Thursday, March 13, 2025
Homeសន្ដិសុខសង្គមខ្ចីម៉ូតូគេថាទៅយកប្រពន្ធ បែរជាបញ្ចាំចាក់ World Cup

ខ្ចីម៉ូតូគេថាទៅយកប្រពន្ធ បែរជាបញ្ចាំចាក់ World Cup

ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែផុងខ្លួននឹងរដូវវើលខាប់ ក៏បែកគំនិតខ្ចីម៉ូតូមិត្តភក្តិ ប្រាប់ថាទៅដឹកប្រពន្ធ តែបែរជាបង្ហួសយកទៅបញ្ចាំ បានលុយចាក់បាល់ចាញ់អស់គ្មានសល់ ទីបំផុត ក៏ត្រូវម្ចាស់ម៉ូតូប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលខ្ចីម៉ូតូមិត្តភក្តិទៅបញ្ចាំចាក់បាល់ មានឈ្មោះយេន សំណាង អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនរងគ្រោះ មានឈ្មោះព្រហ្ម សុភាព អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១៨៣ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។ រីឯម៉ូតូដែលជនសង្ស័យយកទៅបញ្ចាំ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1D-0603 មានលេខតួ និងលេខម៉ាស៊ីន 8815553។

តាមសម្តីរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា  នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ខណៈដែលគាត់កំពុងរង់ចាំដឹកម៉ូយនៅមុខហាងខារ៉ាអូខេ ពន្លឺព្រះច័ន្ទពេញវង់ តាមផ្លូវ២០០៤ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍ សែនជ័យ ជនសង្ស័យក៏បានទូរស័ព្ទមកហៅឱ្យគាត់ទៅជួបនៅមុខហាងខារ៉ាអូខេ រស្មីពោធិ៍ចិនតុង តាមផ្លូវ២០០៤ ភូមិតាងួន លុះពេលទៅដល់ ជនសង្ស័យក៏បានខ្ចីម៉ូតូពីគាត់ ដោយប្រាប់ថា ទៅដឹកប្រពន្ធនៅចោមចៅមួយភ្លែត ចំណែកគាត់អាងថាជាមនុស្សស្គាល់គ្នា ក៏យល់ព្រមឱ្យខ្ចីទៅ។

ប្រភពដដែលបន្តថា បន្ទាប់ពីខ្ចីម៉ូតូបានហើយ ជនសង្ស័យក៏ជិះម៉ូតូចេញទៅបាត់ រហូតដល់ម៉ោង១និង៣០នាទីរសៀលថ្ងៃដដែល ជនសង្ស័យបានទូរស័ព្ទហៅឱ្យគាត់ ទៅជួបនៅបន្ទប់ជួលរបស់គេ ដើម្បីនិយាយពីរឿងម៉ូតូ។ លុះពេលគាត់ទៅដល់ ជនសង្ស័យក៏ប្រាប់ថា ម៉ូតូត្រូវបានយកទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវបាត់ទៅហើយ តែជនសង្ស័យបានសន្យាថា នឹងលោះម៉ូតូនោះមកឱ្យគាត់វិញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨៕

RELATED ARTICLES