កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ រឿង ”បាតដៃខ្មៅ” ត្រូវបានដាក់សម្ពោធជាផ្លូវការនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ រាជធានីភ្នំពេញ ដោយមានតារាសម្ដែង អ្នកសារព័ត៌មានជាច្រើនរូប បានចូលរួមអបអរសាទរ។
កម្មវិធីនេះគេកត់សម្គាល់ឃើញថា ក៏មានការអញ្ជើញចូលរួមទស្សនាផ្ទាល់ពីសំណាក់ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោកជំទាវ និងឯកឧត្តមហ៊ុន ម៉ានី និងលោកជី សិលា អ្នកវិនិយោគទុនក្នុងការផលិតរឿងនេះ ព្រមទាំងមន្ដ្រីមួយចំនួន មកពីនាយកដ្ឋានភាពយន្ដផងដែរ។
ទិដ្ឋភាពកាន់តែមានការអ៊ូអរនៅពេលដែលឯកឧត្តមខៀវ កាញារីទ្ធ និងឯកឧត្តមហ៊ុន ម៉ានីមានចំណាប់អារម្មណ៍អញ្ជើញចូលរួមទស្សនារឿងនេះ ស្របពេលដែលតារាសម្ដែងរឿងនេះទាំងអស់ ភាគច្រើនជាតារាថ្មីៗ តែត្រូវបានក្រុមការងារបណ្ដុះបណ្ដាលពួកគេយ៉ាងយកចិត្តទុកដាក់ មុននឹងពួកគេបានឈានមកសម្ដែងក្នុងរឿងខ្នាតធំមួយនេះ។
លោកមាស រស្មី អ្នកដឹកនាំសម្ដែងរឿង ”បាតដៃខ្មៅ” បានឲ្យដឹងថា ”រឿងនេះជាការផលិតរបស់ក្រុមហ៊ុន Sabay សហការជាមួយ Studio 4 ហើយការដែលយើងជ្រើសរើសយកតារាថ្មីៗមកសម្ដែងរឿងនេះ គឺយើងចង់ផ្ដល់ឱកាសឲ្យតារាថ្មីបានចូលរួមបញ្ចេញទេពកោសល្យរបស់ពួកគេ ក្នុងការឈានទៅប្រឡូកអាជីពសិល្បៈជាលក្ខណៈអាជីពនេះ។រឿងនេះត្រូវបានសម្រួលពីប្រឡោមលោក សរសេរសម្រាប់ការស្រម៉ៃ មកជាអត្ថបទរឿងសម្រាប់ការថតរូបភាព និងសំឡេង ដែលទីតាំងភាគច្រើនថតនៅខេត្តតាកែវ និងស្ទឹងត្រែង ជាដើម។ រឿង ”បាតដៃខ្មៅ” នេះ បង្កប់ទៅដោយអត្ថន័យអប់រំ មិត្តភាព ស្នេហា ពិសេសឈុតឆាកភ័យរន្ធត់ ដែលនឹងធ្វើឲ្យទស្សនិកជនបានប្លែកភ្នែកជាមិនខាន”។
រឿង ”បាតដៃខ្មៅ” នឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នេះតទៅនៅគ្រប់រោងភាពយន្ដទំនើបៗនៅភ្នំពេញ ក៏ដូចជា Major Cineplex By Smart ខេត្តសៀមរាប ផងដែរ។ភាពយន្ដនេះក៏មានការចូលរួមពីតារាចម្រៀង Original Song មានដូចជា លោកសៃ ខាំ, ជេន ម៉ាននិត, ជន រតនៈ រួមទាំងចែ ឡេង និងយុវជនវ័យក្មេងហេង ច័ន្ទតារាវិត ។
លោកជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay បានឲ្យដឹងថា ”រឿង ”បាតដៃខ្មៅ” ជាភាពយន្ដថ្មីប្លែក ខុសពីអ្វីដែលមាននៅលើទីផ្សារភាពយន្ដខ្មែរបច្ចុប្បន្ន វាជាភាពយន្ដមានខ្លឹមសារបណ្ដុះគំនិតយុវវ័យឲ្យចេះកំណត់គោលដៅជីវិត របៀបត្រូវដើរ និងអ្វីដែលពួកគេត្រូវធ្វើ។ រឿងនេះបើទោះជាជោគជ័យ ឬមិនជោគជ័យក្ដី ក្រុមហ៊ុនរបស់យើងនៅតែមានគម្រោងផលិតភាពយន្ដខ្មែរជាបន្ដទៀតដែរ ព្រោះកន្លងមក យើងធ្លាប់ទទួលបានជោគជ័យដែរ ដូចជារឿង”គ្រាប់ពេជ្រ“, រឿង “ប៉ុបពីទៅហូលលីវូដ” ជាដើម”៕