ភ្នំពេញ ៖ បុរសម្នាក់ជាសន្តិសុខយាមនៅសណ្ឋាគារជីជីភី ត្រូវបានជនសង្ស័យម្នាក់ធ្វើសកម្មភាពចូលលួចទូរស័ព្ទ និងអាកូម ហើយគេចខ្លួនបាត់ ខណៈដែលទៅយាម តែដេកលក់មួយភាំង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង1រំលងអធ្រាត្រ ឈានចូលថ្ងៃទី29 ខែមិថុនា ឆ្នាំ2018 នៅចំណុចសណ្ឋាគារជីជីភី តាមបណ្តោយផ្លូវ310 ស្ថិតក្នុងសង្កាត់បឹកកេងកងទី2 ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះអ៊ូ ម៉ា ភេទប្រុស អាយុ 38ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅសង្កាត់ចោមចៅ3 ខណ្ឌពោធិ៍សែនជ័យ។ សម្ភារៈដែលបាត់នោះ មានទូរស័ព្ទដៃម៉ាក Huawei មួយគ្រឿង និងអាយកូម មួយគ្រឿង។
ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានដាក់ទូរស័ព្ទសាកថ្ម ចំណែកអាយកូម បានទុកនៅជិតគ្នាផងដែរ ហើយក៏បានសម្រាកមួយភាំង ព្រោះងងុយដេកណាស់ទ្រាំមិនបាន ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូ វីវ៉ាកញ្ចាស់មួយគ្រឿង មកធ្វើសកម្មភាពលួចទូរស័ព្ទ និងអាយកូម ភ្លាមនោះរូបគាត់ក៏ភ្ញាក់ដឹងខ្លួនទាន់ដែរ តែត្រូវបានជនសង្ស័យយកកាំបិតមកភ្ជង់គំរាមគាត់មិនឱ្យចូលក្បែរ និងដោយសាររូបគាត់តែម្នាក់ឯង ទើបមិនហ៊ានតតាំងជាមួយជនសង្ស័យ ខ្លាចត្រូវមួយួកាំបិតធ្លាយពោះស្លាប់ ទើបជនសង្ស័យមានឱកាសរត់គេចខ្លួនបាត់។
ក្រោយពលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ សួរនាំហើយបានត្រឹមឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងតែប៉ុណ្ណោះ ដើម្បីធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យនាំមកចាត់ការតាមផ្លូវច្បាប់់ តែមានសង្ឃឹមតិចណាស់ ព្រោះចោរពេញទីក្រុងភ្នំពេញ ច្រើនណាស់ ធ្វើសកម្មភាពលួចឆក់ប្លន់ទាំងយប់ទាំងថ្ងៃ តែប៉ូលិសបានត្រឹមទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះតែប៉ុណ្ណោះ យូរៗទើបចាប់បានចោរម្នាក់៕