ខេត្តតាកែវ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម នៅខាងក្រោយផ្ទះរបស់ខ្លួន ដោយមានស្លាកស្នាមរបួសវាយនឹងដំបងចំថ្ងាសជាច្រើនកន្លែងទៀតផង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យ និងសន្និដ្ឋានថា ជាករណី ឃាតកម្ម។
ករណីស្ត្រីចំណាស់ត្រូវជនដៃដល់វាយសម្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិសំរោង ឃុំសំរោង ស្រុកសំរោង។
លោកយាយរងគ្រោះ ដែលត្រូវឃាតករវាយសម្លាប់យ៉ាងឃោរឃៅនេះ មានឈ្មោះសុខ ម៉េង អាយុ៦៧ឆ្នាំ មុខរបរកសិករ មានលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ត្រីរងគ្រោះ ដេកស្លាប់ ក្នុងថ្លុកឈាម នៅខាងក្រោយផ្ទះរបស់ខ្លួនចំងាយប្រមាណ២៥០ម៉ែត្រ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង និងប្រញាប់រត់ទៅរាយការណ៍ប្រាប់ សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍តែម្តង។
ក្រោយទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅលើសាកសព មានស្លាកស្នាមរបួសនៅត្រង់ថ្ងាស ផ្នែកខាងឆ្វេង ដោយដាច់រហែកចំនួន៣កន្លែង៕