ខេត្តកណ្តាល ៖ បុរសមួយក្រុមបានជួបជុំគ្នាផឹកស្រាថ្នាំក្លែមសាច់ឆ្កែយ៉ាងសប្បាយក្អាកក្អាយ លុះក្លែមប៉ះចំសាច់ឆ្កែកាច ក៏ធ្វើឱ្យបុរស២នាក់ ក្នុងចំណោមនោះ ផ្ទុះចរិតឃោរឃៅ ទាញកាំបិតប៉័ងតោកាប់ប្រហារមិត្តភក្តិក្នុងវង់ផឹកម្នាក់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់មកជនដៃដល់ជាឃាតករបានបោះកាំបិតចោលរត់គេចខ្លួនបាត់ស្រមោល ចំណែកគូកនម្នាក់ទៀត ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំទៅសាកសួរ។
ករណីឃាតកម្មដ៏ឃោរឃៅ ផឹកស្រាក្លែមសាច់ឆ្កែកាច ធ្វើឱ្យមានចរិតឃោរឃៅ លើកដៃសម្លាប់មិត្តភក្តិដោយគ្មានអាសូរនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៤៥នាទីព្រលប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង។
បុរសរងគ្រោះដែលត្រូវជនដៃដល់ជាឃាតករ កាប់បណ្តាលឱ្យស្លាប់ មានឈ្មោះហ៊ ផានិត ហៅង៉ូវ អាយុ២៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង។ ចំណែកជនដៃដល់ជាឃាតករ មានឈ្មោះអ៊ូច រី ហៅចូញ អាយុ២៦ឆ្នាំ មុខរបរជាងថតរូប មានលំនៅក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង។ ដោយឡែកគូកនជនជាឃាតករម្នាក់ទៀត ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស្រេង លីដា អាយុ២៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះឆាន់ ជរ័ ភេទប្រុស, ឈ្មោះរុំ តុលា ភេទប្រុស, ឈ្មោះហ៊ ផានិត ហៅង៉ូវ (ជនរងគ្រោះ) និងឈ្មោះស្រេង លីដា (ជនសង្ស័យ) អ្នកទាំង៤ មានលំនៅភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ជាមួយគ្នា បានជួបជុំគ្នាផឹកស្រាថ្នាំក្លែមសាច់ឆ្កែ នៅផ្លូវកែងភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង។
ប្រភពដដែលបន្តថា ក្រោយពីផឹកស្រាអស់ប្រមាណជាង១លីត្រ រួចមក ឈ្មោះរុំ តុលា បានទូរស័ព្ទទៅហៅឈ្មោះអ៊ូច រី ហៅចូញ (ជនដៃដល់ជាឃាតករ) មកផឹកជាមួយ។ លុះបន្ទាប់ពីផឹកស្រាអស់ជាង៣លីត្រ ពួកគេទាំង៥នាក់ ក៏បបួលគ្នាចេញទៅច្រៀងខារ៉ាអូខេ នៅឃុំត្រើយស្លា ប៉ុន្តែមុននឹងចេញទៅ អ្នកទាំង៥បាននាំគ្នាជិះម៉ូតូទៅផ្ទះរបស់ឈ្មោះអ៊ូច រី ហៅចូញ (ឃាតករ) ហើយរង់ចាំឈ្មោះអូច រី ហៅចូញ ចូលទៅងូតទឹក។ បន្ទាប់មកឈ្មោះឆាន់ ជរ័ និងឈ្មោះរុំ តុលា បានជិះម៉ូតូចេញទៅមុនបាត់អស់ នៅសល់តែជនរងគ្រោះ រួមនឹងជនសង្ស័យ២នាក់ប៉ុណ្ណោះ។ ស្រាប់តែក្រោយមក ក៏កើតមានការផ្អើលឆោឡោថា ជនរងគ្រោះត្រូវគេកាប់ស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោឡើងពេញភូមិ និងត្រូវបានកម្លាំងជំនាញចុះមកជួយអន្តរាគមន៍ភ្លាមៗ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះស្រេង លីដា នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្អាង ព្រមទាំងដកហូតបានវត្ថុតាង កាំបិតប៉័ងតោ ដងឈើផ្លែដែកប្រវែង២០សង់ទីម៉ែត្រ ចំនួន១ដើមផងដែរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះស្រេង លីដា បានឆ្លើយសារភាពថា តាមពិតរូបគេមិនមែនជាអ្នកសម្លាប់ជនរងគ្រោះទេ តែឃាតករពិតប្រាកដ គឺឈ្មោះអ៊ូច រី ហៅចូញ ពេលនេះបានរត់គេចខ្លួនបាត់ទៅេហើយ។
ជនសង្ស័យឈ្មោះស្រេង លីដា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគេ៤នាក់មានជនរងគ្រោះផង បានផឹកស្រាថ្នាំក្លែមសាច់ឆ្កែយ៉ាងសប្បាយ ក្រោយមកក៏មានមិត្តភក្តិម្នាក់ទៀត ឈ្មោះអ៊ូច រី ហៅចូញ (ជនដៃដល់ជាឃាតករ) មកផឹកជាមួយ។ លុះផឹកស្រវឹងក៏បបួលគ្នាទៅច្រៀងខារ៉ាអូខេ តែមុននឹងទៅ ជនដៃដល់បានឈៀងចូលផ្ទះសិន ដើម្បីងូតទឹកប្តូរខោអាវ។ បន្ទាប់មក មិត្តភក្តិ២នាក់ទៀត បានជិះម៉ូតូចេញទៅមុន នៅសល់តែរូបគេជនរងគ្រោះ និងជនដៃដល់ប៉ុណ្ណោះ ដែលចាំជិះម៉ូតូដឹកគ្នាទៅតាមក្រោយ។ លុះក្រោយមកទៀត រូបគេបានដើរចេញទៅនោមក្រោយផ្ទះ ស្រាប់តែពេលចូលមកវិញ ក៏ឃើញឈ្មោះហ៊ ផានិត ហៅង៉ូវ ដេកលើឥដ្ឋមានឈាម ហើយឃើញឈ្មោះអ៊ូច រី ហៅចូញ កាន់កាំបិតប៉័ងតោជាប់នឹងដៃ ភ្លាមនោះ រូបគេបានចូលទៅចាប់ឱបចង្កេះឈ្មោះអ៊ូច រី កុំឱ្យកាប់ជនរងគ្រោះថែមទៀត។ តែឈ្មោះអ៊ូច រី បានស្រែកថា លែងអញ អញកាប់វាថែមទៀត។ ទីបំផុត ក្រោយពេលកាប់ប្រហារជនរងគ្រោះស្លាប់ហើយ ជនដៃដល់ជាឃាតករក៏បានទម្លាក់កាំបិតប៉័ងតោចោល រួចក៏ឡើងជិះម៉ូតូគេចចេញទៅបាត់តែម្តង។
ជនសង្ស័យបានបញ្ជាក់ថា ក្រោយពីប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លកឈាមបែបនេះ រូបគេបានរត់ទៅតាមហៅបងប្អូនរបស់ជនរងគ្រោះឱ្យមកមើល ហើយក៏ត្រឡប់មកកន្លែងកើតហេតុវិញ ទើបសមត្ថកិច្ចហៅមកសាកសួរតែម្តង។
ជុំវិញករណីឃាតកម្មដ៏សាហាវឃោរឃៅនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស៊ើបអង្កេត និងសាកសួរជនសង្ស័យឈ្មោះស្រេង លីដា បន្ថែមទៀត ដើម្បីឈានដល់ការបញ្ជាក់បង្ហាញការពិត និងដើម្បីស្វែងរកចាប់ខ្លួនដៃដល់ជាឃាតករយកមកផ្តន្ទាទោសតាមច្បាប់។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕