ខេត្តបាត់ដំបង ៖ ដូនជីវ័យចំណាស់ម្នាក់ ព្រោះតែតូចចិត្តនឹងជំងឺប្រចាំកាយព្យាបាលមិនជា ក៏ដាច់ចិត្តគិតខ្លី បិទទ្វារអាស្រមរួចខ្ទាស់គន្លឹះពីខាងក្នុងជាប់ បន្ទាប់មកក៏ទាញកាំបិតមកអារកសម្លាប់ខ្លួន បណ្តាលឱ្យដេកដួលស្លាប់ក្នុងថ្លុកឈាមគួរឱ្យសង្វេគ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចលើខ្នងភ្នំអណ្តើក ក្នុងភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់។
ដូនជីវ័យចំណាស់ដែលអារកសម្លាប់ខ្លួន ព្រោះតែតូចចិត្តនឹងជំងឺប្រចាំកាយព្យាបាលមិនជា មានឈ្មោះតុក ញ៉ អាយុ៦៥ឆ្នាំ មានស្រុកកំណើត នៅខេត្តកណ្តាល សព្វថ្ងៃបួសជាដូនជី ស្នាក់នៅក្នុងអាស្រមលើខ្នងភ្នំអណ្តើត ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅត្រួតពិនិត្យ រួចបញ្ជាក់ថា ដូនជីរងគ្រោះខាងលើ ពិតជាបានអារកខ្លួនឯងធ្វើអត្តឃាតមែន មូលហេតុបណ្តាលមកពីដូនជីរងគ្រោះតូចចិត្តនឹងកើតមានជំងឺរបេងប្រចាំកាយរាប់ឆ្នាំមកហើយ។
សាកសពដូនជីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតឯខេត្តតាកែវ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕