Friday, March 14, 2025
Homeព័ត៌មានជាតិរកឃើញបង្អែមបាញ់ឌុក លត មានលាយសារធាតុគីមីហាមឃាត់

រកឃើញបង្អែមបាញ់ឌុក លត មានលាយសារធាតុគីមីហាមឃាត់

ខេត្តព្រះសីហនុ ៖ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយមន្ត្រីសាលាខេត្ត និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ បានចុះប្រតិបត្តិការត្រួតពិនិត្យគុណភាព ម្ហូបអាហារដែលកំពុងដាក់តាំងលក់នៅក្នុងផ្សារលើក្រុងព្រះសីហនុ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញសារធាតុគីមីហាមឃាត់ (បូរ៉ាក់) នៅក្នុងបង្អែមបាញ់ឌុក និងលតខៀវ ដែលអាជីវករមួយចំនួនដាក់លក់ក្នុងផ្សារ។

តាមប្រភពពីមន្ត្រីជំនាញដែលចុះប្រតិបត្តិការដោយផ្ទាល់ បានបញ្ជាក់ថា ការរកឃើញសារធាតុគីមីបូរ៉ាក់ នៅក្នុងបង្អែមបាញ់ឌុក និងលតខៀវនេះ ធ្វើឡើងតាមរយៈការប្រើឧបករណ៍ធ្វើតេស្តបឋម ដែលលទ្ធផលបង្ហាញថា មានលាយសារធាតុគីមីហាមឃាត់។

ប្រជាពលរដ្ឋជាអ្នកលក់បង្អែមបាញ់ឌុក និងលតខៀវ ដែលត្រូវមន្ត្រីកាំកុងត្រូលរកឃើញថាមានលាយសារធាតុគីមីបូរ៉ាក់នេះ បានបញ្ជាក់ថា បង្អែមបាញ់ឌុក និងលតខៀវនេះ ពួកគាត់មិនមែនធ្វើខ្លួនឯងទេ តែពួកគាត់បានទិញពីអ្នកបោះដុំក្នុងផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្មអូរ១ ជិតផ្សារលើនេះដែរ និងមិនបានដឹងថា បង្អែមទាំងនេះមានលាយសារធាតុគីមីនោះទេ។

ក្រោយពិនិត្យរកឃើញបង្អែមមានលាយសារធាតុគីមីហាមឃាត់រួចមក មន្ត្រីកាំកុងត្រូល បានសម្រេចធ្វើការដកហូតយកទាំងអស់ដើម្បី យកទៅកំទេចចោល និងបានចុះទៅកាន់ទីកន្លែងចែកចាយក្នុងផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្មអូរ១ ដើម្បីស្រាវជ្រាវបន្ថែមទៀតផង។ ប៉ុន្តែអាជីវករ ពាក់ព័ន្ធបានអះអាងថា ថ្ងៃនេះបានលក់ចែកចាយអស់ហើយ និងបានបដិសេធផងដែរថា ពួកគាត់មិនបានដឹងថាក្នុងបង្អែមនេះមានសារធាតុគីមី នោះទេ។

ដើម្បីទប់ស្កាត់បញ្ហាលាយសារធាតុគីមីបូរ៉ាក់ក្នុងបង្អែមបាញ់ឌុក និងលតខៀវនេះ មន្ត្រីកាំកុងត្រូល ក៏បានតម្រូវឱ្យបងប្អូនអាជីវករពាក់ ពន្ធ័ទាំងអ្នកបោះដុំ និងទាំងអ្នកលក់រាយ បញ្ឈប់លែងឱ្យមានដាក់លាយគីមីបន្តទៀត ជាដាច់ខាត ក្នុងករណីសមត្ថកិច្ចរកឃើញលើកក្រោយ អាចនឹងប្រឈមមុខតាមផ្លូវច្បាប់៕

RELATED ARTICLES