ខេត្តប៉ៃលិន ៖ បុរសម្នាក់ ត្រូវបានឃាតករដៃឆៅ ចាប់អារផ្តាច់បំពង់កសម្លាប់យ៉ាងសាហាវឃោរឃៅ បន្ទាប់មកក៏យកខ្សែមកចងព្យួរកសពជនរងគ្រោះឡើងទៅលើ ដើម្បីបង្វែងដានសមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចរោងស្នាក់នៅរបស់កម្មករ ខាងក្រោយយានដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
បុរសរងគ្រោះ ដែលត្រូវឃាតករអារកសម្លាប់ រួចចងព្យួរក មានឈ្មោះម៉ៅ ទិត អាយុ៣៣ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិស្តុកឃ្លោក ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែកយានដ្ឋានជាទីតាំងកើតហេតុ ជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះកែវ សុខជឿន ហៅជាងយ៉ាវ ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុប៉ុន្មានថ្ងៃ ជនរងគ្រោះបានទិញរថយន្តម៉ាកយីឌុប១គ្រឿង តម្លៃជាង៣ម៉ឺនដុល្លារ លុះក្រោយមក ជនរងគ្រោះក៏បានយករថយន្តយីឌុបនោះ មកធ្វើការជួសជុលនៅក្នុងយានដ្ឋានខាងលើ។ លុះមកដល់ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះបានប្រាប់ថា មិនស្រួលខ្លួន រួចក៏ទៅចងអង្រឹងដេកនៅក្នុងរោងស្នាក់នៅរបស់កម្មករក្នុងយានដ្ឋានខាងលើ (កន្លែងកើតហេតុ)។ រហូតមកដល់ល្ងាចថ្ងៃដដែល ដោយសារតែមិនឃើញជនរងគ្រោះចេញមករកបាយទឹកហូប ទើបម្ចាស់យានដ្ឋាន រួមនឹង កម្មករមួយចំនួនបាននាំគ្នាដើរតាមរក ក៏ប្រទះឃើញឈាម៣ទៅ៤កន្លែង រួចឃើញជនរងគ្រោះចងក ស្លាប់នៅជាប់ជញ្ជាំងរោងស្នាក់នៅ ដោយមានឈាមហូរជោកខ្លួន ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។
លោកវរៈសេនីយ៍ទោ ជា រ៉ាវុធ ប្រធានការិយាល័យវេជ្ជសាស្ត្របច្ចេកទេស និងកោសល្យវិច័យ នៃស្នងការនគរបាលខេត្តបានឱ្យដឹងថា ក្រោយពីដាក់សាកសពរួច លោកគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែកខេត្ត និងនគរបាលបច្ចេកទេស បានពិនិត្យទៅលើ សាកសពរួចឃើញថា ជនរងគ្រោះត្រូវគេយកអាវុធមុតស្រួច (ឡាម) អារក រួចយកទៅចងព្យួរកដើម្បីបង្វែភ័ស្តុតាង៕