Tuesday, October 21, 2025
Homeព័ត៌មានជាតិបរិយាយថ្ងៃនេះ ៖ ត្រីកប់ ត្រឡប់ជាត្រីអាំង

បរិយាយថ្ងៃនេះ ៖ ត្រីកប់ ត្រឡប់ជាត្រីអាំង

សុភាសិតខ្មែរថា “ត្រីកប់ត្រឡប់ជាត្រីអាំង សម្លក្នុងឆ្នាំង រកវែកដួសគ្មាន” បើពិចារណាឱ្យដិតដល់ទៅ អាចយកមកប្រៀបធៀបនឹងស្ថានការណ៍នយោបាយបច្ចុប្បន្ននេះបាន។ អតីតគណបក្សសង្គ្រោះជាតិ ដែលខំប្រមែប្រមូលច្របាច់បញ្ចូលគ្នា រវាងក្រុមលោកសម រង្ស៊ី និងក្រុមលោកកឹម សុខា នោះ មិនខុសពីកសិករ “ធ្វើត្រីកប់” លុះអាំងឆ្អិន មិនបានដាក់ពោះខ្លួនឯងទេ ក៏ឈឺចិត្តស្អិតទ្រូង “មិនព្រមធ្វើវែកដួសសម្ល” ដែល “នគរធំ” សូមលើកសុភាសិតខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

យោងតាមអត្ថានុរូប ឬន័យត្រង់ “ត្រីកប់ត្រឡប់ជាត្រីអាំង” សំដៅដល់ស្ត្រីមេផ្ទះ ទៅជញ្ជាត់បានត្រីល្អិតៗច្រើន ចង់ឱ្យប្តីប្លែកមាត់ ឬក្លែមស្រា-ស គាប់ចិត្ត ក៏យកកូនត្រីទាំងនោះ ទៅឈ្លេចយកអាចម៍ចេញលាងឱ្យស្អាត ទើបបុកគ្រឿងមាន ស្លឹកគ្រៃ ខ្ទឹម រមៀត ម្ទេស រំដេង អំបិល ស្ករ ប៊ីចេង ប្រឡាក់កូនត្រីនោះ ឱ្យសព្វសាច់ រួចយកស្លឹកឈូក ឬស្លឹកចេក មកខ្ចប់ ត្បៀតនឹងតម្បុត ដាក់អាំង។ ពេលនៅឆៅ ម្ហូបពិសេសនោះ មានឈ្មោះថា “ត្រីកប់” លុះអាំងឆ្អិន ក៏ហៅថា “ត្រីអាំង” ម្តង វិញ វាមានឱជារសឆ្ងាញ់ណាស់ សម្រាប់ចាស់ៗដែលមិនសូវមានធ្មេញទំពា។

យ៉ាងណាមិញ បើបរិយាយតាមអត្ថប្បដិរូប ឬន័យធៀប “ត្រីកប់” សំដៅដល់លោកសម រង្ស៊ី-លោកកឹម សុខា ដែលបានចាប់ដៃគ្នាបង្កើតគណបក្សសង្គ្រោះជាតិ ព្យាយាមផ្សំគ្រឿង ប្រមែប្រមូលអ្នកមាននិន្នាការប្រឆាំងឱ្យចូលរួម “វេចខ្ចប់” រហូតទទួលបានអាសនៈ ៥៥ក្នុងរដ្ឋសភា កាលពីអាណត្តិទី៥ ឆ្នាំ២០១៣ និងដណ្តើមបានជាង៥០០០កៅអី ក្រុមប្រឹក្សា ឃុំ-សង្កាត់ ជាមួយនឹងកៅអីមេឃុំ ចៅសង្កាត់ ជិត៥០០។ ការដណ្តើមបាននេះ ប្រៀបបាននឹង “ត្រីកប់” នេះឯង ប៉ុន្តែនៅពេលអាំងឆ្អិន ឬពួកប្រឆាំងបានចូលធ្វើការក្នុងរដ្ឋសភា និងសាលាឃុំសាលាសង្កាត់ ក៏រងការប្តឹងផ្តល់រហូតរលំរលាយគណបក្សនោះទៅ ពោលគឺលោកសម រង្ស៊ី និងលោកកឹម សុខា អត់បានផលប្រយោជន៍អ្វីពីជ័យជម្នះរបស់ខ្លួននោះទេ បែរជាកៅអីអតីតបក្សប្រឆាំងនោះ ធ្លាក់ទៅដល់បក្សកាន់អំណាចបក្សហ៊្វុនស៊ិនប៉ិច និងបក្សប៉ុន្មានទៀត យកទៅចែកគ្នាអង្គុយ ឬចែកត្រីកប់ក្លាយជាត្រីអាំងនោះ ហូបយ៉ាងឆ្ងាញ់។

យើងអាចទាញឧបមានវិធីមួយបែបទៀតថា កាលពីមុន បក្សប្រឆាំងដែលរលាយទៅនោះ ចង់បោះឆ្នោតខ្លាំងណាស់ ដោយព្យាយាមបន្តុះបង្អាប់បក្សកាន់អំណាចដណ្តើមកៅអី។ លុះអតីតបក្សសង្គ្រោះជាតិ ត្រូវរំលាយចោលមក បែរជា “ប្រកាសធ្វើពហិការ” ដែលមានន័យស្មើនឹង “ត្រីកប់ត្រឡប់ជាត្រីអាំង” នេះឯង។

ដោយឡែក “សម្លក្នុងឆ្នាំង រកវែកដួសគ្មាន” សំដៅដល់ការអំពាវនាវរបស់លោកសម រង្ស៊ី ឱ្យអ្នកគាំទ្រគាត់ “ធ្វើពហិការ” ហ្នឹងឯង ឬថា “វែកសម្លមានតែ២” កាលពីអាណត្តិមុន គឺ “វែក ជភភ និងវែក ជណភ្រ” ប៉ុន្តែអកុសលអ្វី “វែក CNRP បាក់ដង ប្រើមិនកើត” នៅសល់តែវែក CPP ១ ត្រូវប្រើដួសសម្លផង ដួសបាយផង មិនឈ្នះមាត់ភ្ញៀវដែលចូលមកហូប។ លុះដល់ពេលដួសសម្ល ដួសបាយ ចុងភៅក៏ប្រើកូនចៅឱ្យរត់ទៅទិញវែកពីផ្សារ មកជំនួសវែកបាក់ដងនោះ ស្រាប់តែបានវែកដល់ទៅ១៩តូចៗ ពិបាកប្រើ យ៉ាប់ឯមេចុងភៅនោះ “ប្រើវែក CPP” តែមួយដដែល។

ដូច្នេះរឿង “ត្រីកប់ ត្រឡប់ជាត្រីអាំង សម្លក្នុងឆ្នាំង រកវែកដួសគ្មាន” នេះ កំពុងកើតឡើងហើយ បានន័យថា ពួកប្រឆាំងដែលព្យាយាមផ្សំគ្រឿង ធ្វើត្រីកប់ បង្កើតបានជាគណបក្សប្រឆាំងធំជាងគេ លុះអាំងឆ្អិន បានកៅអីមេឃុំ ចៅសង្កាត់ តំណាងរាស្ត្រ ប្រកៀកប្រកិតបក្សកាន់អំណាច បែរជារបូតកៅអីទៅវិញអស់នោះ ច្បាស់ជាមួម៉ៅក្តៅក្រហាយ រកគ្រប់មធ្យោបាយ “សងសឹកមិនខានឡើយ”។ ទោះជាត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដកសិទ្ធិធ្វើនយោបាយក្តី ក៏លោកសម រង្ស៊ី និងសហការី ១១៨នាក់នោះ កើតទុក្ខមិនខុសចិត្ត ចង់បាន “ត្រីអាំង” មកវិញ ដោយសារតែត្រីអាំងនោះ ចាប់ប្រភព ពី “ត្រីកប់”។ ការបំផុសបាតុកម្មនៅក្រៅប្រទេស មិនឈប់ឈរនោះ គឺជាចេតនាទាមទារត្រីអាំងនេះឯង ប៉ុន្តែដូចជាពិបាកទារមកវិញណាស់ ព្រោះត្រីអាំងនោះ “គេចែកគ្នាក្លែម” អស់ទៅហើយ ក្រែងតែអាណត្តិក្រោយ ឬបក្សកាន់អំណាច សន្តោសប្រណី ធ្វើសម្បទាន ទើបមានសង្ឃឹមខ្លះ។ បាតុកម្មនៅអាមេរិក កូរ៉េខាងត្បូង និងនៅជប៉ុន ទាមទារឱ្យជប៉ុន ផ្តាច់ជំនួយពី គ.ជ.ប នោះ ដូចជាសង្ឃឹមតិចណាស់ ព្រោះ “បងយីពុន” ដែលចាស់ៗជំនាន់បារាំងធ្លាប់ហៅនោះ “ឆ្លាតជាងចិន” ទៅទៀត។ ជប៉ុន ចង់ប្រជែងជាមួយចិន និងការពារវិនិយោគិនរបស់គាត់ ម្តេចឡើយនឹងហ៊ានផ្តាច់ជំនួយដល់ គ.ជ.ប? ម៉្លោះហើយ “ចង់ មិនចង់” ក៏ត្រូវតែធ្វើមិនដឹងមិនឮរឿងបាតុកម្ម។

បើអ៊ីចឹងនោះ ពួកប្រឆាំង ពិបាកទាមទារ “ត្រីអាំង” មកវិញណាស់ ឯរឿង “វែក CNRP បាក់ដង” នោះ ក៏មិនប្រាកដថា “មិនអាចដួសសម្លបាននោះទេ” គេអាចរកខ្សែចងតដងវែក ប្រើការបណ្តោះអាសន្នបានដែរតើ! ចំណុចនេះគួរយល់ថា ប្រជាពលរដ្ឋនៅស្រុកស្រែចម្ការ ដែលធ្លាប់គាំទ្របក្សប្រឆាំង គាត់ខ្លាចអាជ្ញាធរមូលដ្ឋានរករឿងដោយប្រការណាមួយ ដូចជាការធ្វើសំបុត្រស្នាមអី មេភូមិ មេឃុំខាង CPP មិនស៊ីញ៉េឱ្យ ច្បាស់ជាចប់ហើយ។ ដូច្នេះចង់មិនចង់ ក៏ពួកគាត់ត្រូវតែទៅបោះឆ្នោតឱ្យឃើញស្នាមប្រឡាក់ម្រាមដៃសិន មិនខុសពី “តដងវែកដែលបាក់” សម្រាប់ដួសសម្ល។

ទោះយ៉ាងណា ក៏អ្នកតាមដាននយោបាយមួយចំនួន ទស្សន៍ទាយថា ខ្មោច CNRP ឬ “វែកបាក់ដង” ឬ “ត្រីកប់ ក្លាយជាត្រីអាំង” នោះ មិននៅតែរបៀបហ្នឹងរហូតទេ។ អ្នកវិភាគហ៊ានទាយទុកជាមុនថា កាលណា CPP ឈ្នះឆ្នោត បាន បន្តកាន់អំណាច ជាពិសេស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបំណងនោះ ច្បាស់ជា “ប្រោះព្រំទឹកមន្ត ឱ្យខ្មោចនោះរស់វិញមិនខាន”។ បើមិនប្រស់ឱ្យរស់ ឬមិនចែកត្រីអាំងឱ្យពួកប្រឆាំងហូបខ្លះ អាចនឹងរងគំនាបអន្តរជាតិ ម៉្លោះហើយ ចាំបាច់ត្រូវតែប្តូរយុទ្ធសាស្ត្រយក “ព្រហ្មវិហារធម៌” មកប្រើវិញ។ គួរយល់ថា យុទ្ធសាស្ត្រឈ្នះ-ឈ្នះ មាន៤យ៉ាង គឺ “១-ការផ្សះផ្សា ២-ការចែករំលែកអំណាច ៣-ការញុះញង់បំបែក ៤-ការផ្តន្ទាទោស”។ យុទ្ធសាស្ត្រទាំង៤នេះ ឃើញថា CPP បានធ្វើមានប្រសិទ្ធភាពណាស់ ដូច្នេះកាលបើបញ្ចប់យុទ្ធសាស្ត្រទី៣ និងទី៤ ចាំបាច់ត្រូវតែយកយុទ្ធសាស្ត្រទី១ និងទី២ មកប្រើ។ ថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា “ផ្តាំទៅអ្នកនយោបាយថ្មីៗ បច្ចុប្បន្ននេះថា កុំលេងជាមួយជើងចាស់មួយនេះ ដែលជាអ្នករៀបចំយុទ្ធសាស្ត្រ សម្រាប់កម្ពុជា ដើរ៤១ឆ្នាំកន្លងមក” បើនាយករដ្ឋមន្ត្រី ថ្លែងយ៉ាងនេះទៅហើយ យុទ្ធសាស្ត្រដែលត្រូវរៀបចំនោះ ចៀសមិនផុតពី “យុទ្ធសាស្ត្រឈ្នះ-ឈ្នះ ៤យ៉ាង” ដូចលើកឡើងខាងលើ។ អ៊ីចឹង “ត្រីកប់ត្រឡប់ជាត្រីអាំង សម្លក្នុងឆ្នាំង រកវែកដួសគ្មាន” អាចនឹងមានការប្រែប្រួល បន្ទាប់ពីបោះឆ្នោតរួចរាល់។

សរុបទៅ សុភាសិតដ៏មានតម្លៃថា “ត្រីកប់ត្រឡប់ជាត្រីអាំង សម្លក្នុងឆ្នាំង រកវែកដួសគ្មាន” គឺកំពុងដើរស្របនឹង កាលៈទេសៈបច្ចុប្បន្ន ប៉ុន្តែអនាគតមិននៅរបៀបនេះទេ។ គ្មានអ្នកដឹកនាំប្រទេសណា ចង់ឱ្យជាតិបែកបាក់នោះទេ ចាំបាច់ ត្រូវតែស្វែងរកការផ្សះផ្សាឯកភាពជាតិ ប៉ុន្តែមុននឹងឯកភាព ផ្សះផ្សា គេប្រើយុទ្ធសាស្ត្រ “ស៊ីត្រីអាំង ឬកាច់វែកបំបាក់ ដងសិន” ដែលជាបរិបទ សម្រាប់ពួកប្រឆាំងពិចារណា…៕

RELATED ARTICLES