Sunday, January 19, 2025
Homeសង្គម និងជីវិតខឹងប្រពន្ធអត់រៀបបាយឲ្យ រត់ទៅចងកស្លាប់

ខឹងប្រពន្ធអត់រៀបបាយឲ្យ រត់ទៅចងកស្លាប់

ខេត្តកណ្តាល ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ត្រឡប់មកដល់ផ្ទះវិញ ក៏ប្រើឱ្យប្រពន្ធរៀបបាយមកឱ្យខ្លួនជាប្តីហូប តែប្រពន្ធកំពុងខឹងរឿងប្តីដើរផឹកបាត់ៗ ក៏ឆ្លើយទាំងគំរោះគំរើយថា “បាយសម្លនៅនឹងឆ្នាំង ដួសស៊ីខ្លួនឯងទៅ” ធ្វើឱ្យបុរសជាប្តីតូចចិត្ត ក៏រត់ទៅចងក សម្លាប់ខ្លួននៅលើដើមស្វាយខាងក្រោយផ្ទះ។

ករណីប្តីតូចចិត្តនឹងសម្តីប្រពន្ធឱ្យដួសបាយស៊ីខ្លួនឯង បែរជាដាច់ចិត្តគិតខ្លីចងកបញ្ចប់ជីវិតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិចុងកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង។

បុរសរងគ្រោះដែលចងកធ្វើអត្តឃាត មានឈ្មោះភូ ធឿន អាយុ៣៣ឆ្នាំ មុខរបរកសិករ មានលំនៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញទៅផឹកស្រាថ្នាំជាមួយឈ្មោះសា រ៉េត និងឈ្មោះភី តាំង ជាអ្នកភូមិជាមួយគ្នា តាំងពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់វេលាម៉ោងប្រហែល៨យប់ ទើបត្រឡប់ទៅផ្ទះវិញ ទាំងសភាពស្រវឹងជោកជាំ។

ប្រភពដដែលបន្តថា នៅពេលចូលទៅដល់ផ្ទះ ជនរងគ្រោះក៏បានរករឿងប្រពន្ធឈ្មោះគង់ សូរី ឱ្យរៀបចំបាយឱ្យខ្លួនហូប តែប្រពន្ធកំពុងខឹងនឹងប្តីរឿងទៅផឹកតាំងពីព្រលឹម ទល់កណ្តាលយប់ទើបចូលផ្ទះ មិនព្រមចេញទៅរៀបឱ្យប្តីហូបទេ និងថែមទាំងឆ្លើយដោយពាក្យគំរោះ គំរើយដាក់ប្តីថា “បាយសម្លនៅនឹងឆ្នាំង ដួសស៊ីខ្លួនឯងទៅ”។ នៅពេលដែលឮសម្តីប្រពន្ធបែបនេះ បុរសរងគ្រោះជាប្តី ក៏តូចចិត្តតូចថ្លើម ដើរចេញទៅក្រោយផ្ទះ ដេកលើគ្រែក្រោមដើមស្វាយតែម្នាក់ឯង ដោយមិនខ្ចីរកបាយហូបឡើយ ចំណែកប្រពន្ធវិញ ក៏មិនចាប់អារម្មណ៍អ្វីដែរ ក៏នាំកូនឡើងទៅលើផ្ទះដេកលក់អស់ទៅ។

ប្រភពខាងលើ បានបញ្ជាក់ថា លុះមកដល់វេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ខណៈដែលស្ត្រីជាប្រពន្ធ ភ្ញាក់ឡើងមិនឃើញប្តី ក៏ចុះពីលើផ្ទះដើររក ស្រាប់តែប្រទះឃើញប្តី ចងកនៅលើដើមស្វាយក្រោយផ្ទះស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោផ្អើលដល់អ្នកភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ៕

RELATED ARTICLES