ខេត្តក្រចេះ ៖ បុរសជាព្រានព្រៃម្នាក់ បានចេញទៅបរបាញ់សត្វព្រៃដូចសព្វដង លុះឃើញសត្វកំពីងដូងមួយក្បាល ចូលទៅពួនសម្ងំក្នុងគល់ឈើ ក៏បែកគំនិតកាប់ដើមឈើផ្តួល ដើម្បីចាប់សត្វកំពីងដូងនោះ ស្រាប់តែអកុសល ដើមឈើបានបាក់រលំសង្កត់ខ្លួនឯង បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចព្រៃជ្រៅ ស្ថិតក្នុងឃុំ ស្រែជិះ ស្រុកសំបូរ។
បុរសរងគ្រោះដែលត្រូវដើមឈើរលំសង្កត់ ស្លាប់នោះ មានឈ្មោះដេម គា អាយុ៥១ឆ្នាំ ជាជនជាតិភាគតិចក្រោល មុខរបរព្រានព្រៃ រស់នៅ ឃុំស្រែជិះ ស្រុកសំបូរ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ រួមនិងកូនក្មួយប៉ុន្មាននាក់ទៀត បាននាំគ្នាបណ្តើរសត្វឆ្កែ១ក្បាលចេញទៅក្នុងព្រៃជ្រៅៗខាងក្រោយ ភូមិ ដើម្បីបរបាញ់សត្វព្រៃតាមទម្លាប់។
លុះទៅដល់ព្រៃជ្រៅ ក៏ប្រទះឃើញសត្វកំពីងដូងធំ១ក្បាល ទើបនាំគ្នាប្រដេញជាមួយសត្វឆ្កែ ដើម្បីស្ទាក់ចាប់។ ពេលប្រដេញចាប់សត្វកំពីងដូងនោះបានរត់ចូលពួនសម្ងំក្នុងគល់ឈើធំមួយដើម ទើបជនរងគ្រោះនិងកូនក្មួយឃើញបែបនេះ ក៏បែកគំនិតកាប់ផ្តួលរំលំដើមឈើធំ ១ដើមនោះ ដើម្បីចាប់យកសត្វកំពីងដូង ដឹងអី នៅពេលដើមឈើបាក់រលំ ស្រាប់តែមកសង្កត់លើជនរងគ្រោះ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង៕