ភ្នំពេញ ៖ នារីជាអ្នកបម្រើការខារ៉ាអូខេម្នាក់ ត្រូវបានក្រុមចោរធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច រួចបន្ថែមល្បឿនជិះរត់គេចខ្លួនបាត់ស្រមោល ខណៈដែលនារីរងគ្រោះដើរចេញពីធ្វើការ បំណងទៅផ្ទះមិត្តភក្តិ បណ្តាលឱ្យរងរបួសក្បាលជង្គង់។ ហេតុការណ៍ចោរកម្មនេះ កើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងក្រោយខារ៉ាអូខេញុូវស្តារ តាមបណ្តោយផ្លូវ១០B ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នារីរងគ្រោះដែលចោរឆក់យកកាបូប មានឈ្មោះចេង ចិន្តា អាយុ២១ឆ្នាំ ជាបុគ្គលិកបម្រើការនៅខារ៉ាអូខេញុូវស្តារស្នាក់នៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក មានស្រុកកំណើតនៅខេត្តសៀមរាប។
នារីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ នាងបានធ្វើដំណើរដោយថ្មើរជើងតែម្នាក់ឯង តាមបណ្តោយផ្លូវ១០B ក្នុងទិសដៅពីកើតទៅលិច ព្រោះទើបចេញមកពីកន្លែង ធ្វើការបំណងដើរទៅផ្ទះរបស់មិត្តភក្តិ ដែលនៅក្បែរកន្លែងកើតហេតុ។ លុះមកដល់ចំណុចកើតហេតុ មិនចាប់អារម្មណ៍ ស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ មកពីក្រោយ រួចក៏បានធ្វើសកម្មភាពឆក់កាបូបស្ពាយដែលនាងស្ពាយនៅនឹងស្មាបានសម្រេច បណ្តាលឱ្យនារីដួលរងរបួសរលាត់ដៃ រលាត់ជើង ចំណែកក្រុមចោរបានបន្ថែមល្បឿន ជិះរត់គេចខ្លួនបានស្រមោលដោយសុវត្ថិភាព។
នារីរងគ្រោះបញ្ជាក់ថា នៅក្នុងកាបូបរបស់នាងដែលត្រូវក្រុមចោរធ្វើសកម្មភាពឆក់យកទៅនេះ មានលុយចំនួន២៥០ដុល្លារ ទូរស័ព្ទដៃ និងរបស់របរមួយចំនួនទៀត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកអន្តរាគមន៍ធ្វើកំណត់ហេតុ ហើយនារីរងគ្រោះត្រូវបានមិត្តភក្តិដឹកតាមម៉ូតូកង់បីទៅផ្ទះ រង់ចាំព្រឹកស្អែក បានទៅដាក់ពាក្យបណ្តឹងតាមក្រោយ ស្វែងរកជនសង្ស័យចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់៕