ភ្នំពេញ ៖ បុរសម្នាក់ជាមេជាងជួសជុលរថយន្តម្នាក់ បានកាន់ម៉ូទ័រស្វានចូលទៅក្រោមរថយន្ត ដើម្បីស្វានប្រអប់លេខ ចាប់ប៊ូឡុង ស្រាប់តែអកុសល ម៉ូទ័រឆ្លងចរន្ត បណ្តាលឱ្យឆក់ជាប់នៅក្រោមរថយន្ត និងត្រូវកូនជាងជួយសង្គ្រោះបឋម ព្រមទាំងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសល នៅតែមិនអាចស្រោចស្រង់ជីវិតជនរងគ្រោះបានឡើយ ។
ករណីមេជាងជួសជុលរថយន្ត ត្រូវចរន្តអគ្គិសនីឆ្លងតាមម៉ូទ័រស្វានឆក់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្នុងយានដ្ឋានជួសជុលរថយន្ត យីហោ ជាង សុង តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះ ដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះជាង សុង អាយុ៣៨ឆ្នាំ មុខរបរមេជាងជួសជុលរថយន្ត ស្នាក់នៅយានដ្ឋានខាងលើ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម អត់មានឪពុកម្តាយ មានតែ២នាក់បងប្អូន ចំណែកប្អូនស្រីម្នាក់ទៀតរស់នៅឯខេត្តរតនគិរី។
តាមប្រភពពីកូនជាងក្នុងការដ្ឋានខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលកម្មករ កូនជាងធ្វើការងាររៀងៗខ្លួន ជនរងគ្រោះជាមេជាង បានលូនចូលទៅក្រោមរថយន្តធ្វើប្រអប់លេខ ហើយបានយកម៉ូទ័រស្វានប្រអប់លេខនោះ ស្រាប់តែបន្តិចក្រោយមក ក៏ឆ្លងចរន្តឆក់ជនរងគ្រោះសន្លប់ស្តូកស្តឹងនៅក្រោមរថយន្ត។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះ ត្រូវបានកូនជាងដែលកំពុងធ្វើការក្បែរនោះឃើញ ក៏ស្ទុះរត់ទៅដកឌុយចេញពីព្រីភ្លើង បន្ទាប់មកក៏លើកជនរងគ្រោះយកទៅកប់ដីខ្សាច់ រួចដឹកតាមរថយន្តផ្ទាល់ខ្លួន ទៅមន្ទីរពេទ្យព្រះកុសុមៈ ជាអកុសល គ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ ទៅហើយ៕