្ញៀវ ធ្វើឱ្យភ្ញាក់ផ្អើលដល់ សមត្ថកិច្ចចុះមកជួយអន្តរាគមន៍។

ករណីបុរសស្រវឹង២នាក់ ខឹងបបួលស្រីចេញទៅដេកអត់បាន បែរជាឡាំប៉ាពេញហាងខារ៉ាអូខេនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចហាងខារ៉ាអូខេ យីហោ Moon KTV នៅតាមបណ្តោយផ្លូវលេខ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីបុរសជាភ្ញៀវទាំង២នាក់ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់២នាក់ បានជិះម៉ូតូ២គ្រឿង ចូលមកផឹកស៊ីនៅក្នុងហាងខាងលើ និងបានសួរម្ចាស់ហាង ថាផឹកមួយឈុតប៉ុន្មាន? ម្ចាស់ហាងក៏ឆ្លើយប្រាប់ថា អស់៣០ដុល្លារ ទើបពួកគាត់បាននាំគ្នាចូលទៅផឹកស៊ី និងច្រៀងលេងក្នុងហាងនោះ រហូតដល់៣ម៉ោងក្រោយមក ពួកគាត់ក៏ហៅម្ចាស់ហាងឱ្យគិតលុយ ស្រាប់តែយកបុងមក ឃើញអស់ដល់ទៅ៦១ដុល្លារ ទើបពួកគាត់បានសួរថា ហេតុអីអស់ទៅដល់៦១ដុល្លារ ពេលនោះម្ចាស់ហាងបានប្រាប់ថា ដោយសារពួកគាត់ហៅម្ហូបថែម និងទឹកក្រូច តែតាមពិត ខ្លួនមិនបានហៅអ្វីថែមទាំងអស់ និងបាននិយាយទៀតថា គ្មានលុយឱ្យរហូតដល់៦១ដុល្លារនោះទេ ស្រាប់តែខាងម្ចាស់ហាងបានដកហូតម៉ូតូ ចំនួន២គ្រឿង របស់ពួកគាត់ទុក (ម៉ាកសង់កូរ៉េ និងម៉ាកស្កុបពី) ទើបធ្វើឱ្យពួកគាត់កើតទុក្ខមិនសុខចិត្ត ក៏បានសុំអន្តរាគមន៍ពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលកាកាបទី១ តែម្តង។

ដោយឡែក តាមសម្តីភាគីម្ចាស់ហាងខារ៉ាអូខេខាងលើវិញ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរស២នាក់ (មិនស្គាល់អត្តសញ្ញាណ) បានជិះម៉ូតូ២គ្រឿង ចូលមកផឹកស៊ីច្រៀងលេងនៅក្នុងហាងខារ៉ាអូខេរបស់គាត់។ លុះចូលមកដល់ ពួកគាត់បានហៅបៀរចំនួន១កេស មកផឹក ដែលស្មើនឹង៣០ដុល្លារ ព្រមទាំងហៅនារីរូបស្រស់ចំនួន២នាក់ ទៅអង្គុយកំដរពួកគាត់ផឹកស៊ីច្រៀងលេងទៀតផង។ បន្ទាប់មក ក្រុមភ្ញៀវក៏ហៅម្ហូបក្លែម រួមមាន កង្កែបបំពងមួយចាន ផ្លែឈើ១ចាន ព្រមទាំងភេសជ្ជៈ៤កំប៉ុងទៀត។

ប្រភពដដែលបន្តថា លុះក្រោយពីផឹកស្រាស្រវឹង បុរសជាភ្ញៀវទាំង២នាក់នោះ បានបបួលនារីដែលមកអង្គុយកំដរនោះចេញទៅក្រៅ រកកន្លែងរួមរ័កមេត្រីជាមួយគ្នា ប៉ុន្តែនារីទាំង២នាក់នោះ ចេះតែប្រកែកមិនព្រមទៅជាមួយទេ។ លុះបុរសជាភ្ញៀវបបួលចេញក្រៅច្រើនដង តែខាងស្រីនៅតែប្រកែករហូត ទើបធ្វើឱ្យបុរសទាំង២នាក់ខឹង ក៏ហៅឱ្យបុគ្គលិកហាងគិតលុយថ្លៃផឹកស៊ី ដើម្បីពួកគាត់ចេញទៅរកសេវាផ្សេងនៅខាងក្រៅវិញ។ បន្ទាប់មក បុគ្គលិកក៏យកបុងគិតលុយ មកហុចឱ្យបុរសជាភ្ញៀវទាំងពីរនាក់មើល ដោយក្នុងនោះ អស់តម្លៃ៦១ដុល្លារ ស្រាប់តែបុរសទាំង២នាក់ បែរជាស្រែកឆោឡោថា គិតលុយលើស កោរភ្ញៀវ និងបានឡាំប៉ាពេញហាង រហូតហៅសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ទៀតផង។

 

សមត្ថកិច្ចមូលដ្ឋាន ដែលចុះទៅអន្តរាគមន៍ដល់ទីតាំងកើតហេតុខាងលើ បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានករណីហាងខារ៉ាអូខេ កោរភ្ញៀវមិនដាក់ទឹករួចមក សមត្ថកិច្ចក៏បានចុះមកដល់ទីតាំងកើតហេតុ និងបានសួរនាំបុរសជាភ្ញៀវទាំង២នាក់ខាងលើ និងត្រូវបុរសទាំង២នាក់ បានប្រាប់ថា ពួកគេផឹកអស់ស្រាបៀរតែ១កេស តម្លៃ៣០ដុល្លារទេ ហេតុអីគិតលុយដល់ទៅ៦១ដុល្លារ នេះគឺជាការរកស៊ីបោកប្រាស់ច្បាស់ណាស់។ បន្ទាប់មកសមត្ថកិច្ចក៏បានសួរនាំភាគីម្ចាស់ហាង និងត្រូវម្ចាស់ហាងប្រាប់ថា ភ្ញៀវទាំង២នាក់ បានផឹកស៊ីក្នុងហាងគាត់ អស់៦១ដុល្លារ (ទាំងស្រា និងសាច់ក្លែម ព្រមទាំងភេសជ្ជៈ) ប៉ុន្តែដោយសារតែភ្ញៀវ២នាក់នោះ ខឹងរឿងហៅនារីបម្រើការក្នុងហាងរបស់គាត់ ចេញទៅដេកនៅក្រៅមិនបាន ទើបឡាំប៉ាថា គិតថ្លៃកោរភ្ញៀវទៅវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកបុងគិតលុយមកពិនិត្យឃើញថា មានរាយមុខទំនិញមួយចំនួន ក្នុងនោះ ស្រាបៀរ១កេស តម្លៃ៣០ដុល្លារ កង្កែបបំពង១ចាន តម្លៃ១២ដុល្លារ ផ្លែឈើមួយចានតម្លៃ៧ដុល្លារ ទឹកក្រូច និងភេសជ្ជៈប៉ូវកម្លាំង៤កំប៉ុង តម្លៃ១២ដុល្លារ សរុប៦១ដុល្លារ។ បន្ទាប់មក សមត្ថកិច្ចក៏បានជួយធ្វើការសម្របសម្រួល រហូតដល់ចុងក្រោយភាគីម្ចាស់ហាងបានយល់ព្រមគិតត្រឹមតែតម្លៃ ៤០ដុល្លារប៉ុណ្ណោះ ចំណែកភាគីភ្ញៀវក៏យល់ព្រមបង់លុយ៤០ដុល្លារដើម្បីបញ្ចប់រឿង រួចជិះម៉ូតូចាកចេញទៅវិញបាត់អស់ទៅ៕

RELATED ARTICLES