ពិធីការិនីឌួង ហ្សូរីដា បាននាំយកថវិកាជាទឹកប្រាក់ចំនួន៥លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ដែលមានអ្នកសារព័ត៌មានជាច្រើនបានទៅផ្ដិតយករុបភាពផងដែរ។
តាមការអះអាងរបស់ពិធីការិនីល្បីឈ្មោះ ហ្សូរីដា បានបង្ហើបឲ្យដឹងថា ទឹកប្រាក់ទាំងនេះ គឺបានមកពីការលក់កាបូប អាវយឺត… រយៈពេល២ខែ នាងប្រម៉ែប្រមូលលុយទាំងនេះបានចំនួន៥លានរៀល តាមរយៈគម្រោង Proud To Be Cambodia។
ឌួង ហ្សូរីដា ដែលថ្លែងថា ”យើងបានលក់កាបូប អាវយឺត ដែលមានសញ្ញាសំគាល់ Proud To Be Cambodia នោះ បានទឹកប្រាក់ចំនួន៥លានរៀល ក្នុងរយៈពេល២ខែ ពីហាងរក្សាសម្រស់របស់ខ្ញុំផ្ទាល់ ”មុទិតា”។ តាមរយៈការទិញរបស់អតិថិជនពីហាងរបស់យើងខ្ញុំ នូវកាបូបនេះ ដូចជាបានចូលរួមជួយសង្គមដែរ ព្រោះអីថវិកានេះយើងបាននាំយកមកជួយមន្ទីរពេទ្យគន្ធបុប្ផាហើយពេលនេះដើម្បីជាការសម្រាលបន្ទុកខ្លះៗដល់ខាងមន្ទីពេទ្យ ដែលត្រូវការចាយលុយជាច្រើនរៀងរាល់ថ្ងៃ ដើម្បីជួយដល់កុមារកម្ពុជាយើង ហើយនេះក៏ជាខួប១ឆ្នាំ ហាង ”មុទិតា” របស់ខ្ញុំផងដែរ”។
ក្រៅពីថវិកាចំនួន៥លានរៀននោះ ឌួង ហ្សូរីដា ក៏បានប្រមូលថវិការពីមិត្តភក្ដិដែលធ្លាប់បានរៀបជាមួយគ្នា បានប្រាក់ចំនួន៣៧០ដុល្លារ ខណៈមិត្តភក្ដិស្រីដែលធ្លាប់សិក្សាជាមួយនាងអ្នកស្រីគង់ ចាន់សុរិយា បានជួយសារ៉ុង ចំនួន៥០ ចំណែកម្ដាយនាងបានជួយសារ៉ុង ចំនួន១០០ ហើយមិត្តភក្ដិនាងមកពីកូរ៉េ ដែលគ្រោងរៀបចំការប្រគំតន្ដ្រីដ៏ធំនៅកម្ពុជា នាំយកតារាល្បីៗរបស់កូរ៉េ មកច្រៀងសម្ដែងដើម្បីយកថវិកាទៅជួយមន្ទីពេទ្យគន្ធបុប្ផា បានជួយដបទឹក ចំនួន៥០០កំប៉ុង ដើម្បីចែកដល់អ្នកជំងឺផងដែរ។
ពិធីការិនីដែលចូលចិត្តធ្វើកម្មវិធីសប្បុរសធម៌ជាច្រើនមកហើយនោះ បន្ថែមថា ”ដោយសារតែយើងមានគោលការណ៍តែមួយ ឆន្ទៈយើងដូចគ្នា ហេតុនេះហើយបានជាថ្ងៃនេះ មិត្តភក្ដិខ្ញុំនៅកូរ៉េ គាត់បានយកអំណោយជាសម្ភារៈ មានដបទឹក និងថវិកាមួយចំនួនផ្សេងទៀត មកជុំគ្នានៅថ្ងៃនេះ ដើម្បីផ្ដល់ដល់មន្ទីពេទ្យ និងជួនដល់អ្នកជំងឺមួយចំនួនដែរ។ ខាងកូរ៉េ គេនឹងរៀបចំ Concert ធំមួយនៅពេលខាងមុខនេះ ដោយមានតារាល្បីៗរបស់កូរ៉េ ចូលរួម ដើម្បីប្រមូលថវិការជួយដល់មន្ទីពេទ្យគន្ធបុប្ផា ផងដែរ។ សម្រាប់ខ្ញុំនឹងបន្ដកម្មវិធី Proud To Be Cambodia ជាបន្ដទៀត តាមរយៈការលក់កាបូបរបស់យើង គឺបងប្អូនជួយទិញសម្ភារៈ និងគ្រឿង Cosmetic ពីហាង ”មុទិតា” គឺដូចតែជួយកិច្ចការសង្គមដែរ ព្រោះថវិកាទាំងនោះ យើងនឹងយកមកជួយដល់មន្ទីពេទ្យគន្ធបុប្ផា និងជួយដល់កិច្ចការសង្គមផ្សេងៗទៀត តាមរយៈកម្មវិធីសប្បុរសធម៌ដែលយើងអាចធ្វើទៅបាន”។
ឌួង ហ្សូរីដា បានដើរចែកសារ៉ុង និងដបទឹកដល់អ្នកជំងឺ ដែលជូនកូនមកពិនិត្យនៅមន្ទីពេទ្យគន្ធបុប្ផា ខណៈដែលប្អូនស្រីនាងទាំង២ ក៏បានចូលរួមចែកអំណោយនោះដែរ។ ដោយឡែក ខាងអ្នកតំណាងមន្ទីពេទ្យគន្ធបុប្ផា បានសរសើរនូវទឹកចិត្តដ៏ល្អរបស់ពិធីការិនីឌួង ហ្សូរីដា ដែលប្រឹងប្រែងលក់កាបូប ២ខែ បានទឹកប្រាក់៥លានរៀលនាំយកមកមន្ទីពេទ្យគន្ធបុប្ផា នៅពេលនេះដែរ ហើយលោកសូមឲ្យហ្សូរីដា បន្ដចូលរួមជួយការងារសប្បុរសធម៌ទាំងនេះជាបន្ដទៀតផងដែរ។
ឌួង ហ្សូរីដា ដែលជាអ្នកច្នៃម៉ូដ (Design ) នោះ បានឲ្យដឹងដែរថា សម្រាប់ការធ្វើកាបូបនោះ គឺនាងបានទម្លាក់ទៅឲ្យអង្គការជនពិការកម្ពុជា មួយចំនួន ដេរឲ្យនាងផងដែរ ដែលនោះក៏ជាការផ្ដល់ការងារឲ្យពួកគេធ្វើ ហេតុនេះហើយបានជានាងសូមឲ្យបងប្អូនទាំងអស់បន្ដជួយគាំទ្រកម្មវិធី ”Proud To Be Cambodia” បន្ដទៀតផងដែរ ដើម្បីជាការចូលរួមជួយសង្គមទាំងអស់គ្នា៕